ម៉ាថាយ 5:17-32
ម៉ាថាយ 5:17-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កុំនឹកស្មានថា ខ្ញុំមកដើម្បីលុបបំបាត់ក្រឹត្យវិន័យ ឬគម្ពីរហោរាចោលឡើយ ខ្ញុំមិនមែនមកដើម្បីលុបបំបាត់ចោលទេ គឺមកដើម្បីធ្វើឲ្យសម្រេចវិញ ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ នោះគ្មានក្បៀស ឬបន្តក់ណាមួយនៅក្នុងក្រឹត្យវិន័យត្រូវបាត់ឡើយ គឺរហូតទាល់តែគ្រប់ទាំងអស់បានសម្រេច។ ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនលើសពីសេចក្តីសុចរិតរបស់ពួកអាចារ្យ និងពួកផារិស៊ីទេ នោះអ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌បានឡើយ»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងប្រាប់ដល់មនុស្សពីបុរាណថា "កុំសម្លាប់មនុស្សឲ្យសោះ អ្នកណាសម្លាប់មនុស្ស នោះនឹងត្រូវជាប់ជំនុំជម្រះ"។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។ ដូច្នេះ កាលណាអ្នកយកតង្វាយមកថ្វាយនៅនឹងអាសនា ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅជានានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នក។ ចូរទៅស្រុះស្រួលជាមួយដើមចោទជាប្រញាប់ កាលអ្នកកំពុងតែដើរតាមផ្លូវទៅតុលាការជាមួយអ្នកនោះ ក្រែងដើមចោទបញ្ជូនអ្នកទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅឲ្យពួកឆ្មាំ រួចអ្នកនឹងត្រូវជាប់គុក។ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនឹងចេញពីទីនោះមិនរួចឡើយ រហូតទាល់តែអ្នកសងគេគ្រប់ចំនួន ឥតខ្វះមួយសេន»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "កុំប្រព្រឹត្តអំពើផិតក្បត់" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។ ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលធ្លាក់នរក»។ «មានសេចក្តីថ្លែងទុកមកទៀតថា អ្នកណាលែងប្រពន្ធ អ្នកនោះត្រូវធ្វើសំបុត្រលែងលះឲ្យនាង ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធដែលពុំបានផិតក្បត់ នោះនាំឲ្យនាងប្រព្រឹត្តអំពើផិតក្បត់ហើយ ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។
ម៉ាថាយ 5:17-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់គម្ពីរវិន័យ ឬគម្ពីរព្យាការី*ចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឲ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងគម្ពីរវិន័យ*ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឲ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្តតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងឲ្យប្រព្រឹត្តតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិត*របស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកអាចារ្យ* និងពួកផារីស៊ី*ទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខឡើយ»។ «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថា “កុំសម្លាប់មនុស្ស” អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោស។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់*កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវិចី។ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។ «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់” ។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ត្រីម្នាក់ ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្តរបស់ខ្លួនរួចស្រេចទៅហើយ។ ប្រសិនបើភ្នែកស្ដាំរបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។ «មានសេចក្ដីថ្លែងទុកមកថា “បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះឲ្យនាង” រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) បុរសនោះធ្វើឲ្យនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។
ម៉ាថាយ 5:17-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រិត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសំរេចវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១នៅក្នុងក្រិត្យវិន័យ ត្រូវបាត់ឡើយ ដរាបដល់កាលណាមេឃ នឹងផែនដី បានកន្លងបាត់ទៅ គឺទាល់តែសេចក្ដីទាំងអស់បានសំរេច ដោយសព្វគ្រប់ ដូច្នេះ អ្នកណាដែលនឹងរំលងបទណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងបញ្ញត្តទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរ នោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរស្ថានសួគ៌ តែអ្នកណាដែលកាន់តាម ហើយបង្រៀនចំពោះបញ្ញត្តទាំងនេះ នោះនឹងបានហៅជាអ្នកធំក្នុងនគរស្ថានសួគ៌វិញ ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសពីសេចក្ដីសុចរិតនៃពួកអាចារ្យ នឹងពួកផារិស៊ីទេ នោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ។ អ្នករាល់គ្នាបានឮសេចក្ដីដែលសំដែងដល់មនុស្សពីបុរាណ ថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ» បើអ្នកណាសំឡាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ ហើយអ្នកណា ដែលស្ដីឲ្យបងប្អូនថា «អាចោលម្សៀត» នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា «អាឆ្កួត» នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក ដូច្នេះ បើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ ចូរឲ្យអ្នកជាស្រុះស្រួល នឹងអ្នកដើមចោទវិញជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា ក្រែងគេបញ្ជូនអ្នកទៅឯចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅនាយភូឃុំ រួចអ្នកត្រូវជាប់គុក ខ្ញុំប្រាប់អ្នកជាប្រាកដថា ដែលអ្នកនៅខ្វះតែ១សេន នឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។ អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងពីដើមថា «កុំផិតឲ្យសោះ» ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វែះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក ហើយបើដៃស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។ មានសេចក្ដីថ្លែងទុកមកទៀតថា អ្នកណាដែលចង់លែងប្រពន្ធ នោះមានតែឲ្យសំបុត្រលះលែងដល់នាង ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីណាដែលមិនផិតប្ដី បើប្ដីនោះលែងចេញ នោះឈ្មោះថា បានធ្វើឲ្យនាងទៅជាស្រីសំផឹងហើយ បើអ្នកណាយកស្ត្រីដែលប្ដីលែង ធ្វើជាប្រពន្ធ អ្នកនោះហៅថា ប្រព្រឹត្តសេចក្ដីកំផិតដែរ។