ម៉ាថាយ 25:33-45
ម៉ាថាយ 25:33-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង។ ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងស្តាំថា "អស់អ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលព្រះរាជ្យ ដែលបានរៀបចំទុកជាមត៌កសម្រាប់អ្នករាល់គ្នាតាំងពីកំណើតពិភពលោកមក ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់យើង កាលយើងឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់គុក អ្នករាល់គ្នាក៏បានមកសួរសុខទុក្ខយើងដែរ"។ ពេលនោះ ពួកមនុស្សសុចរិតនឹងទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ហើយថ្វាយអាហារព្រះអង្គសោយពីអង្កាល់ ឬឃើញព្រះអង្គស្រេក ហើយថ្វាយទឹកព្រះអង្គសោយពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គជាអ្នកដទៃ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅអាក្រាត ហើយថ្វាយសម្លៀកបំពាក់ព្រះអង្គពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?" ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។ បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ! ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាមិនបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាមិនបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាមិនបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាមិនបានឲ្យសម្លៀកបំពាក់ដល់យើង ក៏ឈឺ ហើយជាប់គុក អ្នករាល់គ្នាមិនបានមកសួរសុខទុក្ខយើងសោះ"។ ពេលនោះ គេក៏ទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ឬស្រេក ជាអ្នកដទៃ ឬនៅអាក្រាត ឈឺ ឬជាប់គុក ហើយមិនបានទៅបម្រើព្រះអង្គពីអង្កាល់?" ព្រះអង្គនឹងមានព្រះបន្ទូលទៅគេថា "ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាមិនបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមអ្នកទាំងនេះ នោះអ្នករាល់គ្នាក៏មិនបានធ្វើដល់យើងដែរ"។
ម៉ាថាយ 25:33-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺឲ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលព្រះអង្គបានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងឲ្យស្នាក់អាស្រ័យ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកឲ្យយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ”។ ពួកអ្នកសុចរិតទូលព្រះអង្គវិញថា: “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់? តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គឲ្យស្នាក់អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់? តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?”។ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ”។ បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថា: “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសមារ*សាតាំង និងបរិវាររបស់វានោះទៅ! ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានឲ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានឲ្យទឹកយើងពិសាដែរ កាលយើងជាជនបរទេស អ្នករាល់គ្នាពុំបានទទួលយើងឲ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឲ្យយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។ ពួកនោះនាំគ្នាទូលព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយព្រះអង្គសោះពីអង្កាល់?”។ ព្រះអង្គមានព្រះបន្ទូលទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្តចំពោះយើងដែរ”។
ម៉ាថាយ 25:33-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង នោះលោកដ៏ជាស្តេច នឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្តាំថា ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ រួចទ្រង់នឹងមានបន្ទូលទៅពួកខាងឆ្វេងទៀតថា ពួកអ្នករាល់គ្នាដែលត្រូវបណ្តាសាអើយ ចូរថយពីអញចេញ ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសំរាប់អារក្ស ហើយនឹងពួកទេវតារបស់វាវិញ ពីព្រោះអញបានឃ្លាន តែឯងរាល់គ្នាមិនបានឲ្យបរិភោគទេ អញបានស្រេក តែឯងរាល់គ្នាមិនបានឲ្យផឹកទេ អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបានមកសួរសោះ រួចគេនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ឃ្លាន ឬស្រេក ឬជាអ្នកដទៃ ឬនៅអាក្រាត ឬឈឺ ឬជាប់គុក ហើយមិនបានទៅជួយទ្រង់នោះពីកាលណា នោះទ្រង់នឹងមានបន្ទូលតបថា អញប្រាប់ឯងរាល់គ្នាជាប្រាកដថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញដែរ