ម៉ាថាយ 6:5-18
ម៉ាថាយ 6:5-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កាលណាអ្នករាល់គ្នាអធិស្ឋាន* កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ* និងនៅត្រង់ថ្នល់កែង ដើម្បីឲ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកអធិស្ឋានត្រូវ ចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ព្រះអង្គនឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ: ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ*អើយ! សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ឲ្យមនុស្សលោកស្គាល់* សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសឲ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឲ្យ អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយឲ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារ*កំណាច [ដ្បិតព្រះអង្គគ្រងរាជ្យ ព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។] បើអ្នករាល់គ្នាអត់ទោសឲ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ* ក៏អត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នាក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ»។ «កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឲ្យអ្នកដទៃឃើញថាខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង កុំឲ្យមនុស្សម្នាឃើញថាអ្នកតមឡើយ គឺឲ្យតែព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ ពេលនោះ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។
ម៉ាថាយ 6:5-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ពេលណាអ្នកអធិស្ឋាន ចូរកុំធ្វើដូចមនុស្សមានពុត ដែលគេចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងនៅជ្រុងផ្លូវ ដើម្បីឲ្យគេមើលឃើញនោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ ប៉ុន្តែ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយអធិស្ឋានដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងចុះ នោះព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]។ ពេលអ្នកអធិស្ឋាន ចូរកុំពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះរបស់គេនឹងស្តាប់គេ ព្រោះគេពោលពាក្យជាច្រើន។ កុំធ្វើដូចគេឡើយ ដ្បិតព្រះវរបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។ ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។] ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះអំពើរំលង ដែលមនុស្សបានប្រព្រឹត្តនឹងអ្នក ព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះវរបិតារបស់អ្នក ទ្រង់ក៏នឹងមិនអត់ទោស ចំពោះអំពើរំលងឲ្យអ្នករាល់គ្នាដែរ»។ «ពេលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀម ដូចមនុស្សមានពុតឡើយ ដ្បិតគេធ្វើទឹកមុខស្រងូត ដើម្បីបង្ហាញឲ្យមនុស្សឃើញថាខ្លួនតមអាហារ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ ពេលតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខចេញ ដើម្បីកុំឲ្យមនុស្សឃើញថា អ្នកតមអាហារ គឺឲ្យព្រះវរបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងទតឃើញវិញ ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។
ម៉ាថាយ 6:5-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កាលណាអ្នករាល់គ្នាអធិស្ឋាន* កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ* និងនៅត្រង់ថ្នល់កែង ដើម្បីឲ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកអធិស្ឋានត្រូវ ចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ព្រះអង្គនឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ: ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ*អើយ! សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ឲ្យមនុស្សលោកស្គាល់* សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសឲ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឲ្យ អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយឲ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារ*កំណាច [ដ្បិតព្រះអង្គគ្រងរាជ្យ ព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។] បើអ្នករាល់គ្នាអត់ទោសឲ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ* ក៏អត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នាក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ»។ «កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឲ្យអ្នកដទៃឃើញថាខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង កុំឲ្យមនុស្សម្នាឃើញថាអ្នកតមឡើយ គឺឲ្យតែព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ ពេលនោះ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។
ម៉ាថាយ 6:5-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាអ្នកអធិស្ឋាន កុំឲ្យធ្វើដូចមនុស្សមានពុត ដែលចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ ហើយនៅជ្រុងផ្លូវ ឲ្យមនុស្សលោកឃើញនោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់ ហើយកាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយ ដ្បិតព្រះវរបិតានៃអ្នក ទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ ដ្បិតរាជ្យ ព្រះចេស្តា នឹងសិរីល្អជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ។ កាលណាអ្នករាល់គ្នាតមអាហារ នោះកុំឲ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុតឡើយ ដ្បិតគេក្លែងទឹកមុខស្រងូត ឲ្យមនុស្សលោកឃើញថាគេតម ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ តែអ្នក កាលណាតម នោះចូរឲ្យលាបគ្រឿងក្រអូបនៅលើក្បាល ហើយលប់មុខចេញ ដើម្បីកុំឲ្យមនុស្សលោកឃើញថា អ្នកតមឡើយ គឺឲ្យព្រះវរបិតានៃអ្នក ដែលគង់នៅទីលាក់កំបាំង បានឃើញវិញ នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញនៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក នៅទីប្រចក្សច្បាស់។