ម៉ាថាយ 5:27-32

ម៉ាថាយ 5:27-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់" ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្ត្រី​ណា​ម្នាក់ ដោយ​ចិត្ត​ស្រើប‌ស្រាល នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ទៅ​ហើយ។ ប្រសិន‌បើ​ភ្នែក​ស្តាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​នរក។ ប្រសិន‌បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ធ្លាក់​នរក»។ «មាន​សេចក្តី​ថ្លែង​ទុក​មក​ទៀត​ថា អ្នក​ណា​លែង​ប្រពន្ធ អ្នក​នោះ​ត្រូវ​ធ្វើ​សំបុត្រ​លែង​លះ​ឲ្យ​នាង ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ នោះ​នាំ​ឲ្យ​នាង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:27-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់ ហើយ​មាន​ចិត្ត​ស្រើប‌ស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ស្រេច​ទៅ​ហើយ។ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។ ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវ‌យវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។ «មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា “បុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែង‌លះ​ឲ្យ​នាង” រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:27-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​ពី​ដើម​ថា «កុំ​ផិត​ឲ្យ​សោះ» ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ បើ​ភ្នែក​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វែះ​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍​ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក ហើយ​បើ​ដៃ​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ដៃ​អ្នក​ម្ខាង​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក។ មាន​សេចក្ដី​ថ្លែង​ទុក​មក​ទៀត​ថា អ្នក​ណា​ដែល​ចង់​លែង​ប្រពន្ធ នោះ​មាន​តែ​ឲ្យ​សំបុត្រ​លះ​លែង​ដល់​នាង ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ស្ត្រី​ណា​ដែល​មិន​ផិត​ប្ដី បើ​ប្ដី​នោះ​លែង​ចេញ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្រី​សំផឹង​ហើយ បើ​អ្នក​ណា​យក​ស្ត្រី​ដែល​ប្ដី​លែង ធ្វើ​ជា​ប្រពន្ធ អ្នក​នោះ​ហៅ​ថា ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 5