ម៉ាថាយ 27:45-66

ម៉ាថាយ 27:45-66 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តាំង​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​នោះ​ទាំង​មូល ហើយ​ប្រហែល​ជា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មាន​ន័យ​ថា «ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ?» ពេល​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ឮ​ដូច្នោះ ក៏​ពោល​ថា៖ «វា​ស្រែក​រក​លោក​អេលីយ៉ា​ហើយ!» រំពេច​នោះ​មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ ហើយ​រុំ​នឹង​ដើម​ត្រែង ហុច​ឲ្យ​ព្រះ‌អង្គ​សោយ។ ប៉ុន្តែ អ្នក​ឯ​ទៀត​និយាយ​ថា៖ «ឈប់​សិន ចាំ​មើល​មើល៍ ក្រែង​លោក​អេលីយ៉ា​មក​សង្គ្រោះ​វា!»។ ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ម្តង​ទៀត រួច​ក៏​ផុត​ដង្ហើម​ទៅ។ នៅ​វេលា​នោះ វាំង‌នន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ញ័រ​រញ្ជួយ ហើយ​ថ្ម​ប្រេះ​ចេញ​ពី​គ្នា ផ្នូរ​របើក​ឡើង ហើយ​សាក‌សព​របស់​ពួក​បរិសុទ្ធ​ជា​ច្រើន ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ ហើយ​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ ហើយ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ។ ពេល​មេ​ទ័ព និង​ពួក​ទាហាន​ដែល​នៅ​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​លោក ឃើញ​ផែនដី​រញ្ជួយ និង​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នោះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «អ្នក​នេះ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន!» នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​ឈរ​មើល​ពី​ចម្ងាយ ស្ត្រី​ទាំង​នោះ​តាម​បម្រើ​ព្រះ‌យេស៊ូវ​តាំង​ពី​ស្រុក​កាលីឡេ​មក។ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ម្តាយ​របស់​ពួក​កូន​ប្រុស​លោក​សេបេដេ។ លុះ​ដល់​ល្ងាច មាន​បុរស​អ្នក​មាន​ម្នាក់​មក​ពី​ភូមិ​អើរីម៉ាថេ ឈ្មោះ​យ៉ូសែប បាន​មក​ដល់។ គាត់​ក៏​ជា​សិស្ស​ម្នាក់​របស់​ព្រះ‌យេស៊ូវ​ដែរ។ គាត់​បាន​ចូល​ទៅ​ជួប​លោក​ពីឡាត់ ហើយ​សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ។ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ដល់​គាត់។ យ៉ូសែប​បាន​យក​ព្រះ‌សព​មក ហើយ​រុំ​នឹង​ក្រណាត់​ទេស‌ឯក​យ៉ាង​ស្អាត រួច​ដាក់​ព្រះ‌សព​នៅ​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​ផ្នូរ​ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចេញ​ទៅ។ នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​នាង​ម៉ារា​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ អង្គុយ​ទល់​មុខ​ផ្នូរ។ នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ថ្ងៃ​រៀបចំ​បុណ្យ ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​មក​ជួប​ជុំ​គ្នា នៅ​ចំពោះ​លោក​ពីឡាត់ ហើយ​ជម្រាប​ថា៖ «លោក យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​ជន​បោក​ប្រាស់​នោះនិយាយ កាល​វា​នៅ​រស់​នៅ​ឡើយ​ថា "បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​នឹង​រស់​ឡើង​វិញ"។ ដូច្នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ​រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​ពួក​សិស្ស​របស់​វា​ទៅ​លួច​យក​សព​របស់​វា​ទាំង​យប់ ហើយ​ប្រាប់​ប្រជា‌ជន​ថា "វា​រស់​ពី​ស្លាប់​ឡើង​វិញ" ហើយ​ការ​បោក​ប្រាស់​លើក​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ក្រុម​ទាហាន​ការពារ​ស្រាប់​ហើយ សូម​ទៅ​ការពារ​ឲ្យ​មាន​សុវត្ថិ‌ភាព តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ»។ ដូច្នេះ គេ​ក៏​ទៅ ហើយ​បិទ​ផ្នូរ​ចំណាំ រួច​ដាក់​ទាហាន​ឲ្យ​យាម​ការពារ។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:45-66 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ផែនដី​ទាំង​មូល​ងងឹត​សូន្យ ចាប់​ពី​ពេល​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល។ ប្រមាណ​ជា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេលី អេលី ឡាម៉ាសា‌បាច់‌ថានី!» ដែល​មាន​ន័យ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ទូលបង្គំ​ចោល​ដូច្នេះ?» ។ អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ក៏​ពោល​ថា៖ «គាត់​ហៅ​លោក​អេលីយ៉ា!»។ រំពេច​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ។ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ឬ​ទេ?»។ ព្រះ‌យេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។ ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាក‌សព​ប្រជា‌ជន​ដ៏វិសុទ្ធ*​ជា​ច្រើន​បាន​រស់​ឡើង​វិញ និង​នាំ​គ្នា​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។ កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​ព្រះ‌យេស៊ូ បាន​ឃើញ​ផែនដី​រញ្ជួយ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង‌ឡាយ​កើត​ឡើង​ដូច្នេះ គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​ពោល​ថា៖ «លោក​នេះ ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។ នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ត្រីៗ​ដែល​តាម​បម្រើ​ព្រះ‌យេស៊ូ តាំង​ពី​ស្រុក​កាលី‌ឡេ​មក។ ក្នុង​ចំណោម​ស្ត្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី ជា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ភរិយា​របស់​លោក​សេបេ‌ដេ​ជា​ដើម។ លុះ​ដល់​ល្ងាច មាន​សេដ្ឋី​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អើរី‌ម៉ាថេ មក​ដល់ គាត់​ក៏​ជា​សិស្ស​របស់​ព្រះ‌យេស៊ូ​ដែរ។ គាត់​បាន​អញ្ជើញ​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​ពីឡាត​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​មក​គាត់។ លោក​យ៉ូសែប​យក​ព្រះ‌សព​មក​រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។ នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត ជម្រាប​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថា: “បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ស្លាប់ ខ្ញុំ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ”។ ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជា‌ជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ​មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ទាហាន​ស្រាប់​ហើយ សុំ​អញ្ជើញ​ទៅ​ចាត់​ចែង​ឲ្យ​គេ​យាម​ផ្នូរ តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ!»។ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​ឲ្យ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​ឲ្យ​នៅ​យាម​ផង។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:45-66 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តាំង​ពី​ថ្ងៃ​ត្រង់ ដរាប​ដល់​ម៉ោង​៣​រសៀល នោះ​មាន​ងងឹត​ដាប គ្រប​ពេញ​លើ​ផែនដី ប្រហែល​ជា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ជា​សំឡេង​ខ្លាំង​ថា អេលីៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ឱ​ព្រះ‌អង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ កាល​គេ​បាន​ឮ នោះ​ក៏​និយាយ​ថា វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ ស្រាប់​តែ​មាន​ម្នាក់​រត់​ទៅ យក​សារាយ‌រំហួត ជ្រលក់​ទឹក‌ខ្មេះ​ជោក​ដាក់​នឹង​ចុង​ដើម​ត្រែង ហុច​ទៅ​ថ្វាយ​ទ្រង់​សោយ តែ​អ្នក​ឯ​ទៀត​និយាយ​ថា ឈប់​សិន ចាំ​មើល បើ​លោក​អេលីយ៉ា​មក​ជួយ​សង្គ្រោះ​វា។ កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​ស្រែក​ជា​ខ្លាំង​ម្តង​ទៀត នោះ​ទ្រង់​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ​វិញ គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា អស់​ទាំង​ផ្នូរ​ខ្មោច​ក៏​របើក​ឡើង ឯ​ខ្មោច​ពួក​អ្នក​បរិសុទ្ធ ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ​ជា​ច្រើន ទាំង​ចេញ​ពី​ផ្នូរ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ លេច​មក​ឲ្យ​មនុស្ស​ជា​ច្រើន​ឃើញ​ដែរ ឯ​មេ​ទ័ព​នឹង​ពួក​អ្នក​ដែល​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​គ្នា កាល​បាន​ឃើញ​កក្រើក​ដី នឹង​ការ​ទាំង​ប៉ុន្មាន ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ភ័យ​ញ័រ​ជា​ខ្លាំង គាត់​និយាយ​ថា នេះ​ពិត​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នៅ​ទី​នោះ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ដែល​មក​តាម​ព្រះ‌យេស៊ូវ ពី​ស្រុក​កាលី‌ឡេ ដើម្បី​បំរើ​ទ្រង់ គេ​ឈរ​មើល​ពី​ចំងាយ ក្នុង​ពួក​ស្ត្រី​នោះ មាន​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​១ ម៉ារា ជា​ម្តាយ​យ៉ាកុប នឹង​យ៉ូសេ​១ ហើយ​នឹង​ប្រពន្ធ​របស់​សេបេដេ​១។ ដល់​ល្ងាច មាន​មនុស្ស​អ្នក​មាន​ម្នាក់ ជា​សិស្ស​ព្រះ‌យេស៊ូវ ឈ្មោះ​យ៉ូសែប ដែល​នៅ​ភូមិ​អើរី‌ម៉ាថេ គាត់​មក​ដល់ បាន​ទៅ​ឯ​លោក​ពីឡាត់ សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​ប្រគល់​ព្រះ‌សព​ដល់​គាត់ រួច​កាល​យ៉ូសែប​បាន​យក​ព្រះ‌សព​មក នោះ​ក៏​រុំ​នឹង​សំពត់​ទេស‌ឯក​យ៉ាង​ស្អាត ហើយ​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម កាល​គាត់​បាន​ប្រមៀល​ថ្ម​១​យ៉ាង​ធំ​ទៅ​បិទ​មាត់​ផ្នូរ​ហើយ នោះ​ក៏​ចេញ​ទៅ​បាត់ ឯ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នឹង​ម៉ារា​១​ទៀត ក៏​នៅ​ទី​នោះ​អង្គុយ​ប្រឈម​នឹង​ផ្នូរ។ កាល​ស្អែក​ឡើង ក្រោយ​ថ្ងៃ​រៀប​បុណ្យ នោះ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​មូល​គ្នា​ទៅ​ឯ​លោក​ពីឡាត់​ជំរាប​ថា លោក យើង​ខ្ញុំ​នឹក​ចាំ​ពី​ពាក្យ​ដែល​អា​កំភូត​នោះ​បាន​និយាយ ពី​កាល​នៅ​រស់​នៅ​ឡើយ​ថា ក្រោយ​មក​៣​ថ្ងៃ ខ្ញុំ​នឹង​រស់​ឡើង​វិញ ដូច្នេះ សូម​លោក​បង្គាប់​ឲ្យ​គេ​ប្រុង​ប្រយ័ត​ផ្នូរ​នោះ ដរាប​ដល់​គំរប់​៣​ថ្ងៃ ក្រែង​ពួក​សិស្ស​របស់​វា​មក​លួច​យក​ខ្មោច​វា​ទាំង​យប់​ទៅ រួច​ប្រាប់​ដល់​បណ្តាជន​ថា វា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បើ​យ៉ាង​នោះ សេចក្ដី​កំភូត​ជាន់​ក្រោយ​នេះ នឹង​បាន​អាក្រក់​ជាង​ជាន់​មុន​ទៅ​ទៀត លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា អ្នក​រាល់​គ្នា​មាន​អ្នក​យាម​ល្បាត​ស្រាប់​ហើយ ដូច្នេះ ចូរ​ទៅ​រក្សា​ឲ្យ​មាំ‌មួន​តាម​ចិត្ត​ចុះ រួច​គេ​ក៏​ទៅ​បិទ​ចំណាំ​ធ្វើ​ឲ្យ​មាំ‌មួន ហើយ​ដាក់​គ្នា​ឲ្យ​ចាំ​យាម​ផង។

ចែក​រំលែក
អាន ម៉ាថាយ 27