ម៉ាថាយ 5:33-48
ម៉ាថាយ 5:33-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មួយទៀត អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងប្រាប់ដល់មនុស្សពីបុរាណថា "កុំស្បថកុហកឲ្យសោះ ប៉ុន្តែ ត្រូវធ្វើតាមសម្បថ ដែលអ្នកបានស្បថនឹងព្រះអម្ចាស់" ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ក្តី ព្រោះស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះ ឬស្បថនឹងផែនដីក្តី ព្រោះផែនដីជាកំណល់កល់ព្រះបាទាព្រះអង្គ ទោះជាស្បថនឹងក្រុងយេរូសាឡិមក្តី ព្រោះយេរូសាឡិមជាក្រុងរបស់ស្តេចដ៏ធំ។ កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នកមិនអាចធ្វើឲ្យសក់មួយសរសៃទៅជាស ឬជាខ្មៅបានឡើយ ត្រូវឲ្យពាក្យរបស់អ្នក មែនគឺមែន ទេគឺទេ សេចក្តីណាដែលលើសពីនេះ សុទ្ធតែមកពីអាកំណាចទាំងអស់»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ភ្នែកឲ្យសមនឹងភ្នែក ហើយធ្មេញឲ្យសមនឹងធ្មេញ" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សអាក្រក់ឡើយ ប្រសិនបើអ្នកណាទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ ហើយបើអ្នកណាចង់ប្តឹងយកអាវខ្លីរបស់អ្នក ចូរឲ្យគេយកអាវវែងរបស់អ្នកទៅផង។ បើអ្នកណាបង្ខំឲ្យអ្នកធ្វើដំណើរមួយយោជន៍ ចូរទៅជាមួយគេពីរយោជន៍ចុះ។ ចូរឲ្យដល់អ្នកណាដែលសុំ ហើយកុំប្រកែកនឹងអ្នកណាដែលចង់ខ្ចីអ្វីមួយពីអ្នកឡើយ»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក"។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដ្បិតព្រះអង្គធ្វើឲ្យថ្ងៃរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយព្រះអង្គបង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងមានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធ តើមិនប្រព្រឹត្តដូច្នោះទេឬ? បើអ្នករាល់គ្នារាក់ទាក់តែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីប្លែកពីគេ? សូម្បីតែពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូច្នោះទេឬ? ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ»។
ម៉ាថាយ 5:33-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថា: “កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់” ។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះជាម្ចាស់ ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។ កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើឲ្យសក់របស់អ្នកទៅជាស ឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។ ត្រូវនិយាយឲ្យទៀងទាត់ បើ “មែន” ឲ្យប្រាកដជា “មែន” បើ “ទេ” ឲ្យប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។ «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេឲ្យបាក់ធ្មេញតែមួយដែរ” ។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចឲ្យសោះ បើមានគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ។ បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរឲ្យគេយកអាវធំថែមទៀតទៅ។ បើមានគេបង្ខំអ្នកឲ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។ អ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។ «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានឲ្យព្រះអាទិត្យរបស់ព្រះអង្គរះបំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយព្រះអង្គប្រទានទឹកភ្លៀងឲ្យទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធ*ក៏ចេះស្រឡាញ់គ្នាគេដែរ។ បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តដូច្នោះដែរ។ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខព្រះអង្គគ្រប់លក្ខណ៍យ៉ាងណា សុំឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។
ម៉ាថាយ 5:33-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយទៀត អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងមកដល់មនុស្សពីដើមថា «កុំឲ្យស្បថកុហកឡើយ គឺត្រូវឲ្យធ្វើសំរេចតាមគ្រប់ទាំងសេចក្ដី ដែលស្បថនឹងព្រះអម្ចាស់» ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្តី ព្រោះជាបល្ល័ង្កនៃព្រះ ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងយេរូសាឡិមក្តី ព្រោះជាក្រុងនៃស្តេចធំ ក៏កុំឲ្យស្បថនឹងក្បាលអ្នកដែរ ពីព្រោះអ្នកនឹងធ្វើឲ្យសក់១សរសៃត្រឡប់ទៅជាសឬជាខ្មៅពុំបានទេ ត្រូវឲ្យចេញសំដីថាតែមែនៗ ឬ ទេៗ ប៉ុណ្ណោះ សេចក្ដីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ។ អ្នករាល់គ្នាបានឮសេចក្ដី ដែលថ្លែងទុកថា «ភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ» ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យតតាំងនឹងអំពើអាក្រក់ឡើយ បើអ្នកណាទះកំផ្លៀងស្តាំនៃអ្នក នោះត្រូវតែបែរកំផ្លៀងម្ខាងទៅឲ្យទៀត បើអ្នកណាប្តឹងចង់យកអាវខ្លីរបស់អ្នក នោះត្រូវបើកឲ្យគេយកទាំងអាវវែងផង បើអ្នកណាបង្ខំឲ្យអ្នកទៅអស់១យោជន៍ នោះចូរទៅជាមួយនឹងគេដល់២យោជន៍ផង ចូរឲ្យដល់អ្នកណាដែលសូម ហើយកុំឲ្យគេចចេញពីអ្នកណាដែលចង់ខ្ចីអ្នកឡើយ។ អ្នករាល់គ្នាបានឮសេចក្ដី ដែលថ្លែងទុកមកថា «ចូរស្រឡាញ់អ្នកជិតខាងឯង តែស្អប់ខ្មាំងសត្រូវឯងវិញ» ប៉ុន្តែខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតផង ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណា ដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាច់អ្វី ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្តដូច្នោះដែរទេឬអី ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ។