ម៉ាថាយ 6:1,3-4,6-8
ម៉ាថាយ 6:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វើទាន នៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញនោះឡើយ ដ្បិតធ្វើដូច្នោះ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។
ម៉ាថាយ 6:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ពេលណាអ្នកធ្វើទាន កុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំរបស់អ្នកធ្វើឡើយ ដើម្បីឲ្យការធ្វើទានរបស់អ្នកបានស្ងាត់កំបាំង ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។
ម៉ាថាយ 6:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយអធិស្ឋានដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងចុះ នោះព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]។ ពេលអ្នកអធិស្ឋាន ចូរកុំពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះរបស់គេនឹងស្តាប់គេ ព្រោះគេពោលពាក្យជាច្រើន។ កុំធ្វើដូចគេឡើយ ដ្បិតព្រះវរបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
ម៉ាថាយ 6:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ ធ្វើបែបនេះ អ្នករាល់គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ*ទេ។
ម៉ាថាយ 6:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯអ្នកវិញ កាលណាដៃស្ដាំអ្នកធ្វើទាន មិនបាច់ឲ្យដៃឆ្វេងដឹងឡើយ ដើម្បីឲ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នកទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ព្រះអង្គនឹងប្រទានរង្វាន់មកអ្នកវិញ»។
ម៉ាថាយ 6:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯអ្នកវិញ កាលណាអ្នកអធិស្ឋានត្រូវ ចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ព្រះអង្គនឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
ម៉ាថាយ 6:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រយ័ត កុំឲ្យអ្នករាល់គ្នាធ្វើទាននៅមុខមនុស្ស ឲ្យតែគេឃើញឡើយ បើធ្វើដូច្នោះ នោះអ្នករាល់គ្នាគ្មានរង្វាន់ នៅនឹងព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ទេ
ម៉ាថាយ 6:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ កាលណាអ្នកធ្វើទាន នោះកុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំធ្វើឡើយ ដើម្បីឲ្យអំពើទានរបស់អ្នក បានស្ងាត់កំបាំង នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសំងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។
ម៉ាថាយ 6:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់ ហើយកាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយ ដ្បិតព្រះវរបិតានៃអ្នក ទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង