ម៉ាថាយ 6:27-31
ម៉ាថាយ 6:27-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់អាចនឹងបន្ថែមអាយុរបស់ខ្លួនមួយម៉ោង ដោយសារសេចក្តីខ្វល់ខ្វាយបានឬ? ហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយនឹងសម្លៀកបំពាក់? ចូរពិចារណាមើលពីផ្កាដែលដុះនៅទីវាល វាដុះឡើងយ៉ាងណា វាមិនធ្វើការនឿយហត់ ឬស្រាវរវៃទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន ក្នុងគ្រាដែលទ្រង់មានគ្រប់ទាំងសេចក្តីរុងរឿង ក៏មិនបានតែងកាយដូចជាផ្កាមួយទងនោះផង។ ឱមនុស្សមានជំនឿតិចអើយ ប្រសិនបើព្រះតុបតែងស្មៅនៅតាមទីវាល ដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះចូលទៅក្នុងជើងក្រានដូច្នេះទៅហើយ តើទ្រង់មិនតុបតែងអ្នករាល់គ្នា លើសជាងនេះអម្បាលម៉ានទៅទៀត? ដូច្នេះ កុំខ្វល់ខ្វាយថា តើយើងមានអ្វីបរិភោគ មានអ្វីផឹក ឬមានអ្វីស្លៀកពាក់នោះឡើយ
ម៉ាថាយ 6:27-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងដែរ សូម្បីតែបន្តិចក៏មិនបានផង។ ហេតុដូចម្ដេចបានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់? ចូរសង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬត្បាញរវៃឡើយ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលស្ដេចមានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ស្ដេចគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ហេតុនេះ កុំខ្វល់ខ្វាយដោយពោលថា “យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់”នោះឡើយ
ម៉ាថាយ 6:27-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ ហើយពីដំណើរសំលៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអី ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្ដីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គ ដូចជាផ្កា១នោះផង រីឯតិណជាតិ ដែលដុះនៅវាលក្នុងថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេដុតនៅជើងក្រាន បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី ដូច្នេះ កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ