ម៉ាថាយ 3:13-17

ម៉ាថាយ 3:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌យេស៊ូវ​យាង​មក​ពី​ស្រុក​កាលីឡេ មក​រក​លោក​យ៉ូហាន​នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។ តែ​លោក​យ៉ូហាន​ប្រ‌កែក​ថា៖ «ទូល‌បង្គំ​ទេ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​ព្រះ‌អង្គ ម្តេច​បាន​ជា​ព្រះ‌អង្គ​មក​រក​ទូល‌បង្គំ​ទៅ​វិញ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ ចូរ​ធ្វើ​ពិធី​នេះ​សិន​ចុះ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​បាន​សម្រេច​គ្រប់​ទាំង​សេចក្តី​សុចរិត» លោក​ក៏​យល់​ព្រម។ ពេល​ព្រះ‌យេស៊ូវ​ទទួល​ពិធី​ជ្រមុជ​រួច​ហើយ ទ្រង់​ក៏​យាង​ឡើង​ពី​ទឹក រំពេច​នោះ​ស្រាប់​តែ​មេឃ​បើក​ចំហ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះ‌អង្គ​ដូច​សត្វ​ព្រាប។ ពេល​នោះ មាន​សំឡេង​មួយ​ពី​ស្ថាន​សួគ៌​មក​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»។

ចែក​រំលែក
អាន ម៉ាថាយ 3

ម៉ាថាយ 3:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​មក​រក​លោក​យ៉ូហាន នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​ឲ្យ​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះអង្គ។ ប៉ុន្តែ លោក​យ៉ូហាន​ប្រកែក​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ទុក​មក»។ លោក​យ៉ូហាន​ក៏​យល់​ព្រម។ ពេល​ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះអង្គ​យាង​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ព្រះអង្គ​ទត​ឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះអង្គ។ ពេល​នោះ មាន​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!»។

ចែក​រំលែក
អាន ម៉ាថាយ 3

ម៉ាថាយ 3:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។

ចែក​រំលែក
អាន ម៉ាថាយ 3