ម៉ាថាយ 26:17-25

ម៉ាថាយ 26:17-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចូល​ទៅ​ជួប​បុរស​ម្នាក់​នៅ​ក្នុង​ទី​ក្រុង ហើយ​ប្រាប់​ថា "លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក"» ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​ដូច​ព្រះ‌យេស៊ូវ​បាន​បង្គាប់ ហើយ​គេ​រៀបចំ​ពិធី​បុណ្យ​រំលង។ លុះ​ដល់​ពេល​ល្ងាច ព្រះ‌អង្គ​រួម​តុ​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ហើយ​ពេល​គេ​កំពុង​បរិ‌ភោគ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​ផ្ដើម​ទូល​សួរ​ព្រះ‌អង្គ​ម្នាក់​ម្ដងៗ​ថា៖ «ព្រះ‌អម្ចាស់! តើ​ទូល‌បង្គំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​លូក​ដៃ​ទៅ​ក្នុង​ចាន​ជា​មួយ​ខ្ញុំ អ្នក​នោះ​ឯង​នឹង​ក្បត់​ខ្ញុំ ។ កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។ ពេល​នោះ យូដាស ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ទូល​សួរ​ថា៖ «រ៉ាប៊ី! តើ​ខ្ញុំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:17-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ* សិស្ស*​នាំ​គ្នា​មក​គាល់​ព្រះ‌យេស៊ូ ទូល​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ជប់‌លៀង​ជូន ក្នុង​ឱកាស​បុណ្យ​ចម្លង*​នៅ​កន្លែង​ណា?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​បុរស​ម្នាក់​នៅ​ទីក្រុង ប្រាប់​គាត់​ថា: “លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់*​របស់​ខ្ញុំ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​សិស្ស​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​អ្នក”»។ សិស្ស​នាំ​គ្នា​ធ្វើ​តាម​ដូច​ព្រះ‌យេស៊ូ​បង្គាប់ ហើយ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង។ លុះ​ដល់​ល្ងាច ព្រះអង្គ​រួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប។ នៅ​ពេល​បរិភោគ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង ម្នាក់ៗ​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ទូលបង្គំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ។ បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។ យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ទូល​សួរ​ថា៖ «ព្រះ‌គ្រូ! តើ​ខ្ញុំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:17-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀប​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា ទ្រង់​ឆ្លើយ​ថា ឲ្យ​ចូល​ទៅ​ក្នុង​ទី​ក្រុង ដល់​ម្នាក់​ណា​មួយ​នោះ ហើយ​ប្រាប់​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា កំណត់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​តាម​បង្គាប់​ព្រះ‌យេស៊ូវ ហើយ​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង។ ដល់​ល្ងាច ទ្រង់​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​១២​នាក់ កាល​កំពុង​តែ​បរិភោគ នោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ នោះ​គ្រប់​គ្នា​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​តាំង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​មួយ ដែល​លូក​ដៃ​ចុះ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ អ្នក​នោះ​ឯង​នឹង​បញ្ជូន​ខ្ញុំ​ទៅ ឯ​កូន​មនុស្ស ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ដំណើរ​លោក ប៉ុន្តែ​វេទនា​ដល់​អ្នក​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង នោះ​យូដាស ជា​អ្នក​ដែល​បញ្ជូន​ទ្រង់ វា​ចាប់​ពាក្យ​ទូល​ថា លោក​គ្រូ​អើយ តើ​ខ្ញុំ​ឬ​អី ទ្រង់​មាន​បន្ទូល​ទៅ​វា​ថា ត្រូវ​ដូច​អ្នក​និយាយ​ហើយ។

ចែក​រំលែក
អាន ម៉ាថាយ 26