ម៉ាថាយ 27:55-66
ម៉ាថាយ 27:55-66 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅទីនោះ មានស្ត្រីជាច្រើនឈរមើលពីចម្ងាយ ស្ត្រីទាំងនោះតាមបម្រើព្រះយេស៊ូវតាំងពីស្រុកកាលីឡេមក។ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងយ៉ូសែប ព្រមទាំងម្តាយរបស់ពួកកូនប្រុសលោកសេបេដេ។ លុះដល់ល្ងាច មានបុរសអ្នកមានម្នាក់មកពីភូមិអើរីម៉ាថេ ឈ្មោះយ៉ូសែប បានមកដល់។ គាត់ក៏ជាសិស្សម្នាក់របស់ព្រះយេស៊ូវដែរ។ គាត់បានចូលទៅជួបលោកពីឡាត់ ហើយសុំយកព្រះសពព្រះយេស៊ូវ។ លោកពីឡាត់ក៏បង្គាប់ឲ្យគេប្រគល់ព្រះសពដល់គាត់។ យ៉ូសែបបានយកព្រះសពមក ហើយរុំនឹងក្រណាត់ទេសឯកយ៉ាងស្អាត រួចដាក់ព្រះសពនៅក្នុងផ្នូរថ្មីរបស់គាត់ ជាផ្នូរដែលគាត់បានដាប់ក្នុងថ្ម។ បន្ទាប់មក គាត់ប្រមៀលថ្មមួយផ្ទាំងធំបិទមាត់ផ្នូរ ហើយចេញទៅ។ នាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត ក៏នៅទីនោះ អង្គុយទល់មុខផ្នូរ។ នៅថ្ងៃបន្ទាប់ ក្រោយថ្ងៃរៀបចំបុណ្យ ពួកសង្គ្រាជ និងពួកផារិស៊ីបានមកជួបជុំគ្នា នៅចំពោះលោកពីឡាត់ ហើយជម្រាបថា៖ «លោក យើងខ្ញុំនៅចាំពាក្យជនបោកប្រាស់នោះនិយាយ កាលវានៅរស់នៅឡើយថា "បីថ្ងៃក្រោយមក ខ្ញុំនឹងរស់ឡើងវិញ"។ ដូច្នេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះរហូតដល់ថ្ងៃទីបីទៅ ក្រែងពួកសិស្សរបស់វាទៅលួចយកសពរបស់វាទាំងយប់ ហើយប្រាប់ប្រជាជនថា "វារស់ពីស្លាប់ឡើងវិញ" ហើយការបោកប្រាស់លើកនេះនឹងអាក្រក់ជាងមុនទៅទៀត»។ លោកពីឡាត់មានប្រសាសន៍ទៅគេថា៖ «អស់លោកមានក្រុមទាហានការពារស្រាប់ហើយ សូមទៅការពារឲ្យមានសុវត្ថិភាព តាមអស់លោកយល់ឃើញទៅចុះ»។ ដូច្នេះ គេក៏ទៅ ហើយបិទផ្នូរចំណាំ រួចដាក់ទាហានឲ្យយាមការពារ។
ម៉ាថាយ 27:55-66 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅទីនោះ មានស្ត្រីជាច្រើនមើលពីចម្ងាយ គឺស្ត្រីៗដែលតាមបម្រើព្រះយេស៊ូ តាំងពីស្រុកកាលីឡេមក។ ក្នុងចំណោមស្ត្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយរបស់យ៉ាកុប និងយ៉ូសែប ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។ លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយ៉ូសែប ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់ព្រះយេស៊ូដែរ។ គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាឲ្យគេប្រគល់ព្រះសពមកគាត់។ លោកយ៉ូសែបយកព្រះសពមករុំនឹងក្រណាត់ផាឌិបថ្មី រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មក គាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត ក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។ នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សម្រាក* ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី* នាំគ្នាទៅជួបលោកពីឡាត ជម្រាបថា៖ «លោកម្ចាស់! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថា: “បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតរស់ឡើងវិញ”។ ហេតុនេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះមុខជាអាក្រក់ជាងមុនទៅទៀត»។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងឲ្យគេយាមផ្នូរ តាមអស់លោកយល់ឃើញទៅចុះ!»។ ពួកគេក៏នាំគ្នាចេញទៅចាត់ចែងឲ្យយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និងដាក់ទាហានឲ្យនៅយាមផង។
ម៉ាថាយ 27:55-66 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅទីនោះក៏មានស្ត្រីជាច្រើនដែលមកតាមព្រះយេស៊ូវ ពីស្រុកកាលីឡេ ដើម្បីបំរើទ្រង់ គេឈរមើលពីចំងាយ ក្នុងពួកស្ត្រីនោះ មានម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា១ ម៉ារា ជាម្តាយយ៉ាកុប នឹងយ៉ូសេ១ ហើយនឹងប្រពន្ធរបស់សេបេដេ១។ ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់ បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់ រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះក៏ចេញទៅបាត់ ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា១ទៀត ក៏នៅទីនោះអង្គុយប្រឈមនឹងផ្នូរ។ កាលស្អែកឡើង ក្រោយថ្ងៃរៀបបុណ្យ នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេមូលគ្នាទៅឯលោកពីឡាត់ជំរាបថា លោក យើងខ្ញុំនឹកចាំពីពាក្យដែលអាកំភូតនោះបាននិយាយ ពីកាលនៅរស់នៅឡើយថា ក្រោយមក៣ថ្ងៃ ខ្ញុំនឹងរស់ឡើងវិញ ដូច្នេះ សូមលោកបង្គាប់ឲ្យគេប្រុងប្រយ័តផ្នូរនោះ ដរាបដល់គំរប់៣ថ្ងៃ ក្រែងពួកសិស្សរបស់វាមកលួចយកខ្មោចវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជនថា វាបានរស់ពីស្លាប់ឡើងវិញហើយ បើយ៉ាងនោះ សេចក្ដីកំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត លោកពីឡាត់មានប្រសាសន៍ទៅគេថា អ្នករាល់គ្នាមានអ្នកយាមល្បាតស្រាប់ហើយ ដូច្នេះ ចូរទៅរក្សាឲ្យមាំមួនតាមចិត្តចុះ រួចគេក៏ទៅបិទចំណាំធ្វើឲ្យមាំមួន ហើយដាក់គ្នាឲ្យចាំយាមផង។