ម៉ាថាយ 26:69-74

ម៉ាថាយ 26:69-74 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​វេលា​នោះ ពេត្រុស​កំពុង​អង្គុយ​នៅ​ក្នុង​ទីលាន​ខាង​ក្រៅ។ ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់ ហើយ​និយាយ​ថា៖ «អ្នក​ឯង​ក៏​នៅ​ជា​មួយ​យេស៊ូវ ជា​អ្នក​ស្រុក​កាលីឡេ​នោះ​ដែរ!» ប៉ុន្តែ គាត់​ប្រ‌កែក​នៅ​មុខ​គេ​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នាង​ចង់​និយាយ​ពី​អ្វី​ទេ!»។ ពេល​គាត់​ចេញ​ទៅ​ខ្លោង​ទ្វារ ស្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ប្រាប់​អ្នក​នៅ​ទី​នោះ​ថា៖ «អ្នក​នេះ​នៅ​ជា​មួយ​យេស៊ូវ ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។ គាត់​ក៏​ប្រ‌កែក​ម្តង​ទៀត ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ»។ បន្តិច​ក្រោយ​មក ពួក​អ្នក​ដែល​នៅ​ទី​នោះ នាំ​គ្នា​ចូល​មក​ជិត​ពេត្រុស ហើយ​ពោល​ថា៖ «ប្រាកដ​ហើយ អ្នក​ឯង​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ដ្បិត​សំឡេង​និយាយ​របស់​អ្នក​ឯង​បង្ហាញ​ច្បាស់​ហើយ»។ ពេល​នោះ គាត់​ចាប់​ផ្ដើម​យក​ខ្លួន​ស្បថ​ស្បែ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!» ខណៈ​នោះ មាន់​ក៏​រងាវ​ឡើង​ភ្លាម។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:69-74 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ លោក​ពេត្រុស​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា។ មាន​ស្ត្រី​បម្រើ​របស់​មហា​បូជា‌ចារ្យ*​ម្នាក់​ចូល​មក​ជិត​គាត់ ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ស្រុក​កាលី‌ឡេ​ដែរ!»។ ប៉ុន្តែ គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ!»។ ពេល​លោក​ពេត្រុស​ដើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ពោល​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែរ!»។ លោក​ពេត្រុស​ក៏​ប្រកែក​សា​ជា​ថ្មី ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!»។ បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​នាំ​គ្នា​ចូល​ទៅ​ជិត​លោក​ពេត្រុស ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស​ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សម្ដី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលី‌ឡេ​មែន!»។ លោក​ពេត្រុស​ក៏​ពោល​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ!។ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ!»។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:69-74 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពេត្រុស គាត់​អង្គុយ​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រៅ នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ឯ​គាត់​និយាយ​ថា អ្នក​ឯង​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​កាលី‌ឡេ​នេះ​ដែរ តែ​គាត់​ប្រកែក​នៅ​មុខ​អ្នក​ទាំង​អស់​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​អ្វី​ទេ កាល​គាត់​បាន​ចេញ​ទៅ​ដល់​មាត់​ទ្វារ​ហើយ នោះ​បាវ​ស្រី​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ទី​នោះ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​ដែរ គាត់​ក៏​ប្រកែក​ម្តង​ទៀត ទាំង​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ក្រោយ​បន្តិច​មក ពួក​អ្នក​ដែល​នៅ​ទី​នោះ គេ​មក​ឯ​ពេត្រុស​ចោទ​ថា ឯង​ប្រាកដ​ជា​ពួក​មនុស្ស​នោះ​ដែរ ដ្បិត​សំដី​ឯង​ស​ពី​ខ្លួន​ឯង​ឲ្យ​ដឹង​ហើយ នោះ​គាត់​ចាប់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ស្រាប់​តែ​មាន់​ក៏​រងាវ​ឡើង

ចែក​រំលែក
អាន ម៉ាថាយ 26