ម៉ាថាយ 28:1-10
ម៉ាថាយ 28:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយថ្ងៃសប្ប័ទ គឺពេលទៀបភ្លឺថ្ងៃទីមួយក្នុងសប្ដាហ៍ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត នាំគ្នាទៅមើលផ្នូរ។ ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតាមួយរូបរបស់ព្រះអម្ចាស់ ចុះពីស្ថានសួគ៌ មកប្រមៀលថ្មចេញពីផ្នូរ ហើយអង្គុយលើថ្មនោះ។ សណ្ឋានរបស់ទេវតានោះភ្លឺដូចផ្លេកបន្ទោរ ហើយសម្លៀកបំពាក់សដូចហិមៈ។ ពួកយាមល្បាតញ័ររន្ធត់ ដោយភ័យខ្លាចទេវតា ហើយត្រឡប់ដូចជាមនុស្សស្លាប់។ ប៉ុន្តែ ទេវតានិយាយទៅកាន់ស្ត្រីទាំងពីរថា៖ «កុំខ្លាចអី ខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលគេបានឆ្កាង ព្រះអង្គមិននៅទីនេះទេ ដ្បិតព្រះអង្គមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់បានមានព្រះបន្ទូលរួចមកហើយ សូមមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ។ ដូច្នេះចូរទៅជាប្រញាប់ ហើយប្រាប់ពួកសិស្សរបស់ព្រះអង្គថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ឥឡូវនេះ ទ្រង់យាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ»។ ដូច្នេះ ពួកនាងក៏ចេញពីផ្នូរជាប្រញាប់ ទាំងភ័យទាំងអរជាខ្លាំង ហើយរត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ។ រំពេចនោះ ព្រះយេស៊ូវជួបពួកនាង ហើយមានព្រះបន្ទូលថា៖ «ជម្រាបសួរ!» ពួកនាងក៏ចូលមកជិត ឱបព្រះបាទ ហើយថ្វាយបង្គំព្រះអង្គ។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំ ឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
ម៉ាថាយ 28:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយថ្ងៃសប្ប័ទ* គឺនៅព្រឹកថ្ងៃអាទិត្យ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ។ ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតា*របស់ព្រះអម្ចាស់ចុះពីស្ថានបរមសុខ* មកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។ ទេវតានោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ និងមានសម្លៀកបំពាក់សដូចសំឡី។ ទាហានភ័យញ័រជាខ្លាំង ភាំងស្មារតីដូចមនុស្សស្លាប់។ ទេវតានិយាយទៅកាន់ស្ត្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ ព្រះអង្គមិននៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ឥឡូវនេះ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ សុំនាងជ្រាប!»។ ស្ត្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងនេះរត់ទៅជម្រាបពួកសិស្ស។ ពេលនោះ ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង ព្រះអង្គមានព្រះបន្ទូលថា៖ «ជម្រាបសួរនាង!»។ នាងទាំងនោះក៏ចូលមកឱបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
ម៉ាថាយ 28:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយថ្ងៃឈប់សំរាក កាលរៀបនឹងចូលថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា១ទៀត ក៏នាំគ្នាទៅមើលផ្នូរ នោះមានកក្រើកដីជាខ្លាំង ដ្បិតមានទេវតានៃព្រះអម្ចាស់ ចុះពីលើមេឃមកប្រមៀលថ្មចេញពីផ្នូរ ហើយក៏អង្គុយលើ សណ្ឋានរបស់ទេវតានោះដូចផ្លេកបន្ទោរ ហើយសំលៀកបំពាក់ក៏សស្គុសដូចហិមៈ ពួកយាមល្បាតក៏ញ័ររន្ធត់ ដោយភ័យខ្លាចទេវតា ហើយត្រឡប់ដូចជាមនុស្សស្លាប់ តែទេវតានិយាយនឹងស្ត្រី២នាក់ថា កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ រួចទៅឲ្យឆាប់ ប្រាប់ដល់ពួកសិស្សទ្រង់ថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ មើល ទ្រង់យាងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នាៗនឹងឃើញទ្រង់នៅស្រុកនោះ នែ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ស្ត្រី២នាក់នោះក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្ដីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់ តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់យាងមកជួបនឹងនាង មានបន្ទូលថា ជំរាបសួរ រួចអ្នកទាំង២ក៏ចូលទៅឱបព្រះបាទថ្វាយបង្គំទ្រង់ នោះព្រះយេស៊ូវទ្រង់មានបន្ទូលទៅនាងថា កុំខ្លាចអី ចូរទៅប្រាប់ដល់បងប្អូនខ្ញុំផង ឲ្យគេទៅឯស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅស្រុកនោះហើយ។