ម៉ាថាយ 27:39-44
ម៉ាថាយ 27:39-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់អ្នកដែលដើរតាមទីនោះ គេប្រមាថមើលងាយព្រះអង្គទាំងគ្រវីក្បាល ហើយនិយាយថា៖ «អ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមចុះពីឈើឆ្កាងមក»។ ពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកមើលងាយព្រះអង្គបែបដូច្នោះដែរ ដោយពោលថា៖ «វាសង្គ្រោះអ្នកដទៃបាន តែមិនអាចសង្គ្រោះខ្លួនឯងបានទេ បើវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក ដើម្បីឲ្យយើងជឿដល់វាផង! វាទុកចិត្តដល់ព្រះ សូមឲ្យព្រះរំដោះវាឥឡូវចុះ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងវា! ដ្បិតវាពោលថា "ខ្ញុំជាព្រះរាជបុត្រារបស់ព្រះ"»។ ចោរពីរនាក់ដែលគេឆ្កាងជាមួយព្រះអង្គក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។
ម៉ាថាយ 27:39-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ គ្រវីក្បាលដាក់ព្រះអង្គ ទាំងពោលថា៖ «អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន អញ្ជើញចុះពីឈើឆ្កាងមក!»។ រីឯពួកនាយកបូជាចារ្យ ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ*ក៏នាំគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ដោយពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងទេ! គាត់ជាស្ដេចអ៊ីស្រាអែល ឲ្យគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង! គាត់បានទុកចិត្តលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងគាត់មែន សូមឲ្យព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់”» ។ សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។
ម៉ាថាយ 27:39-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ នឹងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។