ម៉ាថាយ 26:14-35
ម៉ាថាយ 26:14-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សិស្សម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសង្គ្រាជ សួរថា៖ «តើអស់លោកឲ្យអ្វីខ្ញុំ បើខ្ញុំប្រគល់អ្នកនោះជូនអស់លោក?» គេក៏រាប់ប្រាក់កាក់ឲ្យគាត់សាមសិបស្លឹង ហើយចាប់ពីពេលនោះមក យូដាសចេះតែរកឱកាសដើម្បីប្រគល់ព្រះអង្គឲ្យពួកគេ។ នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ពួកសិស្សបានចូលមកជិតព្រះយេស៊ូវទូលថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរចូលទៅជួបបុរសម្នាក់នៅក្នុងទីក្រុង ហើយប្រាប់ថា "លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងប្រារព្ធពិធីបុណ្យរំលងជាមួយពួកសិស្សខ្ញុំនៅផ្ទះអ្នក"» ដូច្នេះ ពួកសិស្សក៏ធ្វើដូចព្រះយេស៊ូវបានបង្គាប់ ហើយគេរៀបចំពិធីបុណ្យរំលង។ លុះដល់ពេលល្ងាច ព្រះអង្គរួមតុជាមួយអ្នកទាំងដប់ពីរ ហើយពេលគេកំពុងបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។ ពួកសិស្សព្រួយជាខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់! តើទូលបង្គំឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលលូកដៃទៅក្នុងចានជាមួយខ្ញុំ អ្នកនោះឯងនឹងក្បត់ខ្ញុំ ។ កូនមនុស្សត្រូវទៅមែន ដូចសេចក្តីដែលបានចែងទុកអំពីលោក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលក្បត់កូនមនុស្ស! ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាង»។ ពេលនោះ យូដាស ជាអ្នកដែលក្បត់ព្រះអង្គទូលសួរថា៖ «រ៉ាប៊ី! តើខ្ញុំឬ?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។ កាលគេកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «ចូរយក ហើយបរិភោគចុះ នេះជារូបកាយខ្ញុំ»។ បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទានឲ្យពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្ដីសញ្ញា [ថ្មី] ដែលបានបង្ហូរចេញ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរនេះទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យនៃព្រះវរបិតាខ្ញុំ»។ ក្រោយពីបានច្រៀងទំនុកតម្កើងមួយរួចហើយ គេក៏នាំគ្នាចេញទៅភ្នំដើមអូលីវ។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «យប់នេះ អ្នករាល់គ្នានឹងរវាតចិត្ត ដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ" ប៉ុន្តែ ក្រោយពេលខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ ពេត្រុសទូលព្រះអង្គថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្ត ដោយព្រោះព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនរវាតចិត្តជាដាច់ខាត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ ពេត្រុសទូលព្រះអង្គថា៖ «ទោះបើទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនប្រកែកថា មិនស្គាល់ព្រះអង្គជាដាច់ខាត» ហើយពួកសិស្សទាំងអស់ក៏និយាយដូចគ្នា។
ម៉ាថាយ 26:14-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ សិស្ស*ម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ* ជម្រាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង។ ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។ នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* សិស្ស*នាំគ្នាមកគាល់ព្រះយេស៊ូ ទូលថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង*នៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថា: “លោកគ្រូមានប្រសាសន៍ថា ពេលកំណត់*របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក”»។ សិស្សនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសិស្សទាំងដប់ពីររូប។ នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ពួកសិស្សព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «អ្នកណាជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។ បុត្រមនុស្ស*ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។ យូដាសជាអ្នកក្បត់ព្រះអង្គ ទូលសួរថា៖ «ព្រះគ្រូ! តើខ្ញុំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។ នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប៉័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស* ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ»។ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសិស្ស ទាំងមានព្រះបន្ទូលថា៖ «សុំយកពិសាទាំងអស់គ្នាចុះ នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី*ដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឲ្យរួចពីបាប។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យ*នៃព្រះបិតាខ្ញុំ»។ ក្រោយពីបានច្រៀងទំនុកតម្កើង *រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថា: “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ” ។ ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។
ម៉ាថាយ 26:14-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ មានម្នាក់ក្នុងពួក១២នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត វាទៅឯពួកសង្គ្រាជសួរថា បើខ្ញុំបញ្ជូនអ្នកនោះមកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសំរេចនឹងឲ្យប្រាក់៣០រៀលដល់វា ចាប់តាំងពីវេលានោះមក វាក៏ចេះតែរកឱកាសនឹងបញ្ជូនទ្រង់ទៅ។ នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែ នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា ទ្រង់ឆ្លើយថា ឲ្យចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សខ្ញុំនៅផ្ទះអ្នក ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង។ ដល់ល្ងាច ទ្រង់គង់នៅតុជាមួយនឹងពួក១២នាក់ កាលកំពុងតែបរិភោគ នោះទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងបញ្ជូនខ្ញុំ នោះគ្រប់គ្នាមានសេចក្ដីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី តែទ្រង់មានបន្ទូលឆ្លើយថា គឺជាអ្នកមួយ ដែលលូកដៃចុះក្នុងចានជាមួយនឹងខ្ញុំ អ្នកនោះឯងនឹងបញ្ជូនខ្ញុំទៅ ឯកូនមនុស្ស ត្រូវទៅមែន តាមសេចក្ដីដែលបានចែងទុកពីដំណើរលោក ប៉ុន្តែវេទនាដល់អ្នកនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង នោះយូដាស ជាអ្នកដែលបញ្ជូនទ្រង់ វាចាប់ពាក្យទូលថា លោកគ្រូអើយ តើខ្ញុំឬអី ទ្រង់មានបន្ទូលទៅវាថា ត្រូវដូចអ្នកនិយាយហើយ។ គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប តែខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី ជាមួយនឹងអ្នករាល់គ្នានៅក្នុងនគរព្រះវរបិតានៃខ្ញុំ រួចកាលបានច្រៀងទំនុកមួយហើយ នោះក៏នាំគ្នាចេញទៅឯភ្នំដើមអូលីវ។ ខណនោះ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងមានចិត្តរវាតចេញដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកមកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» ប៉ុន្តែ កាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នា ពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់នឹងរវាតចិត្ត ដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅវេលាយប់នេះ មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ ពេត្រុសទូលតបថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក៏ដោយ គង់តែមិនព្រមថា មិនស្គាល់ទ្រង់ឡើយ ហើយពួកសិស្សទាំងអស់ក៏ថាឡើងដូចគ្នា។