ម៉ាថាយ 27:1-18
ម៉ាថាយ 27:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនទាំងអស់ ពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវដើម្បីធ្វើគុតព្រះអង្គ គេចងព្រះអង្គនាំទៅប្រគល់ឲ្យលោកពីឡាត់ ជាទេសាភិបាល។ កាលយូដាស ជាអ្នកក្បត់ព្រះអង្គឃើញថាព្រះអង្គជាប់ទោស គាត់សោកស្តាយជាខ្លាំង ហើយយកប្រាក់កាក់សាមសិបស្លឹង ទៅប្រគល់ឲ្យពួកសង្គ្រាជ និងពួកចាស់ទុំវិញ ដោយពោលថា៖ «ខ្ញុំបានធ្វើបាប ព្រោះខ្ញុំបានក្បត់នឹងឈាមដែលឥតទោស»។ គេឆ្លើយថា៖ «តើរឿងនេះទាក់ទងអ្វីដល់យើង? នេះជារឿងរបស់អ្នកឯងទេតើ!»។ គាត់ក៏បោះប្រាក់កាក់នោះទៅក្នុងព្រះវិហារ ហើយចេញទៅក្រៅ រួចចងកសម្លាប់ខ្លួន។ ពួកសង្គ្រាជរើសប្រាក់កាក់នោះ ហើយពោលថា៖ «ប្រាក់កាក់នេះគ្មានច្បាប់នឹងទុកក្នុងហិបតង្វាយទេ ព្រោះជាប្រាក់បង់ថ្លៃឈាម ។» ក្រោយពីបានពិគ្រោះគ្នាហើយ គេក៏យកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពពួកសាសន៍ដទៃ។ ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតដល់សព្វថ្ងៃ។ ហេតុការណ៍នេះក៏បានសម្រេចសេចក្ដីដែលបានថ្លែងទុកមកតាមរយៈហោរាយេរេមាថា៖ «គេបានយកប្រាក់កាក់សាមសិបស្លឹង ជាតម្លៃព្រះអង្គដែលពួកកូនចៅអ៊ីស្រាអែលបានកាត់ថ្លៃ ហើយគេឲ្យប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បានបង្គាប់ខ្ញុំ» ។ នៅវេលានេះ ព្រះយេស៊ូវឈរនៅមុខលោកទេសាភិបាល ហើយលោកទេសាភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្តេចរបស់សាសន៍យូដាឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។ ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ នោះព្រះអង្គមិនបានឆ្លើយអ្វីសោះ។ ពេលនោះ លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកមិនឮសេចក្ដីទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?» ព្រះយេស៊ូវពុំបានមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ ជាហេតុធ្វើឲ្យលោកទេសាភិបាលឆ្ងល់ជាខ្លាំង។ នៅឱកាសបុណ្យនោះ លោកទេសាភិបាលតែងមានទម្លាប់ដោះលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ នៅពេលនោះ គេមានអ្នកទោសល្បីម្នាក់ ឈ្មោះបារ៉ាបាស។ ដូច្នេះ កាលគេបានជួបជុំគ្នាហើយ លោកពីឡាត់សួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា បារ៉ាបាស ឬយេស៊ូវ ហៅព្រះគ្រីស្ទ?» ដ្បិតលោកជ្រាបថា គេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីច្រណែន។
ម៉ាថាយ 27:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និងព្រឹទ្ធាចារ្យ*ទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្តធ្វើគុតព្រះយេស៊ូ។ គេក៏ចងព្រះអង្គ បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។ កាលយូដាសជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឲ្យពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*វិញ ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឲ្យគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។ យូដាសបាចប្រាក់នោះនៅក្នុងព្រះវិហារ* ហើយចេញទៅចងកសម្លាប់ខ្លួន។ ពួកនាយកបូជាចារ្យរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានច្បាប់នឹងបញ្ចូលប្រាក់នេះទៅក្នុងហិបតង្វាយឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម»។ ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។ ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតមកទល់សព្វថ្ងៃ។ ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*យេរេមាថា៖ «គេបានយកប្រាក់សាមសិបស្លឹង ជាប្រាក់ដែលជនជាតិអ៊ីស្រាអែលសន្មតថា ជាថ្លៃទិញលោកនោះ ហើយគេបានយកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ»។ ព្រះយេស៊ូឈរនៅចំពោះមុខលោកទេសាភិបាលលោកសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។ លោកពីឡាតសួរព្រះអង្គថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។ ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំឲ្យលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះយេស៊ូបារ៉ាបាស។ កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬយេស៊ូហៅព្រះគ្រិស្ត?»។ លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្តច្រណែន។
ម៉ាថាយ 27:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ព្រឹកឡើង ពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់ ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុកឈ្មោះប៉ុនទាស-ពីឡាត់។ កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយ ក៏យកប្រាក់៣០ទៅឲ្យដល់ពួកសង្គ្រាជ នឹងពួកចាស់ទុំវិញ ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ តែគេឆ្លើយថា តើនោះអំពល់អ្វីដល់យើង ការនោះស្រេចនៅឯងទេតើ វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ ឯពួកសង្គ្រាជ គេរើសប្រាក់នោះមកនិយាយថា ប្រាក់នេះគ្មានច្បាប់នឹងដាក់ទុកក្នុងឃ្លាំងទេ ពីព្រោះជាថ្លៃឈាម លុះគេបានពិគ្រោះគ្នាហើយ ក៏យកប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ទុកសំរាប់ជាទីកប់ខ្មោចនៃសាសន៍ដទៃវិញ ដោយហេតុនោះបានជាគេហៅវាលនោះថា «វាលឈាម» ដរាបដល់សព្វថ្ងៃនេះ នោះបានសំរេចតាមទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា «គេបានយកប្រាក់៣០ ជាដំឡៃព្រះអង្គ ដែលគេបានកាត់ថ្លៃឲ្យ គឺដែលពួកកូនចៅសាសន៍អ៊ីស្រាអែលបានកាត់ថ្លៃនោះ ហើយគេឲ្យប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ដូចជាព្រះអម្ចាស់ទ្រង់បានបង្គាប់ខ្ញុំ»។ ឯព្រះយេស៊ូវ ទ្រង់ឈរនៅមុខលោកចៅហ្វាយ ហើយលោកក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ព្រះយេស៊ូវ ទ្រង់មានបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ តែកាលពួកសង្គ្រាជ នឹងពួកចាស់ទុំចោទប្រកាន់ទ្រង់ នោះទ្រង់មិនបានមានបន្ទូលឆ្លើយសោះ លោកពីឡាត់ក៏ទូលសួរទ្រង់ថា តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬអី តែព្រះយេស៊ូវ ទ្រង់មិនមានបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់។ ឯនៅបុណ្យនោះ លោកចៅហ្វាយតែងធ្លាប់លែងអ្នកទោសម្នាក់ ឲ្យដល់ហ្វូងមនុស្ស តាមគេសូម នៅគ្រានោះ គេមានអ្នកទោសម្នាក់ ដែលមានល្បីឈ្មោះៗបារ៉ាបាស ដូច្នេះ កាលគេបានប្រជុំគ្នាជាស្រេច នោះលោកពីឡាត់សួរថា តើអ្នករាល់គ្នាចង់ឲ្យខ្ញុំលែងឈ្មោះណា បារ៉ាបាស ឬយេស៊ូវ ដែលហៅថា ព្រះគ្រីស្ទ ដ្បិតលោកបានជ្រាបថា គេបញ្ជូនទ្រង់ដោយចិត្តឈ្នានីសទេ