ម៉ាថាយ 27:33-38
ម៉ាថាយ 27:33-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» គេយកស្រាទំពាំងបាយជូរលាយជាមួយទឹកប្រមាត់ មកថ្វាយព្រះអង្គសោយ តែពេលព្រះអង្គភ្លក់មើល ព្រះអង្គមិនព្រមសោយទេ។ ក្រោយពីឆ្កាងព្រះអង្គហើយ គេយកព្រះពស្ត្រព្រះអង្គទៅចាប់ឆ្នោតចែកគ្នា [ដើម្បីឲ្យបានសម្រេចសេចក្ដីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «គេយកសម្លៀកបំពាក់ខ្ញុំចែកគ្នា ហើយគេចាប់ឆ្នោតយកសម្លៀកបំពាក់ខ្ញុំ»] រួចគេអង្គុយចាំយាមព្រះអង្គនៅទីនោះ។ គេបិទប្រកាសពីទោសចោទប្រកាន់ព្រះអង្គដាក់ពីលើព្រះសិរព្រះអង្គថា៖ «អ្នកនេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»។ ពេលនោះ គេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គដែរ ម្នាក់នៅខាងស្តាំ ហើយម្នាក់នៅខាងឆ្វេង។
ម៉ាថាយ 27:33-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកថ្វាយព្រះអង្គសោយ។ ព្រះយេស៊ូក្រេបបន្ដិច ព្រះអង្គពុំព្រមសោយទេ។ ក្រោយពីឆ្កាងព្រះអង្គរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា រួចអង្គុយយាមព្រះអង្គនៅទីនោះ។ គេបានសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសព្រះអង្គថា «អ្នកនេះឈ្មោះយេស៊ូ ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើព្រះសិរសាព្រះអង្គ។ ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។
ម៉ាថាយ 27:33-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថាភ្នំរលាក្បាល នោះគេយកទឹកខ្មេះលាយនឹងប្រមាត់ថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់មើល នោះទ្រង់មិនព្រមសោយទេ គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ» គេអង្គុយចាំយាមទ្រង់នៅទីនោះ ក៏បិទប្រកាសដែលកត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា «នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា» នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។