ម៉ាថាយ 6:16-21

ម៉ាថាយ 6:16-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ពេល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម ដូច​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ធ្វើ​ទឹក​មុខ​ស្រងូត ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ ពេល​តម​អាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​ចេញ ដើម្បី​កុំ​ឲ្យ​មនុស្ស​ឃើញ​ថា អ្នក​តម​អាហារ គឺ​ឲ្យ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​វិញ ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។ «កុំ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​ឡើយ តែ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន‌សួគ៌ ជា​កន្លែង​ដែល​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ និង​ជា​កន្លែង​ដែល​គ្មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​វិញ ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​របស់​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:16-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ កាល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ទឹក​អប់​លើ​ក្បាល ហើយ​លុប​មុខ​ផង កុំ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា​អ្នក​តម​ឡើយ គឺ​ឲ្យ​តែ​ព្រះ‌បិតា​របស់​អ្នក ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​ប៉ុណ្ណោះ ពេល​នោះ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​មិន​ខាន»។ «កុំ​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កណ្ដៀរ និង​ច្រែះ​ស៊ី ជា​កន្លែង​ដែល​មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​នោះ​ឲ្យ​សោះ។ ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​នៅ​ស្ថាន​បរម‌សុខ*​វិញ ជា​ស្ថាន​ដែល​គ្មាន​កណ្ដៀរ និង​ច្រែះ​ស៊ី​ជា​ស្ថាន​ដែល​គ្មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​ឡើយ ដ្បិត​ទ្រព្យ​សម្បត្តិ​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:16-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ នោះ​កុំ​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ក្លែង​ទឹក​មុខ​ស្រងូត ឲ្យ​មនុស្ស​លោក​ឃើញ​ថា​គេ​តម ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ តែ​អ្នក កាល​ណា​តម នោះ​ចូរ​ឲ្យ​លាប​គ្រឿង​ក្រអូប​នៅ​លើ​ក្បាល ហើយ​លប់​មុខ​ចេញ ដើម្បី​កុំ​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​តម​ឡើយ គឺ​ឲ្យ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ទី​លាក់​កំបាំង បាន​ឃើញ​វិញ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​នៅ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក នៅ​ទី​ប្រចក្ស​ច្បាស់។ កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 6