ម៉ាថាយ 26:40-43
ម៉ាថាយ 26:40-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្ស ហើយឃើញគេកំពុងដេកលក់ ព្រះអង្គក៏មានព្រះបន្ទូលទៅពេត្រុសថា៖ «តើអ្នករាល់គ្នាទ្រាំនៅចាំយាមជាមួយខ្ញុំ សូម្បីតែមួយម៉ោងមិនបានទេឬ? ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ ព្រះអង្គយាងចេញទៅម្តងទៀត ជាលើកទីពីរ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ ប្រសិនបើទូលបង្គំត្រូវតែផឹកពីពែងនេះ ដោយចៀសពុំបាន សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។ កាលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គឃើញពួកគេដេកលក់ទៀត ដ្បិតភ្នែករបស់គេធ្ងន់ជ្រប់។
ម៉ាថាយ 26:40-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គយាងមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!។ ចូរប្រុងស្មារតី ហើយអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ ព្រះអង្គយាងចេញទៅម្ដងទៀតជាលើកទីពីរ ហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមឲ្យសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ!»។ ព្រះយេស៊ូវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។
ម៉ាថាយ 26:40-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទ្រង់យាងមកដល់ពួកសិស្ស ឃើញគេដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែ១ម៉ោងមិនបានទេឬអី ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ កាលទ្រង់បានយាងទៅម្តងទៀត នោះក៏អធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាពែងនេះកន្លងហួសពីទូលបង្គំទៅពុំបាន លើកតែទូលបង្គំទទួល នោះសូមតាមព្រះហឫទ័យទ្រង់ចុះ កាលទ្រង់បានយាងមកវិញ នោះក៏ឃើញពួកសិស្សដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់
