ម៉ាថាយ 7:1-29
ម៉ាថាយ 7:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កុំថ្កោលទោសគេ ដើម្បីកុំឲ្យព្រះថ្កោលទោសអ្នក ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។ ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? ឬម្តេចក៏អ្នកនិយាយទៅបងប្អូនថា "ចូរឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកអ្នក" តែមានធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? មនុស្សមានពុតអើយ ចូរយកធ្នឹមចេញពីភ្នែករបស់ខ្លួនជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ល្មមនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន។ កុំឲ្យអ្វីដែលបរិសុទ្ធទៅឆ្កែ ក៏កុំបោះកែវមុក្តារបស់អ្នកនៅមុខជ្រូក ក្រែងលោវាជាន់ឈ្លី ហើយត្រឡប់មកខាំត្របាក់អ្នក»។ «ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។ ដ្បិតអស់អ្នកណាដែលសូម នោះនឹងបានទទួល អ្នកណាដែលរក នោះនឹងបានឃើញ ក៏នឹងបើកឲ្យអ្នកណាដែលគោះដែរ។ ក្នុងចំណោមអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មទៅកូន? ឬបើកូនសូមត្រី តើនឹងឲ្យពស់ទៅកូនឬ? ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!» «ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។ ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។ «ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ។ តើគេប្រមូលផលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមដំបងយក្សឬ? ដូចេ្នះ អស់ទាំងដើមឈើល្អ តែងផ្តល់ផ្លែល្អ រីឯដើមឈើអាក្រក់ ក៏តែងផ្តល់ផ្លែអាក្រក់ដែរ។ ដើមឈើល្អមិនអាចផ្តល់ផ្លែអាក្រក់បានទេ ហើយដើមឈើអាក្រក់ ក៏មិនអាចផ្តល់ផ្លែល្អបានដែរ អស់ទាំងដើមឈើណាដែលមិនផ្តល់ផ្លែល្អ ត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ»។ «មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?" ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។ «ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរលំឡើយ ព្រោះផ្ទះនោះបានចាក់គ្រឹះនៅលើថ្ម។ រីឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សល្ងង់ខ្លៅ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់។ ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះទង្គិចនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាខ្លាំង»។ កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ មហាជនក៏នឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិតទ្រង់បង្រៀនគេប្រកបដោយអំណាច មិនដូចពួកអាចារ្យរបស់គេទេ។
ម៉ាថាយ 7:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កុំថ្កោលទោសអ្នកដទៃឲ្យសោះ ដើម្បីកុំឲ្យព្រះជាម្ចាស់ថ្កោលទោសអ្នករាល់គ្នា បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកបងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ? បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្ដេចក៏អ្នកនិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីចេញពីភ្នែកអ្នក!” មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។ កុំយកអ្វីៗដែលជារបស់វិសុទ្ធ* ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។ «ចូរសុំ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន ដ្បិតអ្នកណាសុំ អ្នកនោះតែងតែទទួល អ្នកណាស្វែងរក អ្នកនោះតែងតែឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំប៉័ង មិនដែលមាននរណាយកដុំថ្មឲ្យវាឡើយ ហើយបើកូនសុំត្រី ក៏មិនដែលមាននរណាយកពស់អសិរពិសឲ្យវាដែរ។ សូម្បីតែអ្នករាល់គ្នា ដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ* តើព្រះអង្គនឹងប្រទានអ្វីៗដ៏ល្អៗឲ្យអស់អ្នកដែលទូលសូមពីព្រះអង្គ យ៉ាងណាទៅទៀត!»។ «ដូច្នេះ បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ គម្ពីរវិន័យ និងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។ ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្ដីវិនាសអន្តរាយធំណាស់ ហើយផ្លូវទៅរកសេចក្ដីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។ រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀត ហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។ «ចូរប្រយ័ត្ននឹងពួកព្យាការី*ក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្តសាហាវដូចចចក។ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត។ ពុំដែលមាននរណាបេះផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*ពីគុម្ពបន្លាឡើយ។ ដើមឈើល្អតែងផ្ដល់ផ្លែល្អ រីឯដើមឈើអាក្រក់តែងផ្ដល់ផ្លែអាក្រក់។ ដើមឈើល្អមិនអាចផ្ដល់ផ្លែអាក្រក់ទេ រីឯដើមឈើអាក្រក់ក៏មិនអាចផ្ដល់ផ្លែល្អបានដែរ។ ដើមឈើណាមិនផ្ដល់ផ្លែល្អ គេនឹងកាប់យកទៅដុត។ រីឯពួកព្យាការីក្លែងក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត»។ «អ្នកដែលចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ* មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!”ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខនោះវិញ។ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា “ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ យើងខ្ញុំធ្លាប់ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយយើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គដែរ”។ ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!” »។ «អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ រីឯអ្នកដែលស្ដាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឆោតល្ងង់ម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់ ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ មហាជនងឿងឆ្ងល់យ៉ាងខ្លាំងអំពីសេចក្ដីដែលព្រះអង្គប្រៀនប្រដៅ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ*របស់ពួកគេ។
ម៉ាថាយ 7:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង ហេតុអ្វីបានជាអ្នកមើលឃើញកំទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ ឬធ្វើដូចម្តេចឲ្យអ្នកនិយាយនឹងបងប្អូនថា ចូរឲ្យអញយកកំទេចពីភ្នែកឯងចេញ តែមើល មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ អ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ។ កុំឲ្យរបស់បរិសុទ្ធដល់ឆ្កែ ឬបោះកែវមុក្តារបស់ខ្លួន នៅមុខជ្រូកឡើយ ក្រែងវាជាន់ឈ្លី រួចត្រឡប់ស្ទុះមកខ្វេះអ្នកវិញ ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រិត្យវិន័យ ហើយជាសេចក្ដីទំនាយរបស់ពួកហោរា។ ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្ដីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ។ ចូរប្រយ័តនឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត តើដែលបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដំបងយក្សឬទេ ដូច្នេះ អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ ធម្មតាដើមឈើល្អ មិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចនឹងបញ្ចេញផលល្អបានដែរ អស់ទាំងដើមឈើណា ដែលមិនកើតផលផ្លែល្អ នោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ។ ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត ដែលសង់ផ្ទះខ្លួននៅលើថ្ម រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាធំ។ កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះបណ្តាមនុស្សក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀន ពីព្រោះទ្រង់បង្រៀន ដូចជាមានអំណាច មិនមែនដូចពួកអាចារ្យរបស់គេទេ។
