ម៉ាថាយ 28:5-7
ម៉ាថាយ 28:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ទេវតានិយាយទៅកាន់ស្ត្រីទាំងពីរថា៖ «កុំខ្លាចអី ខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលគេបានឆ្កាង ព្រះអង្គមិននៅទីនេះទេ ដ្បិតព្រះអង្គមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់បានមានព្រះបន្ទូលរួចមកហើយ សូមមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ។ ដូច្នេះចូរទៅជាប្រញាប់ ហើយប្រាប់ពួកសិស្សរបស់ព្រះអង្គថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ឥឡូវនេះ ទ្រង់យាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ»។
ម៉ាថាយ 28:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតានិយាយទៅកាន់ស្ត្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ ព្រះអង្គមិននៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ឥឡូវនេះ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ សុំនាងជ្រាប!»។
ម៉ាថាយ 28:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែទេវតានិយាយនឹងស្ត្រី២នាក់ថា កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ រួចទៅឲ្យឆាប់ ប្រាប់ដល់ពួកសិស្សទ្រង់ថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ មើល ទ្រង់យាងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នាៗនឹងឃើញទ្រង់នៅស្រុកនោះ នែ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ