ម៉ាថាយ 27:17-26
ម៉ាថាយ 27:17-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ កាលគេបានជួបជុំគ្នាហើយ លោកពីឡាត់សួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា បារ៉ាបាស ឬយេស៊ូវ ហៅព្រះគ្រីស្ទ?» ដ្បិតលោកជ្រាបថា គេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីច្រណែន។ កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។ តែពួកសង្គ្រាជ និងពួកចាស់ទុំនាំគ្នាបញ្ចុះបញ្ចូលមហាជន ឲ្យសុំដោះលែងបារ៉ាបាស ហើយសម្លាប់ព្រះយេស៊ូវ។ លោកទេសាភិបាលមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើចង់ឲ្យខ្ញុំលែងអ្នកណាឲ្យអ្នករាល់គ្នា?» គេឆ្លើយថា៖ «បារ៉ាបាស»។ លោកពីឡាត់សួរគេថា៖ «ដូច្នេះ តើឲ្យខ្ញុំធ្វើដូចម្តេចជាមួយយេស៊ូវ ហៅព្រះគ្រីស្ទនេះ?» គេទាំងអស់គ្នាឆ្លើយថា៖ «ឆ្កាងវាទៅ!» លោកពីឡាត់សួរថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអំពើអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!»។ កាលលោកពីឡាត់ឃើញថា លោកមិនអាចធ្វើអ្វីទៀតបាន ហើយថែមទាំងចាប់ផ្ដើមមានចលាចលកាន់តែខ្លាំងឡើងផង លោកក៏យកទឹកមកលាងដៃនៅមុខបណ្តាជន ទាំងមានប្រសាសន៍ថា៖ «ខ្ញុំគ្មានទោសដោយសារឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងចុះ»។ បណ្តាជនទាំងអស់គ្នាឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់វាធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ»។ ពេលនោះ លោកក៏ដោះលែងបារ៉ាបាសឲ្យដល់គេ ហើយបញ្ជាឲ្យគេវាយព្រះយេស៊ូវនឹងរំពាត់ រួចប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។
ម៉ាថាយ 27:17-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬយេស៊ូហៅព្រះគ្រិស្ត?»។ លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្តច្រណែន។ នៅពេលលោកពីឡាតអង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាញុះញង់បណ្ដាជនឲ្យសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតព្រះយេស៊ូ។ លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស!»។ លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់ឈ្មោះ យេស៊ូ ហៅព្រះគ្រិស្តនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។ លោកមានប្រសាសន៍ថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?»។ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។ ដោយលោកពីឡាតឃើញថានិយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។ ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។ លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកឲ្យគេវាយនឹងរំពាត់ រួចបញ្ជូនព្រះអង្គទៅឲ្យគេឆ្កាង។
ម៉ាថាយ 27:17-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កាលគេបានប្រជុំគ្នាជាស្រេច នោះលោកពីឡាត់សួរថា តើអ្នករាល់គ្នាចង់ឲ្យខ្ញុំលែងឈ្មោះណា បារ៉ាបាស ឬយេស៊ូវ ដែលហៅថា ព្រះគ្រីស្ទ ដ្បិតលោកបានជ្រាបថា គេបញ្ជូនទ្រង់ដោយចិត្តឈ្នានីសទេ កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី នោះប្រពន្ធលោកប្រើបំរើមកជំរាបថា កុំឲ្យធ្វើអ្វីដល់មនុស្សសុចរិតនោះឡើយ ដ្បិតនៅថ្ងៃនេះ ខ្ញុំបានយល់សប្តិកើតទុក្ខជាច្រើន ដោយព្រោះមនុស្សនោះ តែពួកសង្គ្រាជ នឹងពួកចាស់ទុំ គេបញ្ចេះហ្វូងមនុស្ស ឲ្យសូមបារ៉ាបាសវិញ ហើយឲ្យបំផ្លាញព្រះយេស៊ូវបង់ នោះលោកចៅហ្វាយចាប់ពាក្យសួរគេថា ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា គេឆ្លើយឡើងថា សូមលែងបារ៉ាបាសចុះ លោកពីឡាត់សួរគេថា ដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ អ្នកទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឆ្កាងវាទៅ នោះលោកចៅហ្វាយសួរថា តើអ្នកនេះបានធ្វើខុសអ្វី តែគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ កាលលោកពីឡាត់ឃើញថា មិនឈ្នះទេ កើតមានកោលាហលកាន់តែខ្លាំងឡើងដូច្នោះ នោះលោកយកទឹកមកលាងដៃ នៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ ការនេះស្រេចនៅអ្នករាល់គ្នាចុះ បណ្តាជនទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា នឹងកូនចៅរបស់យើងចុះ ដូច្នេះ លោកក៏លែងបារ៉ាបាសឲ្យដល់គេ ឯព្រះយេស៊ូវវិញ កាលគេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។