ម៉ាថាយ 3:1-6
ម៉ាថាយ 3:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ លោកយ៉ូហាន-បាទីស្ទបានលេចមកនៅទីរហោស្ថានស្រុកយូដា ប្រកាសថា៖ «ចូរប្រែចិត្ត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជិតមកដល់ហើយ»។ អ្នកនេះហើយដែលហោរាអេសាយបានថ្លែងថា៖ «មានសំឡេងរបស់មនុស្សម្នាក់ ស្រែកឡើងនៅទីរហោស្ថានថា "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ"» ។ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ លោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។ ពេលនោះ មនុស្សនៅក្រុងយេរូសាឡិម និងនៅស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅតំបន់តាមដងទន្លេយ័រដាន់ បានចេញទៅរកលោក ហើយគេទទួលពិធីជ្រមុជទឹកពីលោកនៅទន្លេយ័រដាន់ ទាំងលន់តួអំពើបាបរបស់ខ្លួន។
ម៉ាថាយ 3:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ លោកយ៉ូហានបាទីស្ដ*មកដល់ លោកប្រកាសនៅវាលរហោស្ថាន*ស្រុកយូដាថា៖ «ចូរកែប្រែចិត្តគំនិតឡើង ដ្បិតព្រះរាជ្យ*នៃស្ថានបរមសុខ*មកជិតបង្កើយហើយ!»។ ព្យាការី*អេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថា “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ!”» ។ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។ អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹក*ឲ្យគេក្នុងទន្លេយ័រដាន់។
ម៉ាថាយ 3:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ យ៉ូហាន-បាទីស្ទ គាត់មកនៅក្នុងទីរហោស្ថានស្រុកយូដា កំពុងតែប្រកាសថា ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ គឺពីអ្នកនេះហើយដែលហោរាអេសាយបានទាយថា «មានសំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ» ឯយ៉ូហាននេះ គាត់ពាក់អាវរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏មានកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ។ នោះពួកក្រុងយេរូសាឡិម នឹងពួកស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅក្រវល់ជុំវិញទន្លេយ័រដាន់ គេចេញមកឯគាត់ ក៏លន់តួបាប ហើយទទួលបុណ្យជ្រមុជពីគាត់ ក្នុងទន្លេយ័រដាន់ទាំងអស់គ្នា