ម៉ាថាយ 26:50-56
ម៉ាថាយ 26:50-56 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ចូរធ្វើទៅចុះ!» ពេលនោះ គេក៏ចូលមកចាប់ព្រះអង្គ។ ខណៈនោះ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូវលូកដៃហូតដាវរបស់ខ្លួន ហើយកាប់អ្នកបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវ នឹងត្រូវស្លាប់ដោយដាវ។ តើអ្នកស្មានថា ខ្ញុំមិនអាចសូមដល់ព្រះវរបិតាខ្ញុំ ហើយព្រះអង្គនឹងចាត់ទេវតាលើសជាងដប់ពីរកង មកជួយខ្ញុំបានភ្លាមទេឬ? បើធ្វើដូច្នោះ តើបទគម្ពីរនឹងសម្រេចដូចម្ដេចបាន ដែលថា ហេតុការណ៍នេះត្រូវតែកើតឡើងយ៉ាងនេះ?» នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់បណ្តាជនថា៖ «តើខ្ញុំនេះជាចោរឬ បានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបងដូច្នេះ? រាល់ថ្ងៃ ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហារ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ ការទាំងអស់នេះបានកើតមក ដើម្បីឲ្យបានសម្រេចសេចក្ដីដែលពួកហោរាបានចែងទុកនៅក្នុងបទគម្ពីរ»។ ពេលនោះ ពួកសិស្សទាំងអស់ក៏រត់ចោលព្រះអង្គ ហើយគេចខ្លួនអស់ទៅ។
ម៉ាថាយ 26:50-56 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ* ដាច់ស្លឹកត្រចៀក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនោះថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវនឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ អ្នកស្មានថា ខ្ញុំមិនអាចអង្វរករព្រះបិតាខ្ញុំឲ្យចាត់ទេវតាជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ? តែបើធ្វើដូច្នោះ ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារ*ជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។ ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរព្យាការី*។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។
ម៉ាថាយ 26:50-56 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែព្រះយេស៊ូវទ្រង់មានបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ ខណនោះ មានម្នាក់ដែលនៅជាមួយនឹងព្រះយេស៊ូវ គាត់លូកដៃទៅហូតដាវ កាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់ តែព្រះយេស៊ូវមានបន្ទូលទៅថា ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កងមកខ្ញុំជា១រំពេចទេឬអី បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ។ នៅវេលានោះឯង ព្រះយេស៊ូវមានបន្ទូលទៅហ្វូងមនុស្សថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី ខ្ញុំបានអង្គុយជាមួយនឹងអ្នករាល់គ្នា ហើយបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។