ម៉ាថាយ 26:37-39
ម៉ាថាយ 26:37-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គយកពេត្រុស និងកូនរបស់សេបេដេទាំងពីរនាក់ទៅជាមួយ។ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាម ជាមួយខ្ញុំ»។ កាលយាងទៅមុខបានបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ! ប្រសិនបើបាន សូមឲ្យពែងនេះចៀសផុតពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។
ម៉ាថាយ 26:37-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គនាំលោកពេត្រុស និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមព្រួយព្រះហឫទ័យ ហើយចុកចាប់អន្ទះសាពន់ប្រមាណ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតីជាមួយខ្ញុំ»។ ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភ័ក្ត្រដល់ដី ទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាកនេះចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។
ម៉ាថាយ 26:37-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់យកពេត្រុស នឹងកូនសេបេដេទាំង២នាក់ទៅជាមួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ចាំយាមជាមួយនឹងខ្ញុំសិន កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ