ម៉ាថាយ 26:45-50
ម៉ាថាយ 26:45-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គយាងមករកពួកសិស្ស ហើយមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នានៅតែដេកលក់ ហើយសម្រាកទៀតឬ? មើល៍ ពេលកំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ! មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរក៏មកដល់ ទាំងមានមនុស្សជាច្រើនកាន់ដាវ និងដំបងមកជាមួយ។ អ្នកទាំងនោះត្រូវបានពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនចាត់ឲ្យមក។ អ្នកដែលក្បត់ព្រះអង្គបានឲ្យសញ្ញាមួយដល់គេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!» យូដាសក៏ចូលមករកព្រះយេស៊ូវភ្លាម ហើយទូលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចក៏ថើបព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ចូរធ្វើទៅចុះ!» ពេលនោះ គេក៏ចូលមកចាប់ព្រះអង្គ។
ម៉ាថាយ 26:45-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះអង្គវិលមករកសិស្សវិញ មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ឥឡូវនេះ ជិតដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបហើយ។ ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្ស*ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមកដល់ ទាំងមានបណ្ដាជនជាច្រើនកាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជនបានចាត់អ្នកទាំងនោះឲ្យមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។ កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកព្រះយេស៊ូទូលថា៖ «ជម្រាបសួរព្រះគ្រូ!» រួចថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។
ម៉ាថាយ 26:45-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទ្រង់យាងមកឯពួកសិស្សមានបន្ទូលថា ឥឡូវនេះ អ្នករាល់គ្នាដេកលក់ ហើយសំរាកកំឡាំងទៀតឬ មើល កំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ។ កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះឃើញយូដាស ជាម្នាក់ក្នុងពួក១២មកដល់ នាំទាំងហ្វូងមនុស្សជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជនឹងពួកចាស់ទុំនៃបណ្តាជន ឯអ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ ស្រាប់តែវាមកដល់ព្រះយេស៊ូវគំនាប់ទូលថា ជំរាបសួរលោកគ្រូ រួចក៏ថើបទ្រង់ តែព្រះយេស៊ូវទ្រង់មានបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ