ម៉ាថាយ 27:46-60
ម៉ាថាយ 27:46-60 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយប្រហែលជាម៉ោងបី ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មានន័យថា «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?» ពេលអ្នកខ្លះដែលឈរនៅទីនោះឮដូច្នោះ ក៏ពោលថា៖ «វាស្រែករកលោកអេលីយ៉ាហើយ!» រំពេចនោះមានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះ ហើយរុំនឹងដើមត្រែង ហុចឲ្យព្រះអង្គសោយ។ ប៉ុន្តែ អ្នកឯទៀតនិយាយថា៖ «ឈប់សិន ចាំមើលមើល៍ ក្រែងលោកអេលីយ៉ាមកសង្គ្រោះវា!»។ ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងម្តងទៀត រួចក៏ផុតដង្ហើមទៅ។ នៅវេលានោះ វាំងនននៅក្នុងព្រះវិហាររហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីញ័ររញ្ជួយ ហើយថ្មប្រេះចេញពីគ្នា ផ្នូររបើកឡើង ហើយសាកសពរបស់ពួកបរិសុទ្ធជាច្រើន ដែលដេកលក់ទៅហើយ បានរស់ឡើងវិញ ហើយចេញពីផ្នូរ។ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងទីក្រុងបរិសុទ្ធ ហើយបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញ។ ពេលមេទ័ព និងពួកទាហានដែលនៅចាំយាមព្រះយេស៊ូវជាមួយលោក ឃើញផែនដីរញ្ជួយ និងហេតុការណ៍កើតឡើងដូច្នោះ គេភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «អ្នកនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!» នៅទីនោះ មានស្ត្រីជាច្រើនឈរមើលពីចម្ងាយ ស្ត្រីទាំងនោះតាមបម្រើព្រះយេស៊ូវតាំងពីស្រុកកាលីឡេមក។ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងយ៉ូសែប ព្រមទាំងម្តាយរបស់ពួកកូនប្រុសលោកសេបេដេ។ លុះដល់ល្ងាច មានបុរសអ្នកមានម្នាក់មកពីភូមិអើរីម៉ាថេ ឈ្មោះយ៉ូសែប បានមកដល់។ គាត់ក៏ជាសិស្សម្នាក់របស់ព្រះយេស៊ូវដែរ។ គាត់បានចូលទៅជួបលោកពីឡាត់ ហើយសុំយកព្រះសពព្រះយេស៊ូវ។ លោកពីឡាត់ក៏បង្គាប់ឲ្យគេប្រគល់ព្រះសពដល់គាត់។ យ៉ូសែបបានយកព្រះសពមក ហើយរុំនឹងក្រណាត់ទេសឯកយ៉ាងស្អាត រួចដាក់ព្រះសពនៅក្នុងផ្នូរថ្មីរបស់គាត់ ជាផ្នូរដែលគាត់បានដាប់ក្នុងថ្ម។ បន្ទាប់មក គាត់ប្រមៀលថ្មមួយផ្ទាំងធំបិទមាត់ផ្នូរ ហើយចេញទៅ។
ម៉ាថាយ 27:46-60 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?» ។ អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «គាត់ហៅលោកអេលីយ៉ា!»។ រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។ ប៉ុន្តែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍! តើលោកអេលីយ៉ាមកសង្គ្រោះគាត់ឬទេ?»។ ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។ ពេលនោះ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើដល់ក្រោម ផែនដីក៏រញ្ជួយ ផ្ទាំងថ្មក៏ប្រេះចេញពីគ្នា ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធ*ជាច្រើនបានរស់ឡើងវិញ និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញផង។ កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ នៅទីនោះ មានស្ត្រីជាច្រើនមើលពីចម្ងាយ គឺស្ត្រីៗដែលតាមបម្រើព្រះយេស៊ូ តាំងពីស្រុកកាលីឡេមក។ ក្នុងចំណោមស្ត្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយរបស់យ៉ាកុប និងយ៉ូសែប ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។ លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយ៉ូសែប ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់ព្រះយេស៊ូដែរ។ គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាឲ្យគេប្រគល់ព្រះសពមកគាត់។ លោកយ៉ូសែបយកព្រះសពមករុំនឹងក្រណាត់ផាឌិបថ្មី រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មក គាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។
ម៉ាថាយ 27:46-60 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ ស្រាប់តែមានម្នាក់រត់ទៅ យកសារាយរំហួត ជ្រលក់ទឹកខ្មេះជោកដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ តែអ្នកឯទៀតនិយាយថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកជួយសង្គ្រោះវា។ កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ ឯមេទ័ពនឹងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី នឹងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន នៅទីនោះក៏មានស្ត្រីជាច្រើនដែលមកតាមព្រះយេស៊ូវ ពីស្រុកកាលីឡេ ដើម្បីបំរើទ្រង់ គេឈរមើលពីចំងាយ ក្នុងពួកស្ត្រីនោះ មានម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា១ ម៉ារា ជាម្តាយយ៉ាកុប នឹងយ៉ូសេ១ ហើយនឹងប្រពន្ធរបស់សេបេដេ១។ ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់ បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់ រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះក៏ចេញទៅបាត់