ម៉ាថាយ 27:38-54
ម៉ាថាយ 27:38-54 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ គេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គដែរ ម្នាក់នៅខាងស្តាំ ហើយម្នាក់នៅខាងឆ្វេង។ អស់អ្នកដែលដើរតាមទីនោះ គេប្រមាថមើលងាយព្រះអង្គទាំងគ្រវីក្បាល ហើយនិយាយថា៖ «អ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមចុះពីឈើឆ្កាងមក»។ ពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកមើលងាយព្រះអង្គបែបដូច្នោះដែរ ដោយពោលថា៖ «វាសង្គ្រោះអ្នកដទៃបាន តែមិនអាចសង្គ្រោះខ្លួនឯងបានទេ បើវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក ដើម្បីឲ្យយើងជឿដល់វាផង! វាទុកចិត្តដល់ព្រះ សូមឲ្យព្រះរំដោះវាឥឡូវចុះ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងវា! ដ្បិតវាពោលថា "ខ្ញុំជាព្រះរាជបុត្រារបស់ព្រះ"»។ ចោរពីរនាក់ដែលគេឆ្កាងជាមួយព្រះអង្គក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។ តាំងពីថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល មេឃងងឹតគ្របដណ្ដប់លើទឹកដីនោះទាំងមូល ហើយប្រហែលជាម៉ោងបី ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មានន័យថា «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?» ពេលអ្នកខ្លះដែលឈរនៅទីនោះឮដូច្នោះ ក៏ពោលថា៖ «វាស្រែករកលោកអេលីយ៉ាហើយ!» រំពេចនោះមានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះ ហើយរុំនឹងដើមត្រែង ហុចឲ្យព្រះអង្គសោយ។ ប៉ុន្តែ អ្នកឯទៀតនិយាយថា៖ «ឈប់សិន ចាំមើលមើល៍ ក្រែងលោកអេលីយ៉ាមកសង្គ្រោះវា!»។ ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងម្តងទៀត រួចក៏ផុតដង្ហើមទៅ។ នៅវេលានោះ វាំងនននៅក្នុងព្រះវិហាររហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីញ័ររញ្ជួយ ហើយថ្មប្រេះចេញពីគ្នា ផ្នូររបើកឡើង ហើយសាកសពរបស់ពួកបរិសុទ្ធជាច្រើន ដែលដេកលក់ទៅហើយ បានរស់ឡើងវិញ ហើយចេញពីផ្នូរ។ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងទីក្រុងបរិសុទ្ធ ហើយបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញ។ ពេលមេទ័ព និងពួកទាហានដែលនៅចាំយាមព្រះយេស៊ូវជាមួយលោក ឃើញផែនដីរញ្ជួយ និងហេតុការណ៍កើតឡើងដូច្នោះ គេភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «អ្នកនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!»
ម៉ាថាយ 27:38-54 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។ មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ គ្រវីក្បាលដាក់ព្រះអង្គ ទាំងពោលថា៖ «អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន អញ្ជើញចុះពីឈើឆ្កាងមក!»។ រីឯពួកនាយកបូជាចារ្យ ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ*ក៏នាំគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ដោយពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងទេ! គាត់ជាស្ដេចអ៊ីស្រាអែល ឲ្យគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង! គាត់បានទុកចិត្តលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងគាត់មែន សូមឲ្យព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់”» ។ សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។ ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល។ ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?» ។ អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «គាត់ហៅលោកអេលីយ៉ា!»។ រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។ ប៉ុន្តែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍! តើលោកអេលីយ៉ាមកសង្គ្រោះគាត់ឬទេ?»។ ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។ ពេលនោះ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើដល់ក្រោម ផែនដីក៏រញ្ជួយ ផ្ទាំងថ្មក៏ប្រេះចេញពីគ្នា ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធ*ជាច្រើនបានរស់ឡើងវិញ និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញផង។ កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
ម៉ាថាយ 27:38-54 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។ ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ នឹងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។ តាំងពីថ្ងៃត្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ ស្រាប់តែមានម្នាក់រត់ទៅ យកសារាយរំហួត ជ្រលក់ទឹកខ្មេះជោកដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ តែអ្នកឯទៀតនិយាយថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកជួយសង្គ្រោះវា។ កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ ឯមេទ័ពនឹងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី នឹងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន