ម៉ាថាយ 3:7-12

ម៉ាថាយ 3:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ពេល​លោក​ឃើញ​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ឱ​ពូជ​ពស់​វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​អ្នក​រាល់​គ្នា ឲ្យ​គេច​ចេញ​ពី​សេចក្តី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ? ចូរ​អ្នក​រាល់​គ្នា​បង្កើត​ផល​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត​ចុះ ហើយ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា "យើង​មាន​លោក​អ័ប្រា‌ហាំ​ជា​ឪពុក" នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រា‌ហាំ​ពី​ថ្ម​ទាំង​នេះ​ក៏​បាន។ ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​ដាក់​នៅ​នឹង​ឫស​ឈើ​ជា​ស្រេច​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មិន​ផ្តល់​ផ្លែ​ល្អ នោះ​ត្រូវ​កាប់​រំលំ​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។ ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែ​ចិត្ត ប៉ុន្តែ ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​ជាង​ខ្ញុំ ហើយ​ខ្ញុំ​មិន​សម​នឹង​កាន់​សុព័ណ៌​បាទ​ថ្វាយ​ព្រះ‌អង្គ​ផង ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ ទ្រង់​កាន់​ចង្អេរ​នៅ​នឹង​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​សម្អាត​ទីលាន​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ស្រូវ​របស់​ព្រះ‌អង្គ​ដាក់​ក្នុង​ជង្រុក រីឯ​សម្ដី ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​វិញ»។

ចែក​រំលែក
អាន ម៉ាថាយ 3

ម៉ាថាយ 3:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​លោក​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នែ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​ព្រះ‌ពិរោធ*​របស់​ព្រះ‌ជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ? ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​ដែរ។ ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច ដើម​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។ ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែ លោក​ដែល​មក​ក្រោយ​ខ្ញុំ លោក​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក​ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* និង​ដោយ​ភ្លើង​វិញ។ លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​ស្រូវវិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 3

ម៉ាថាយ 3:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​កាល​គាត់​ឃើញ​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ជា​ច្រើន​ដែរ នោះ​ក៏​សួរ​គេ​ថា ឱ​ពូជ​ពស់‌វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ចេញ ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ បើ​យ៉ាង​នេះ ចូរ​អ្នក​រាល់​គ្នា​បង្កើត​ផល​ដែល​សំណំ​នឹង​សេចក្ដី​ប្រែ​ចិត្ត​នោះ​ចុះ ហើយ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​ខ្លួន នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​កើត​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង ឯ​ខ្ញុំ ពិត​មែន​ជា​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ពី​ព្រោះ​មាន​សេចក្ដី​ប្រែ​ចិត្ត តែ​ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​កាន់​សុព័ណ៌‌បាទ​ទ្រង់​ទេ ព្រះ‌អង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ភ្លើង​វិញ ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​នឹង​ប្រមូល​ស្រូវ​ទ្រង់ មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន​វិញ។

ចែក​រំលែក
អាន ម៉ាថាយ 3

ម៉ាថាយ 3:7-12

ម៉ាថាយ 3:7-12 គខបម៉ាថាយ 3:7-12 គខប