ម៉ាថាយ 6:24-26
ម៉ាថាយ 6:24-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។ «ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬផឹកអ្វីនោះឡើយ ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះដែរ។ តើជីវិតមិនវិសេសជាងម្ហូបអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ? ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
ម៉ាថាយ 6:24-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតជាពុំខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងឡើយ»។ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សម្រាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ* ព្រះអង្គចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។
ម៉ាថាយ 6:24-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ នឹងទ្រព្យសម្បត្តិផងបានទេ ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះមិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី