ម៉ាថាយ 27:27-35
ម៉ាថាយ 27:27-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូវទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលទ័ពទាំងអស់មកចោមរោមព្រះអង្គ។ គេដោះព្រះពស្ត្រព្រះអង្គចេញ ហើយយកអាវវែងពណ៌ក្រហមមកបំពាក់លើព្រះអង្គ គេក្រងបន្លាធ្វើជាមកុដមកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយយកដើមត្រែងដាក់ក្នុងព្រះហស្តស្តាំឲ្យព្រះអង្គកាន់ រួចគេលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖ «សូមក្រាបថ្វាយបង្គំស្តេចសាសន៍យូដា!» គេស្តោះដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិរព្រះអង្គ។ ក្រោយពីបានចំអកមើលងាយព្រះអង្គរួចហើយ គេក៏ដោះអាវវែងនោះចេញ ហើយយកព្រះពស្ត្ររបស់ព្រះអង្គមកបំពាក់វិញ រួចនាំព្រះអង្គចេញទៅឆ្កាង។ ពេលចេញទៅ គេប្រទះឃើញបុរសម្នាក់ ជាអ្នកស្រុកគីរេន ឈ្មោះស៊ីម៉ូន គេក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងព្រះអង្គ។ លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» គេយកស្រាទំពាំងបាយជូរលាយជាមួយទឹកប្រមាត់ មកថ្វាយព្រះអង្គសោយ តែពេលព្រះអង្គភ្លក់មើល ព្រះអង្គមិនព្រមសោយទេ។ ក្រោយពីឆ្កាងព្រះអង្គហើយ គេយកព្រះពស្ត្រព្រះអង្គទៅចាប់ឆ្នោតចែកគ្នា [ដើម្បីឲ្យបានសម្រេចសេចក្ដីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «គេយកសម្លៀកបំពាក់ខ្ញុំចែកគ្នា ហើយគេចាប់ឆ្នោតយកសម្លៀកបំពាក់ខ្ញុំ»]
ម៉ាថាយ 27:27-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមព្រះអង្គ។ គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។ គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើព្រះសិរសាព្រះអង្គ និងយកដើមត្រែងមកដាក់ក្នុងព្រះហស្ដស្ដាំឲ្យព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ និងយកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។ ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវធំចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកបំពាក់ថ្វាយព្រះអង្គវិញ រួចបណ្ដើរនាំយកទៅឆ្កាង។ ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកថ្វាយព្រះអង្គសោយ។ ព្រះយេស៊ូក្រេបបន្ដិច ព្រះអង្គពុំព្រមសោយទេ។ ក្រោយពីឆ្កាងព្រះអង្គរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា
ម៉ាថាយ 27:27-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពួកទាហានរបស់លោកចៅហ្វាយ គេក៏នាំព្រះយេស៊ូវទៅក្នុងសាលា រួចប្រមូលក្រុមទាហានទាំងអស់មកទាស់នឹងទ្រង់ គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង កាលគេបានចំអកមើលងាយទ្រង់ស្រេចហើយ ក៏ដោះអាវនោះចេញ ហើយបំពាក់ព្រះពស្ត្រទ្រង់ទៅវិញ រួចនាំចេញទៅឆ្កាង។ កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថាភ្នំរលាក្បាល នោះគេយកទឹកខ្មេះលាយនឹងប្រមាត់ថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់មើល នោះទ្រង់មិនព្រមសោយទេ គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ»