ម៉ាថាយ 5:27-30
ម៉ាថាយ 5:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "កុំប្រព្រឹត្តអំពើផិតក្បត់" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។ ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលធ្លាក់នរក»។
ម៉ាថាយ 5:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់” ។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ត្រីម្នាក់ ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្តរបស់ខ្លួនរួចស្រេចទៅហើយ។ ប្រសិនបើភ្នែកស្ដាំរបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។
ម៉ាថាយ 5:27-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងពីដើមថា «កុំផិតឲ្យសោះ» ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វែះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក ហើយបើដៃស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។