ម៉ាថាយ 6:1-34

ម៉ាថាយ 6:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន នៅ​មុខ​មនុស្ស ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ ដ្បិត​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​គ្មាន​រង្វាន់​ពី​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌​ឡើយ។ ដូច្នេះ ពេល​ណា​អ្នក​ធ្វើ​ទាន ចូរ​កុំ​ផ្លុំ​ត្រែ​នៅ​ពី​មុខ​អ្នក ដូច​មនុស្ស​មាន​ពុត​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​សរសើរ​ខ្លួន​នោះ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ ប៉ុន្តែ ពេល​ណា​អ្នក​ធ្វើ​ទាន កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​របស់​អ្នក​ធ្វើ​ឡើយ ដើម្បី​ឲ្យ​ការ​ធ្វើ​ទាន​របស់​អ្នក​បាន​ស្ងាត់​កំបាំង ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។ «ពេល​ណា​អ្នក​អធិស្ឋាន ចូរ​កុំ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​គេ​ចូល​ចិត្ត​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​ជ្រុង​ផ្លូវ ដើម្បី​ឲ្យ​គេ​មើល​ឃើញ​នោះ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ ប៉ុន្តែ ពេល​ណា​អ្នក​អធិស្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ ហើយ​អធិស្ឋាន​ដល់​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ចុះ នោះ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]។ ពេល​អ្នក​អធិស្ឋាន ចូរ​កុំ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ‌របស់​គេ​នឹង​ស្តាប់​គេ ព្រោះ​គេ​ពោល​ពាក្យ​ជា​ច្រើន។ កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌អង្គ​ទៅ​ទៀត។ ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​ថា ឱ​ព្រះ‌វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​បរិសុទ្ធ សូម​ឲ្យ​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ។ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។ សូម​អត់​ទោស​កំហុស​របស់​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។ សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អា​កំណាច​វិញ [ដ្បិត​រាជ្យ ព្រះ‌ចេស្តា និង​សិរី​ល្អ​ជា​របស់​ព្រះ‌អង្គ នៅ​អស់‌កល្ប​ជានិច្ច។ អាម៉ែន។] ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​អំពើ​រំលង ដែល​មនុស្ស​បាន​ប្រព្រឹត្ត​នឹង​អ្នក ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​គេ​ទេ ព្រះ‌វរបិតា​របស់​អ្នក ទ្រង់​ក៏​នឹង​មិន​អត់​ទោស ចំពោះ​អំពើ​រំលង​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។ «ពេល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម ដូច​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ធ្វើ​ទឹក​មុខ​ស្រងូត ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ ពេល​តម​អាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​ចេញ ដើម្បី​កុំ​ឲ្យ​មនុស្ស​ឃើញ​ថា អ្នក​តម​អាហារ គឺ​ឲ្យ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​វិញ ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។ «កុំ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​ឡើយ តែ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន‌សួគ៌ ជា​កន្លែង​ដែល​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ និង​ជា​កន្លែង​ដែល​គ្មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​វិញ ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​របស់​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។ «ភ្នែក​ជា​ចង្កៀង​របស់​រូប‌កាយ ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ រូប‌កាយ​អ្នក​ទាំង​មូល​នឹង​មាន​ពេញ​ដោយ​ពន្លឺ តែ​បើ​ភ្នែក​អ្នក​មិន​ល្អ​វិញ រូប‌កាយ​អ្នក​ទាំង​មូល នឹង​មាន​ពេញ​ដោយ​សេចក្តី​ងងឹត។ ដូច្នេះ បើ​ពន្លឺ​នៅ​ក្នុង​អ្នក ជា​សេចក្តី​ងងឹត​ទៅ​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​សូន្យ​សុង​យ៉ាង​ណា​ទៅ!» «គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។ «ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​ផឹក​អ្វី​នោះ​ឡើយ ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ដែរ។ តើ​ជីវិត​មិន​វិសេស​ជាង​ម្ហូប​អាហារ ហើយ​រូប‌កាយ​មិន​វិសេស​ជាង​សម្លៀក‌បំពាក់​ទេ​ឬ? ចូរ​មើល​ទៅ​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ទុក​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ចុះ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ? ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់​អាច​នឹង​បន្ថែម​អាយុ​របស់​ខ្លួន​មួយ​ម៉ោង ដោយ​សារ​សេចក្តី​ខ្វល់‌ខ្វាយ​បាន​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់‌ខ្វាយ​នឹង​សម្លៀក‌បំពាក់? ចូរ​ពិចារណា​មើល​ពី​ផ្កា​ដែល​ដុះ​នៅ​ទី​វាល វា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ធ្វើ​ការ​នឿយ​ហត់ ឬ​ស្រាវ​រវៃ​ទេ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង ក៏​មិន​បាន​តែង​កាយ​ដូច​ជា​ផ្កា​មួយ​ទង​នោះ​ផង។ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ប្រសិន‌បើ​ព្រះ​តុប‌តែង​ស្មៅ​នៅ​តាម​ទី​វាល ដែល​ដុះ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​ជើង​ក្រាន​ដូច្នេះ​ទៅ​ហើយ តើ​ទ្រង់​មិន​តុប‌តែង​អ្នក​រាល់​គ្នា លើស​ជាង​នេះ​អម្បាល‌ម៉ាន​ទៅ​ទៀត? ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​ថា តើ​យើង​មាន​អ្វី​បរិ‌ភោគ មាន​អ្វី​ផឹក ឬ​មាន​អ្វី​ស្លៀក​ពាក់​នោះ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​តែ​របស់​អស់​ទាំង​នោះ ឯ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​អស់​ទាំង​នោះ​ដែរ។ ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​ថ្ងៃ​ស្អែក​នឹង​មាន​រឿង​ខ្វល់‌ខ្វាយ​របស់​ថ្ងៃ​នោះ។ រឿង​របស់​ថ្ងៃ​ណា ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ»។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«កុំ​ធ្វើ​បុណ្យ​ទាននៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ។ ធ្វើ​បែប​នេះ អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​រង្វាន់​អ្វី​ពី​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ទេ។ ពេល​ណា​អ្នក​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ កុំ​ស្រែក​ប្រកាស​ក្ដែងៗ​ដូច​ពួក​មាន​ពុត​តែង​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ* ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន មិន​បាច់​ឲ្យ​ដៃ​ឆ្វេង​ដឹង​ឡើយ ដើម្បី​ឲ្យ​ទាន​របស់​អ្នក​នៅ​ស្ងាត់​កំបាំង ហើយ​ព្រះ‌បិតា​របស់​អ្នក​ទត​ឃើញ​អំពើ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​មក​អ្នក​វិញ»។ «កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន* កុំ​ធ្វើ​ដូច​ពួក​អ្នក​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ កាល​ណា​អ្នក​អធិស្ឋាន​ត្រូវ ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​ទូល​ទៅ​កាន់​ព្រះ‌បិតា​របស់​អ្នក​ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​ពុំ‌ខាន។ ពេល​ទូល​ទៅ​ព្រះ‌បិតា កុំ​ពោល​ពាក្យ​ច្រំ‌ដែលៗ​ឥត​ប្រយោជន៍ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ គេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះ​របស់​គេ​នឹង​ស្ដាប់​គេ។ កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះអង្គ​ទៅ​ទៀត។ អ្នក​រាល់​គ្នា​ត្រូវ​ទូល​ព្រះអង្គ​ដូច​ត​ទៅ: ឱ​ព្រះ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​អើយ! សូម​សម្តែង​ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ឲ្យ​មនុស្ស​លោក​ស្គាល់* សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះអង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ បាន​សម្រេច​នៅ​លើ​ផែនដី ដូច​នៅ​ស្ថាន​បរម‌សុខ​ដែរ។ សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ ចាញ់​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​មារ*​កំណាច [ដ្បិត​ព្រះអង្គ​គ្រង​រាជ្យ ព្រះអង្គ​មាន​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។] បើ​អ្នក​រាល់​គ្នា​អត់‌ទោស​ឲ្យ​មនុស្ស​លោក ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថាន​បរម‌សុខ* ក៏​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​មនុស្ស​លោក​ទេ​នោះ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។ «កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ កាល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ទឹក​អប់​លើ​ក្បាល ហើយ​លុប​មុខ​ផង កុំ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា​អ្នក​តម​ឡើយ គឺ​ឲ្យ​តែ​ព្រះ‌បិតា​របស់​អ្នក ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​ប៉ុណ្ណោះ ពេល​នោះ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​មិន​ខាន»។ «កុំ​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កណ្ដៀរ និង​ច្រែះ​ស៊ី ជា​កន្លែង​ដែល​មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​នោះ​ឲ្យ​សោះ។ ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​នៅ​ស្ថាន​បរម‌សុខ*​វិញ ជា​ស្ថាន​ដែល​គ្មាន​កណ្ដៀរ និង​ច្រែះ​ស៊ី​ជា​ស្ថាន​ដែល​គ្មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​ឡើយ ដ្បិត​ទ្រព្យ​សម្បត្តិ​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ»។ «ភ្នែក​ប្រៀប​បាន​នឹង​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ងងឹត​ដែរ។ ប្រសិន​បើ​ពន្លឺ​នៅ​ក្នុង​អ្នក​ត្រឡប់​ទៅ​ជា​ងងឹត​ប៉ុណ្ណឹង​ទៅ​ហើយ នោះ​មិន​ដឹង​ជា​សេចក្ដី​ងងឹត​នឹង​ទៅ​ជា​សូន្យ‌សុង ដល់​កម្រិត​ណា​ទៀត​ទេ»។ «គ្មាន​អ្នក​ណា​ម្នាក់​អាច​បម្រើ​ម្ចាស់​ពីរ​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង ហើយ​គោរព​បម្រើ​ទ្រព្យ​សម្បត្តិ​ទុក​ជា​ព្រះ​ផង​ឡើយ»។ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត ឬ​សម្លៀក‌បំពាក់​សម្រាប់​បិទ‌បាំង​កាយ​ឡើយ។ ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​ក៏​មាន​តម្លៃ​លើស​សម្លៀក‌បំពាក់​ទៅ​ទៀត។ ចូរ​រំពៃ​មើល​បក្សា‌បក្សី​នៅ​លើ​មេឃ វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ មិន​ដែល​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឡើយ ប៉ុន្តែ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះអង្គ​ចិញ្ចឹម​វា។ រីឯ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​បក្សា‌បក្សី​ទាំង​នោះ​ទៅ​ទៀត។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​ឲ្យ​វែង​ដែរ សូម្បី​តែ​បន្តិច​ក៏​មិន​បាន​ផង។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អំពី​សម្លៀក‌បំពាក់? ចូរ​សង្កេត​មើល​ផ្កា​នៅ​តាម​វាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​ដែល​ធ្វើ​ការ​នឿយ‌ហត់ ឬ​ត្បាញ​រវៃ​ឡើយ ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ស្ដេច​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ​ក៏​ដោយ ក៏​ស្ដេច​គ្មាន​ព្រះ‌ភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ផ្ដល់​សម្រស់​ឲ្យ​ផ្កា​ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ តែ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? ហេតុ​នេះ កុំ​ខ្វល់​ខ្វាយ​ដោយ​ពោល​ថា “យើង​នឹង​មាន​អ្វី​បរិភោគ មាន​អ្វី​ស្លៀក​ពាក់”​នោះ​ឡើយ ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ ចូរ​ស្វែង​រក​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​សេចក្ដី​សុចរិត*​របស់​ព្រះអង្គ​ជា​មុន​សិន ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត។ កុំ​ខ្វល់​ខ្វាយ​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក​ឡើយ ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ! បើ​មាន​ការ​លំបាក​កើត​ឡើង​នៅ​ថ្ងៃ​ណា ត្រូវ​ដោះ​ស្រាយ​សម្រាប់​តែ​ថ្ងៃ​នោះ​ហើយ»។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ប្រយ័ត កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន​នៅ​មុខ​មនុស្ស ឲ្យ​តែ​គេ​ឃើញ​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​គ្មាន​រង្វាន់ នៅ​នឹង​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌​ទេ ដូច្នេះ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក ដូច​ពួក​មាន​ពុត ដែល​ប្រព្រឹត្ត​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​តាម​ផ្លូវ ដើម្បី​ឲ្យ​បាន​មនុស្ស​លោក​សរសើរ​ខ្លួន​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ ប៉ុន្តែ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​ធ្វើ​ឡើយ ដើម្បី​ឲ្យ​អំពើ​ទាន​របស់​អ្នក បាន​ស្ងាត់​កំបាំង នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។ កាល​ណា​អ្នក​អធិស្ឋាន កុំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ជ្រុង​ផ្លូវ ឲ្យ​មនុស្ស​លោក​ឃើញ​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់ ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ‌ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះវរ‌បិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សូម​ផង ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​វិញ ដ្បិត​រាជ្យ ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​របស់​ផង​ទ្រង់ នៅ​អស់‌កល្ប​ជានិច្ច អាម៉ែន ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ។ កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ នោះ​កុំ​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ក្លែង​ទឹក​មុខ​ស្រងូត ឲ្យ​មនុស្ស​លោក​ឃើញ​ថា​គេ​តម ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ តែ​អ្នក កាល​ណា​តម នោះ​ចូរ​ឲ្យ​លាប​គ្រឿង​ក្រអូប​នៅ​លើ​ក្បាល ហើយ​លប់​មុខ​ចេញ ដើម្បី​កុំ​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​តម​ឡើយ គឺ​ឲ្យ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ទី​លាក់​កំបាំង បាន​ឃើញ​វិញ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​នៅ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក នៅ​ទី​ប្រចក្ស​ច្បាស់។ កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។ ឯ​ចង្កៀង​របស់​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូប‌កាយ​អ្នក​ទាំង​មូល នឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​ហើយ ចុះ​សេចក្ដី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាល‌ម៉ាន​ទៅ​ហ្ន៎។ គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះ‌ត្រង់​នឹង​១ ហើយ​មើល‌ងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យ​សម្បត្តិ​ផង​បាន​ទេ ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប‌កាយ តើ​មិន​វិសេស​ជាង​សំលៀក‌បំពាក់​ទេ​ឬ​អី ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប‌ព្រោះ​មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយ‌សារ​សេចក្ដី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ ហើយ​ពី​ដំណើរ​សំលៀក‌បំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់‌ខ្វាយ​ធ្វើ​អី ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច គឺ​វា​មិន​នឿយ‌ហត់​នឹង​ធ្វើ​ការ ឬ​ស្រាវ​រវៃ​ទេ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង រីឯ​តិណ‌ជាតិ ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើង‌ក្រាន បើ​ព្រះ‌ទ្រង់​តុប‌តែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុប‌តែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់‌ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្ដី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ។

ចែក​រំលែក
អាន ម៉ាថាយ 6