ម៉ាថាយ 6:9-15
ម៉ាថាយ 6:9-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។] ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះអំពើរំលង ដែលមនុស្សបានប្រព្រឹត្តនឹងអ្នក ព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះវរបិតារបស់អ្នក ទ្រង់ក៏នឹងមិនអត់ទោស ចំពោះអំពើរំលងឲ្យអ្នករាល់គ្នាដែរ»។
ម៉ាថាយ 6:9-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ: ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ*អើយ! សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ឲ្យមនុស្សលោកស្គាល់* សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសឲ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឲ្យ អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយឲ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារ*កំណាច [ដ្បិតព្រះអង្គគ្រងរាជ្យ ព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។] បើអ្នករាល់គ្នាអត់ទោសឲ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ* ក៏អត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នាក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ»។
ម៉ាថាយ 6:9-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ ដ្បិតរាជ្យ ព្រះចេស្តា នឹងសិរីល្អជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ។