ម៉ាថាយ 26:1-50
ម៉ាថាយ 26:1-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង ហើយកូនមនុស្សនឹងត្រូវគេបញ្ជូនទៅឆ្កាង»។ ពេលនោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នា នៅទីលានរបស់សម្ដេចសង្ឃ ឈ្មោះកៃផាស ពួកគេពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវ ហើយសម្លាប់ព្រះអង្គដោយប្រើឧបាយកល។ ប៉ុន្តែ គេនិយាយថា៖ «កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។ ពេលព្រះយេស៊ូវកំពុងគង់នៅភូមិបេតថានី ក្នុងផ្ទះរបស់ស៊ីម៉ូន ជាមនុស្សឃ្លង់ នោះមានស្ត្រីម្នាក់ចូលមកគាល់ព្រះអង្គទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងក្រអូបដ៏មានតម្លៃបំផុត ហើយចាក់ប្រេងក្រអូបនោះលើព្រះសិររបស់ព្រះអង្គ ពេលទ្រង់កំពុងគង់នៅតុអាហារ។ ពេលពួកសិស្សឃើញដូច្នោះ គេទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ហេតុអ្វីក៏ខ្ជះខ្ជាយដូច្នេះ? ដ្បិតប្រេងនេះអាចយកទៅលក់បានតម្លៃយ៉ាងខ្ពស់ ហើយយកប្រាក់ទៅចែកទានឲ្យអ្នកក្រវិញ»។ ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីការនោះ ហើយក៏មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករំខានចិត្តនាងដូច្នេះ? ដ្បិតនាងបានធ្វើការល្អចំពោះខ្ញុំ។ អ្នករាល់គ្នាមានអ្នកក្រនៅជាមួយរហូត តែខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ ការដែលនាងបានចាក់ប្រេងក្រអូបលើរូបកាយខ្ញុំដូច្នេះ នាងបានរៀបចំសម្រាប់ពិធីបញ្ចុះសពរបស់ខ្ញុំ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលដំណឹងល្អនេះប្រកាសទៅដល់ នោះគេនឹងតំណាលពីការដែលនាងបានធ្វើ ជាការរំឭកអំពីនាង»។ ពេលនោះ សិស្សម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសង្គ្រាជ សួរថា៖ «តើអស់លោកឲ្យអ្វីខ្ញុំ បើខ្ញុំប្រគល់អ្នកនោះជូនអស់លោក?» គេក៏រាប់ប្រាក់កាក់ឲ្យគាត់សាមសិបស្លឹង ហើយចាប់ពីពេលនោះមក យូដាសចេះតែរកឱកាសដើម្បីប្រគល់ព្រះអង្គឲ្យពួកគេ។ នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ពួកសិស្សបានចូលមកជិតព្រះយេស៊ូវទូលថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរចូលទៅជួបបុរសម្នាក់នៅក្នុងទីក្រុង ហើយប្រាប់ថា "លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងប្រារព្ធពិធីបុណ្យរំលងជាមួយពួកសិស្សខ្ញុំនៅផ្ទះអ្នក"» ដូច្នេះ ពួកសិស្សក៏ធ្វើដូចព្រះយេស៊ូវបានបង្គាប់ ហើយគេរៀបចំពិធីបុណ្យរំលង។ លុះដល់ពេលល្ងាច ព្រះអង្គរួមតុជាមួយអ្នកទាំងដប់ពីរ ហើយពេលគេកំពុងបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។ ពួកសិស្សព្រួយជាខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់! តើទូលបង្គំឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលលូកដៃទៅក្នុងចានជាមួយខ្ញុំ អ្នកនោះឯងនឹងក្បត់ខ្ញុំ ។ កូនមនុស្សត្រូវទៅមែន ដូចសេចក្តីដែលបានចែងទុកអំពីលោក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលក្បត់កូនមនុស្ស! ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាង»។ ពេលនោះ យូដាស ជាអ្នកដែលក្បត់ព្រះអង្គទូលសួរថា៖ «រ៉ាប៊ី! តើខ្ញុំឬ?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។ កាលគេកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «ចូរយក ហើយបរិភោគចុះ នេះជារូបកាយខ្ញុំ»។ បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទានឲ្យពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្ដីសញ្ញា [ថ្មី] ដែលបានបង្ហូរចេញ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរនេះទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យនៃព្រះវរបិតាខ្ញុំ»។ ក្រោយពីបានច្រៀងទំនុកតម្កើងមួយរួចហើយ គេក៏នាំគ្នាចេញទៅភ្នំដើមអូលីវ។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «យប់នេះ អ្នករាល់គ្នានឹងរវាតចិត្ត ដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ" ប៉ុន្តែ ក្រោយពេលខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ ពេត្រុសទូលព្រះអង្គថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្ត ដោយព្រោះព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនរវាតចិត្តជាដាច់ខាត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ ពេត្រុសទូលព្រះអង្គថា៖ «ទោះបើទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនប្រកែកថា មិនស្គាល់ព្រះអង្គជាដាច់ខាត» ហើយពួកសិស្សទាំងអស់ក៏និយាយដូចគ្នា។ ពេលនោះ ព្រះយេស៊ូវយាងទៅជាមួយពួកសិស្ស ដល់កន្លែងមួយឈ្មោះ សួនគែតសេម៉ានី ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអង្គុយនៅទីនេះចុះ នៅពេលខ្ញុំទៅអធិស្ឋាននៅទីនោះ»។ ព្រះអង្គយកពេត្រុស និងកូនរបស់សេបេដេទាំងពីរនាក់ទៅជាមួយ។ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាម ជាមួយខ្ញុំ»។ កាលយាងទៅមុខបានបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ! ប្រសិនបើបាន សូមឲ្យពែងនេះចៀសផុតពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។ បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្ស ហើយឃើញគេកំពុងដេកលក់ ព្រះអង្គក៏មានព្រះបន្ទូលទៅពេត្រុសថា៖ «តើអ្នករាល់គ្នាទ្រាំនៅចាំយាមជាមួយខ្ញុំ សូម្បីតែមួយម៉ោងមិនបានទេឬ? ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ ព្រះអង្គយាងចេញទៅម្តងទៀត ជាលើកទីពីរ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ ប្រសិនបើទូលបង្គំត្រូវតែផឹកពីពែងនេះ ដោយចៀសពុំបាន សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។ កាលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គឃើញពួកគេដេកលក់ទៀត ដ្បិតភ្នែករបស់គេធ្ងន់ជ្រប់។ ដូច្នេះ ព្រះអង្គក៏យាងចេញពីពួកគេម្តងទៀត ហើយអធិស្ឋានជាលើកទីបី ដោយមានព្រះបន្ទូលជាពាក្យដដែល។ បន្ទាប់មក ព្រះអង្គយាងមករកពួកសិស្ស ហើយមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នានៅតែដេកលក់ ហើយសម្រាកទៀតឬ? មើល៍ ពេលកំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ! មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរក៏មកដល់ ទាំងមានមនុស្សជាច្រើនកាន់ដាវ និងដំបងមកជាមួយ។ អ្នកទាំងនោះត្រូវបានពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនចាត់ឲ្យមក។ អ្នកដែលក្បត់ព្រះអង្គបានឲ្យសញ្ញាមួយដល់គេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!» យូដាសក៏ចូលមករកព្រះយេស៊ូវភ្លាម ហើយទូលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចក៏ថើបព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ចូរធ្វើទៅចុះ!» ពេលនោះ គេក៏ចូលមកចាប់ព្រះអង្គ។
ម៉ាថាយ 26:1-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យចម្លង* គេនឹងចាប់បុត្រមនុស្ស*បញ្ជូនទៅឆ្កាង»។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផា ហើយបានសម្រេចចិត្តជាមួយគ្នា រកកលល្បិចចាប់ព្រះយេស៊ូយកទៅធ្វើគុត។ ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។ ព្រះយេស៊ូគង់នៅភូមិបេតថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។ មានស្ត្រីម្នាក់ចូលមករកព្រះអង្គ ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលុប។ ពេលព្រះយេស៊ូកំពុងសោយព្រះស្ងោយ នាងយកប្រេងក្រអូបនោះចាក់លើព្រះសិរសាព្រះអង្គ។ ពួកសិស្ស*ឃើញដូច្នេះទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអីចឹង! បើយកប្រេងក្រអូបនេះទៅលក់មុខជាបានប្រាក់ច្រើន សម្រាប់ចែកទានដល់ជនក្រីក្រវិញ!»។ ព្រះយេស៊ូជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជារករឿងនាងដូច្នេះ! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ អ្នករាល់គ្នាមានជនក្រីក្រនៅជាមួយរហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ*នេះ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំឭកអំពីនាង»។ ពេលនោះ សិស្ស*ម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ* ជម្រាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង។ ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។ នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* សិស្ស*នាំគ្នាមកគាល់ព្រះយេស៊ូ ទូលថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង*នៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថា: “លោកគ្រូមានប្រសាសន៍ថា ពេលកំណត់*របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក”»។ សិស្សនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសិស្សទាំងដប់ពីររូប។ នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ពួកសិស្សព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «អ្នកណាជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។ បុត្រមនុស្ស*ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។ យូដាសជាអ្នកក្បត់ព្រះអង្គ ទូលសួរថា៖ «ព្រះគ្រូ! តើខ្ញុំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។ នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប៉័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស* ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ»។ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសិស្ស ទាំងមានព្រះបន្ទូលថា៖ «សុំយកពិសាទាំងអស់គ្នាចុះ នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី*ដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឲ្យរួចពីបាប។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យ*នៃព្រះបិតាខ្ញុំ»។ ក្រោយពីបានច្រៀងទំនុកតម្កើង *រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថា: “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ” ។ ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។ ពេលនោះ ព្រះយេស៊ូយាងទៅជាមួយពួកសិស្ស*ដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន*នៅត្រង់កន្លែងនោះ»។ ព្រះអង្គនាំលោកពេត្រុស និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមព្រួយព្រះហឫទ័យ ហើយចុកចាប់អន្ទះសាពន់ប្រមាណ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតីជាមួយខ្ញុំ»។ ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភ័ក្ត្រដល់ដី ទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាកនេះចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ ព្រះអង្គយាងមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!។ ចូរប្រុងស្មារតី ហើយអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ ព្រះអង្គយាងចេញទៅម្ដងទៀតជាលើកទីពីរ ហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមឲ្យសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ!»។ ព្រះយេស៊ូវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។ ព្រះអង្គក៏យាងចាកចេញពីគេទៅអធិស្ឋាន*ជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។ បន្ទាប់មក ព្រះអង្គវិលមករកសិស្សវិញ មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ឥឡូវនេះ ជិតដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបហើយ។ ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្ស*ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមកដល់ ទាំងមានបណ្ដាជនជាច្រើនកាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជនបានចាត់អ្នកទាំងនោះឲ្យមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។ កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកព្រះយេស៊ូទូលថា៖ «ជម្រាបសួរព្រះគ្រូ!» រួចថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។
ម៉ាថាយ 26:1-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា អ្នករាល់គ្នាដឹងថា នៅ២ថ្ងៃទៀត នឹងចូលបុណ្យរំលងហើយ ឯកូនមនុស្ស ក៏ត្រូវគេបញ្ជូនទៅ ឲ្យត្រូវជាប់ឆ្កាងដែរ។ នៅគ្រានោះ ពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំនៃបណ្តាជន គេប្រជុំគ្នានៅទីព្រះលាននៃសំដេចសង្ឃ ព្រះនាមកៃផា ក៏ពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកល ហើយសំឡាប់បង់ តែគេថា កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងបណ្តាជនកើតកោលាហល។ រីឯកាលព្រះយេស៊ូវទ្រង់គង់ក្នុងផ្ទះស៊ីម៉ូន ជាអ្នកឃ្លង់នៅភូមិបេថានី នោះមានស្ត្រីម្នាក់មកឯទ្រង់ កាន់ទាំងដបថ្មកែវ ដាក់ប្រេងក្រអូបមានដំឡៃដ៏វិសេស នាងក៏ចាក់ប្រេងនោះលើព្រះសិរទ្រង់ ដែលទ្រង់កំពុងតែគង់នៅតុ តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី ដ្បិតប្រេងនេះនឹងលក់បានប្រាក់ជាច្រើន ដើម្បីនឹងចែកឲ្យដល់មនុស្សក្រីក្រ តែព្រះយេស៊ូវទ្រង់ជ្រាប ហើយក៏មានបន្ទូលទៅគេថា ហេតុអ្វីបានជាបង្អាក់ដល់ចិត្តនាងដូច្នេះ ដ្បិតនាងបានធ្វើការល្អដល់ខ្ញុំណាស់ ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ ដែលនាងនេះបានចាក់ប្រេងក្រអូបលើខ្លួនខ្ញុំ នោះគឺបានធ្វើសំរាប់រៀបកប់ខ្មោចខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងប្រកាសប្រាប់ដំណឹងល្អនេះ នៅគ្រប់ក្នុងលោកីយទាំងមូល នោះគេនឹងដំណាលពីការដែលនាងបានធ្វើនេះដែរ ទុកសំរាប់ជាកេរ្តិ៍នាង។ នៅគ្រានោះ មានម្នាក់ក្នុងពួក១២នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត វាទៅឯពួកសង្គ្រាជសួរថា បើខ្ញុំបញ្ជូនអ្នកនោះមកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសំរេចនឹងឲ្យប្រាក់៣០រៀលដល់វា ចាប់តាំងពីវេលានោះមក វាក៏ចេះតែរកឱកាសនឹងបញ្ជូនទ្រង់ទៅ។ នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែ នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា ទ្រង់ឆ្លើយថា ឲ្យចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សខ្ញុំនៅផ្ទះអ្នក ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង។ ដល់ល្ងាច ទ្រង់គង់នៅតុជាមួយនឹងពួក១២នាក់ កាលកំពុងតែបរិភោគ នោះទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងបញ្ជូនខ្ញុំ នោះគ្រប់គ្នាមានសេចក្ដីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី តែទ្រង់មានបន្ទូលឆ្លើយថា គឺជាអ្នកមួយ ដែលលូកដៃចុះក្នុងចានជាមួយនឹងខ្ញុំ អ្នកនោះឯងនឹងបញ្ជូនខ្ញុំទៅ ឯកូនមនុស្ស ត្រូវទៅមែន តាមសេចក្ដីដែលបានចែងទុកពីដំណើរលោក ប៉ុន្តែវេទនាដល់អ្នកនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង នោះយូដាស ជាអ្នកដែលបញ្ជូនទ្រង់ វាចាប់ពាក្យទូលថា លោកគ្រូអើយ តើខ្ញុំឬអី ទ្រង់មានបន្ទូលទៅវាថា ត្រូវដូចអ្នកនិយាយហើយ។ គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប តែខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី ជាមួយនឹងអ្នករាល់គ្នានៅក្នុងនគរព្រះវរបិតានៃខ្ញុំ រួចកាលបានច្រៀងទំនុកមួយហើយ នោះក៏នាំគ្នាចេញទៅឯភ្នំដើមអូលីវ។ ខណនោះ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងមានចិត្តរវាតចេញដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកមកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» ប៉ុន្តែ កាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នា ពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់នឹងរវាតចិត្ត ដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅវេលាយប់នេះ មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ ពេត្រុសទូលតបថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក៏ដោយ គង់តែមិនព្រមថា មិនស្គាល់ទ្រង់ឡើយ ហើយពួកសិស្សទាំងអស់ក៏ថាឡើងដូចគ្នា។ នោះព្រះយេស៊ូវ ព្រមទាំងពួកសិស្ស ក៏ទៅដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានបន្ទូលទៅគេថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំនឹងទៅអធិស្ឋាននៅឯណោះ រួចទ្រង់យកពេត្រុស នឹងកូនសេបេដេទាំង២នាក់ទៅជាមួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ចាំយាមជាមួយនឹងខ្ញុំសិន កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ នោះទ្រង់យាងមកដល់ពួកសិស្ស ឃើញគេដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែ១ម៉ោងមិនបានទេឬអី ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ កាលទ្រង់បានយាងទៅម្តងទៀត នោះក៏អធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាពែងនេះកន្លងហួសពីទូលបង្គំទៅពុំបាន លើកតែទូលបង្គំទទួល នោះសូមតាមព្រះហឫទ័យទ្រង់ចុះ កាលទ្រង់បានយាងមកវិញ នោះក៏ឃើញពួកសិស្សដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ រួចទ្រង់យាងចោលគេទៅម្តងទៀត នឹងអធិស្ឋានជាគំរប់៣ដង ដោយបន្ទូលជាសេចក្ដីដដែល នោះទ្រង់យាងមកឯពួកសិស្សមានបន្ទូលថា ឥឡូវនេះ អ្នករាល់គ្នាដេកលក់ ហើយសំរាកកំឡាំងទៀតឬ មើល កំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ។ កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះឃើញយូដាស ជាម្នាក់ក្នុងពួក១២មកដល់ នាំទាំងហ្វូងមនុស្សជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជនឹងពួកចាស់ទុំនៃបណ្តាជន ឯអ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ ស្រាប់តែវាមកដល់ព្រះយេស៊ូវគំនាប់ទូលថា ជំរាបសួរលោកគ្រូ រួចក៏ថើបទ្រង់ តែព្រះយេស៊ូវទ្រង់មានបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ