ម៉ាថាយ 28:5-20

ម៉ាថាយ 28:5-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ទេវតា​និយាយ​ទៅ​កាន់​ស្ត្រី​ទាំង​ពីរ​ថា៖ «កុំ​ខ្លាច​អី ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះ‌យេស៊ូវ​ដែល​គេ​បាន​ឆ្កាង ព្រះ‌អង្គ​មិន​នៅ​ទី​នេះ​ទេ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​រួច​មក​ហើយ សូម​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ។ ដូច្នេះ​ចូរ​ទៅ​ជា​ប្រញាប់ ហើយ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ ឥឡូវ​នេះ ទ្រង់​យាង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ​នៅ​ទី​នោះ មើល៍ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ»។ ដូច្នេះ ពួក​នាង​ក៏​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់ ទាំង​ភ័យ​ទាំង​អរ​ជា​ខ្លាំង ហើយ​រត់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។ រំពេច​នោះ ព្រះ‌យេស៊ូវ​ជួប​ពួក​នាង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ជម្រាប​សួរ!» ពួក​នាង​ក៏​ចូល​មក​ជិត ឱប​ព្រះ‌បាទ ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​នាង​ថា៖ «កុំ​ខ្លាច​អី! ចូរ​ទៅ​ប្រាប់​បង‌ប្អូន​របស់​ខ្ញុំ ឲ្យ​ទៅ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។ កាល​ពួក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង ជម្រាប​ពួក​សង្គ្រាជ អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង។ កាល​អ្នក​ទាំង​នោះ​ជួប​ពិគ្រោះ​គ្នា​ជា​មួយ​ពួក​ចាស់​ទុំ​រួច​ហើយ គេ​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ទៅ​ពួក​ទាហាន ដោយ​ប្រាប់​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​និយាយ​ថា "ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ ពួក​សិស្ស​របស់​វា​បាន​ចូល​មក​លួច​យក​សព​ទៅ​ទាំង​យប់"។ បើ​រឿង​នេះ​ឮ​ទៅ​ដល់​លោក​ទេសា‌ភិបាល យើង​នឹង​ទៅ​ពន្យល់​លោក​កុំ​ឲ្យ​ឯង​រាល់​គ្នា​មាន​ទោស»។ ដូច្នេះ គេ​ក៏​ទទួល​យក​ប្រាក់​នោះ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​នៅ​តែ​មាន​ឮ​សុស‌សាយ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា រហូត​ដល់​សព្វ​ថ្ងៃ។ រីឯ​ពួក​សិស្ស​ទាំង​ដប់​មួយ​នាក់ នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ទៅ​ភ្នំ​មួយ​ដែល​ព្រះ‌យេស៊ូវ​បាន​បង្គាប់​គេ​ឲ្យ​ទៅ។ កាល​គេ​បាន​ឃើញ​ព្រះ‌អង្គ គេ​ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ តែ​មាន​អ្នក​ខ្លះ​សង្ស័យ។ ព្រះ‌យេស៊ូវ​យាង​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្រប់​ទាំង​អំណាច​នៅ​ស្ថាន‌សួគ៌ និង​នៅ​លើ​ផែនដី បាន​ប្រគល់​មក​ខ្ញុំ​ហើយ។ ដូច្នេះ ចូរ​ទៅ​បង្កើត​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌វរបិតា ព្រះ‌រាជ​បុត្រា និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚

ចែក​រំលែក
អាន ម៉ាថាយ 28

ម៉ាថាយ 28:5-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទេវតា​និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗ​មក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង។ ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​រួច​មក​ហើយ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះអង្គ​ឯ‌ណេះ​សិន ហើយ​សឹម​អញ្ជើញ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ជា​ប្រញាប់ ថា​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ ព្រះអង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ សុំ​នាង​ជ្រាប!»។ ស្ត្រី​ទាំង​នោះ​ប្រញាប់‌ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជម្រាប​ពួក​សិស្ស។ ពេល​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូ​យាង​មក​ជួប​ពួក​នាង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជម្រាប​សួរ​នាង!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះ‌បាទា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សុំ​ទៅ​ប្រាប់​បងប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។ កាល​ស្ត្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ទីក្រុង ជម្រាប​ពួក​នាយក​បូជា‌ចារ្យ​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​ឡើង។ ពួក​នាយក​បូជា‌ចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ ហើយ​សម្រេច​ចិត្ត​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន ទាំង​ប្រាប់​ថា៖ «ត្រូវ​និយាយ​ថា “ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់”។ ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសា‌ភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស»។ ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​ក៏​លេច​ឮ​សុស‌សាយ​ក្នុង​ចំណោម​ជន‌ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។ សិស្ស*​ទាំង​ដប់​មួយ​រូប​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះ‌យេស៊ូ​បាន​ប្រាប់​ឲ្យ​គេ​ទៅ។ កាល​គេ​បាន​ឃើញ​ព្រះអង្គ គេ​ក្រាប​ថ្វាយ‌បង្គំ ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។ ព្រះ‌យេស៊ូ​យាង​ចូល​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី។ ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌បិតា ព្រះ‌បុត្រា និង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។ ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។

ចែក​រំលែក
អាន ម៉ាថាយ 28

ម៉ាថាយ 28:5-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ទេវតា​និយាយ​នឹង​ស្ត្រី​២​នាក់​ថា កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះ‌យេស៊ូវ​ដែល​ត្រូវ​ឆ្កាង តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ រួច​ទៅ​ឲ្យ​ឆាប់ ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ មើល ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នាៗ​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ នែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ស្ត្រី​២​នាក់​នោះ​ក៏​ដើរ​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់​ទាំង​ភ័យ ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ផង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់ តែ​កាល​នាង​កំពុង​តែ​ទៅ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ជួប​នឹង​នាង មាន​បន្ទូល​ថា ជំរាប​សួរ រួច​អ្នក​ទាំង​២​ក៏​ចូល​ទៅ​ឱប​ព្រះ‌បាទ​ថ្វាយ‌បង្គំ​ទ្រង់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា កុំ​ខ្លាច​អី ចូរ​ទៅ​ប្រាប់​ដល់​បង​ប្អូន​ខ្ញុំ​ផង ឲ្យ​គេ​ទៅ​ឯ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ស្រុក​នោះ​ហើយ។ កាល​នាង​កំពុង​តែ​ទៅ នោះ​ពួក​យាម​ល្បាត​ខ្លះ​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង ជំរាប​ដល់​ពួក​សង្គ្រាជ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក រួច​កាល​អ្នក​ទាំង​នោះ នឹង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ ហើយ​ពិគ្រោះ​គ្នា នោះ​គេ​យក​ប្រាក់​ជា​ច្រើន​ទៅ​សូក​ដល់​ពួក​ទាហាន ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​និយាយ​ថា ក្នុង​កាល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ដេក​លក់ នោះ​ពួក​សិស្ស​របស់​វា បាន​មក​លួច​យក​ខ្មោច​វា ទាំង​យប់​បាត់​ទៅ​ហើយ បើ​សេចក្ដី​នោះ​ឮ​ទៅ​ដល់​លោក​ចៅហ្វាយ នោះ​យើង​នឹង​ទៅ​ពន្យល់​លោក ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​ទោស គេ​ទទួល​ប្រាក់​នោះ ហើយ​ក៏​ធ្វើ​តាម​បង្គាប់ បាន​ជា​រឿង​នោះ​ឮ​ខ្ចរ‌ខ្ចាយ ទួទៅ​គ្រប់​ក្នុង​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ ឯ​ពួក​សិស្ស​ទាំង​១១​នាក់ គេ​ទៅ​ឯ​ស្រុក​កាលី‌ឡេ ដល់​ភ្នំ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រាប់ កាល​គេ​ឃើញ​ទ្រង់ នោះ​ក៏​ថ្វាយ‌បង្គំ តែ​មាន​អ្នក​ខ្លះ​មាន​សេចក្ដី​សង្ស័យ ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​មាន​បន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​លើ​ផែនដី​ផង ដូច្នេះ ចូរ​ទៅ​បញ្ចុះ‌បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះវរ‌បិតា ព្រះ‌រាជ‌បុត្រា នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។:៚

ចែក​រំលែក
អាន ម៉ាថាយ 28

ម៉ាថាយ 28:5-20

ម៉ាថាយ 28:5-20 គខប