ម៉ាថាយ 27:21-32
ម៉ាថាយ 27:21-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកទេសាភិបាលមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើចង់ឲ្យខ្ញុំលែងអ្នកណាឲ្យអ្នករាល់គ្នា?» គេឆ្លើយថា៖ «បារ៉ាបាស»។ លោកពីឡាត់សួរគេថា៖ «ដូច្នេះ តើឲ្យខ្ញុំធ្វើដូចម្តេចជាមួយយេស៊ូវ ហៅព្រះគ្រីស្ទនេះ?» គេទាំងអស់គ្នាឆ្លើយថា៖ «ឆ្កាងវាទៅ!» លោកពីឡាត់សួរថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអំពើអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!»។ កាលលោកពីឡាត់ឃើញថា លោកមិនអាចធ្វើអ្វីទៀតបាន ហើយថែមទាំងចាប់ផ្ដើមមានចលាចលកាន់តែខ្លាំងឡើងផង លោកក៏យកទឹកមកលាងដៃនៅមុខបណ្តាជន ទាំងមានប្រសាសន៍ថា៖ «ខ្ញុំគ្មានទោសដោយសារឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងចុះ»។ បណ្តាជនទាំងអស់គ្នាឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់វាធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ»។ ពេលនោះ លោកក៏ដោះលែងបារ៉ាបាសឲ្យដល់គេ ហើយបញ្ជាឲ្យគេវាយព្រះយេស៊ូវនឹងរំពាត់ រួចប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។ ពេលនោះ ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូវទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលទ័ពទាំងអស់មកចោមរោមព្រះអង្គ។ គេដោះព្រះពស្ត្រព្រះអង្គចេញ ហើយយកអាវវែងពណ៌ក្រហមមកបំពាក់លើព្រះអង្គ គេក្រងបន្លាធ្វើជាមកុដមកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយយកដើមត្រែងដាក់ក្នុងព្រះហស្តស្តាំឲ្យព្រះអង្គកាន់ រួចគេលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖ «សូមក្រាបថ្វាយបង្គំស្តេចសាសន៍យូដា!» គេស្តោះដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិរព្រះអង្គ។ ក្រោយពីបានចំអកមើលងាយព្រះអង្គរួចហើយ គេក៏ដោះអាវវែងនោះចេញ ហើយយកព្រះពស្ត្ររបស់ព្រះអង្គមកបំពាក់វិញ រួចនាំព្រះអង្គចេញទៅឆ្កាង។ ពេលចេញទៅ គេប្រទះឃើញបុរសម្នាក់ ជាអ្នកស្រុកគីរេន ឈ្មោះស៊ីម៉ូន គេក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងព្រះអង្គ។
ម៉ាថាយ 27:21-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស!»។ លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់ឈ្មោះ យេស៊ូ ហៅព្រះគ្រិស្តនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។ លោកមានប្រសាសន៍ថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?»។ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។ ដោយលោកពីឡាតឃើញថានិយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។ ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។ លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកឲ្យគេវាយនឹងរំពាត់ រួចបញ្ជូនព្រះអង្គទៅឲ្យគេឆ្កាង។ ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមព្រះអង្គ។ គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។ គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើព្រះសិរសាព្រះអង្គ និងយកដើមត្រែងមកដាក់ក្នុងព្រះហស្ដស្ដាំឲ្យព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ និងយកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។ ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវធំចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកបំពាក់ថ្វាយព្រះអង្គវិញ រួចបណ្ដើរនាំយកទៅឆ្កាង។ ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។
ម៉ាថាយ 27:21-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះលោកចៅហ្វាយចាប់ពាក្យសួរគេថា ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា គេឆ្លើយឡើងថា សូមលែងបារ៉ាបាសចុះ លោកពីឡាត់សួរគេថា ដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ អ្នកទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឆ្កាងវាទៅ នោះលោកចៅហ្វាយសួរថា តើអ្នកនេះបានធ្វើខុសអ្វី តែគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ កាលលោកពីឡាត់ឃើញថា មិនឈ្នះទេ កើតមានកោលាហលកាន់តែខ្លាំងឡើងដូច្នោះ នោះលោកយកទឹកមកលាងដៃ នៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ ការនេះស្រេចនៅអ្នករាល់គ្នាចុះ បណ្តាជនទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា នឹងកូនចៅរបស់យើងចុះ ដូច្នេះ លោកក៏លែងបារ៉ាបាសឲ្យដល់គេ ឯព្រះយេស៊ូវវិញ កាលគេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។ នោះពួកទាហានរបស់លោកចៅហ្វាយ គេក៏នាំព្រះយេស៊ូវទៅក្នុងសាលា រួចប្រមូលក្រុមទាហានទាំងអស់មកទាស់នឹងទ្រង់ គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង កាលគេបានចំអកមើលងាយទ្រង់ស្រេចហើយ ក៏ដោះអាវនោះចេញ ហើយបំពាក់ព្រះពស្ត្រទ្រង់ទៅវិញ រួចនាំចេញទៅឆ្កាង។ កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ