ម៉ាថាយ 3:11-17

ម៉ាថាយ 3:11-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែ​ចិត្ត ប៉ុន្តែ ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​ជាង​ខ្ញុំ ហើយ​ខ្ញុំ​មិន​សម​នឹង​កាន់​សុព័ណ៌​បាទ​ថ្វាយ​ព្រះ‌អង្គ​ផង ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ ទ្រង់​កាន់​ចង្អេរ​នៅ​នឹង​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​សម្អាត​ទីលាន​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ស្រូវ​របស់​ព្រះ‌អង្គ​ដាក់​ក្នុង​ជង្រុក រីឯ​សម្ដី ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​វិញ»។ ពេល​នោះ ព្រះ‌យេស៊ូវ​យាង​មក​ពី​ស្រុក​កាលីឡេ មក​រក​លោក​យ៉ូហាន​នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។ តែ​លោក​យ៉ូហាន​ប្រ‌កែក​ថា៖ «ទូល‌បង្គំ​ទេ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​ព្រះ‌អង្គ ម្តេច​បាន​ជា​ព្រះ‌អង្គ​មក​រក​ទូល‌បង្គំ​ទៅ​វិញ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ ចូរ​ធ្វើ​ពិធី​នេះ​សិន​ចុះ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​បាន​សម្រេច​គ្រប់​ទាំង​សេចក្តី​សុចរិត» លោក​ក៏​យល់​ព្រម។ ពេល​ព្រះ‌យេស៊ូវ​ទទួល​ពិធី​ជ្រមុជ​រួច​ហើយ ទ្រង់​ក៏​យាង​ឡើង​ពី​ទឹក រំពេច​នោះ​ស្រាប់​តែ​មេឃ​បើក​ចំហ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះ‌អង្គ​ដូច​សត្វ​ព្រាប។ ពេល​នោះ មាន​សំឡេង​មួយ​ពី​ស្ថាន​សួគ៌​មក​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»។

ចែក​រំលែក
អាន ម៉ាថាយ 3

ម៉ាថាយ 3:11-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែ លោក​ដែល​មក​ក្រោយ​ខ្ញុំ លោក​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក​ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* និង​ដោយ​ភ្លើង​វិញ។ លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​ស្រូវវិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​មក​រក​លោក​យ៉ូហាន នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​ឲ្យ​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះអង្គ។ ប៉ុន្តែ លោក​យ៉ូហាន​ប្រកែក​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ទុក​មក»។ លោក​យ៉ូហាន​ក៏​យល់​ព្រម។ ពេល​ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះអង្គ​យាង​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ព្រះអង្គ​ទត​ឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះអង្គ។ ពេល​នោះ មាន​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!»។

ចែក​រំលែក
អាន ម៉ាថាយ 3

ម៉ាថាយ 3:11-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ខ្ញុំ ពិត​មែន​ជា​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ពី​ព្រោះ​មាន​សេចក្ដី​ប្រែ​ចិត្ត តែ​ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​កាន់​សុព័ណ៌‌បាទ​ទ្រង់​ទេ ព្រះ‌អង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ភ្លើង​វិញ ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​នឹង​ប្រមូល​ស្រូវ​ទ្រង់ មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន​វិញ។ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។

ចែក​រំលែក
អាន ម៉ាថាយ 3