ម៉ាថាយ 27:1-5
ម៉ាថាយ 27:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនទាំងអស់ ពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវដើម្បីធ្វើគុតព្រះអង្គ គេចងព្រះអង្គនាំទៅប្រគល់ឲ្យលោកពីឡាត់ ជាទេសាភិបាល។ កាលយូដាស ជាអ្នកក្បត់ព្រះអង្គឃើញថាព្រះអង្គជាប់ទោស គាត់សោកស្តាយជាខ្លាំង ហើយយកប្រាក់កាក់សាមសិបស្លឹង ទៅប្រគល់ឲ្យពួកសង្គ្រាជ និងពួកចាស់ទុំវិញ ដោយពោលថា៖ «ខ្ញុំបានធ្វើបាប ព្រោះខ្ញុំបានក្បត់នឹងឈាមដែលឥតទោស»។ គេឆ្លើយថា៖ «តើរឿងនេះទាក់ទងអ្វីដល់យើង? នេះជារឿងរបស់អ្នកឯងទេតើ!»។ គាត់ក៏បោះប្រាក់កាក់នោះទៅក្នុងព្រះវិហារ ហើយចេញទៅក្រៅ រួចចងកសម្លាប់ខ្លួន។
ម៉ាថាយ 27:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និងព្រឹទ្ធាចារ្យ*ទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្តធ្វើគុតព្រះយេស៊ូ។ គេក៏ចងព្រះអង្គ បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។ កាលយូដាសជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឲ្យពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*វិញ ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឲ្យគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។ យូដាសបាចប្រាក់នោះនៅក្នុងព្រះវិហារ* ហើយចេញទៅចងកសម្លាប់ខ្លួន។
ម៉ាថាយ 27:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ព្រឹកឡើង ពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់ ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុកឈ្មោះប៉ុនទាស-ពីឡាត់។ កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយ ក៏យកប្រាក់៣០ទៅឲ្យដល់ពួកសង្គ្រាជ នឹងពួកចាស់ទុំវិញ ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ តែគេឆ្លើយថា តើនោះអំពល់អ្វីដល់យើង ការនោះស្រេចនៅឯងទេតើ វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ