ម៉ាថាយ 7:1-7
ម៉ាថាយ 7:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កុំថ្កោលទោសគេ ដើម្បីកុំឲ្យព្រះថ្កោលទោសអ្នក ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។ ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? ឬម្តេចក៏អ្នកនិយាយទៅបងប្អូនថា "ចូរឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកអ្នក" តែមានធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? មនុស្សមានពុតអើយ ចូរយកធ្នឹមចេញពីភ្នែករបស់ខ្លួនជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ល្មមនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន។ កុំឲ្យអ្វីដែលបរិសុទ្ធទៅឆ្កែ ក៏កុំបោះកែវមុក្តារបស់អ្នកនៅមុខជ្រូក ក្រែងលោវាជាន់ឈ្លី ហើយត្រឡប់មកខាំត្របាក់អ្នក»។ «ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
ម៉ាថាយ 7:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កុំថ្កោលទោសអ្នកដទៃឲ្យសោះ ដើម្បីកុំឲ្យព្រះជាម្ចាស់ថ្កោលទោសអ្នករាល់គ្នា បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកបងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ? បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្ដេចក៏អ្នកនិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីចេញពីភ្នែកអ្នក!” មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។ កុំយកអ្វីៗដែលជារបស់វិសុទ្ធ* ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។ «ចូរសុំ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន
ម៉ាថាយ 7:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង ហេតុអ្វីបានជាអ្នកមើលឃើញកំទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ ឬធ្វើដូចម្តេចឲ្យអ្នកនិយាយនឹងបងប្អូនថា ចូរឲ្យអញយកកំទេចពីភ្នែកឯងចេញ តែមើល មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ អ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ។ កុំឲ្យរបស់បរិសុទ្ធដល់ឆ្កែ ឬបោះកែវមុក្តារបស់ខ្លួន នៅមុខជ្រូកឡើយ ក្រែងវាជាន់ឈ្លី រួចត្រឡប់ស្ទុះមកខ្វេះអ្នកវិញ ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក