ម៉ាថាយ 26:40-46

ម៉ាថាយ 26:40-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌អង្គ​យាង​ត្រឡប់​មក​រក​ពួក​សិស្ស ហើយ​ឃើញ​គេ​កំពុង​ដេក​លក់ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «តើ​អ្នក​រាល់​គ្នា​ទ្រាំ​នៅ​ចាំ​យាម​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​មិន​បាន​ទេ​ឬ? ចូរ​ចាំ​យាម ហើយ​អធិស្ឋាន ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង ដ្បិត​វិញ្ញាណ​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ម្តង​ទៀត ជា​លើក​ទី​ពីរ ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ ដោយ​ចៀស​ពុំ​បាន សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ»។ កាល​ព្រះ‌អង្គ​យាង​ត្រឡប់​មក​វិញ ព្រះ‌អង្គ​ឃើញ​ពួក​គេ​ដេក​លក់​ទៀត ដ្បិត​ភ្នែក​របស់​គេ​ធ្ងន់​ជ្រប់។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ពួក​គេ​ម្តង​ទៀត ហើយ​អធិស្ឋាន​ជា​លើក​ទី​បី ដោយ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ដដែល។ បន្ទាប់​មក ព្រះ‌អង្គ​យាង​មក​រក​ពួក​សិស្ស ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ ហើយ​សម្រាក​ទៀត​ឬ? មើល៍ ពេល​កំណត់​ជិត​ដល់​ហើយ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​បាប។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ! មើល៍ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:40-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​យាង​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!។ ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។ ព្រះអង្គ​យាង​ចេញ​ទៅ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ ប្រសិន​បើ​ទូលបង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ!»។ ព្រះ‌យេស៊ូ​វិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន*​ជា​លើក​ទី​បី ហើយ​ទូល‌អង្វរ​ដោយ​ពាក្យ​ដដែល។ បន្ទាប់​មក ព្រះអង្គ​វិល​មក​រក​សិស្ស​វិញ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ឥឡូវ​នេះ ជិត​ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប​ហើយ។ ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ មក​ជិត​ដល់​ហើយ!»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:40-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ទ្រង់​យាង​មក​ដល់​ពួក​សិស្ស ឃើញ​គេ​ដេក​លក់ ក៏​មាន​បន្ទូល​ទៅ​ពេត្រុស​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​តែ​១​ម៉ោង​មិន​បាន​ទេ​ឬ​អី ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​មិន​ឲ្យ​កើត​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ កាល​ទ្រង់​បាន​យាង​ទៅ​ម្តង​ទៀត នោះ​ក៏​អធិស្ឋាន​ថា ឱ​ព្រះវរ‌បិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ​ពុំ​បាន លើក​តែ​ទូលបង្គំ​ទទួល នោះ​សូម​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ កាល​ទ្រង់​បាន​យាង​មក​វិញ នោះ​ក៏​ឃើញ​ពួក​សិស្ស​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ រួច​ទ្រង់​យាង​ចោល​គេ​ទៅ​ម្តង​ទៀត នឹង​អធិស្ឋាន​ជា​គំរប់​៣​ដង ដោយ​បន្ទូល​ជា​សេចក្ដី​ដដែល នោះ​ទ្រង់​យាង​មក​ឯ​ពួក​សិស្ស​មាន​បន្ទូល​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ មើល កំណត់​ជិត​ដល់​ហើយ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ​ជិត​មក​ដល់​ហើយ។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:40-46

ម៉ាថាយ 26:40-46 គខប