ម៉ាថាយ 25:31-41

ម៉ាថាយ 25:31-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ពេល​កូន​មនុស្ស​មក​ក្នុង​សិរី​ល្អ​របស់​លោក ហើយ​អស់​ទាំង​ទេវតា​ក៏​មក​ជា​មួយ នោះ​លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក។ គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ លោក​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង។ ពេល​នោះ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា "អស់​អ្នក​ដែល​ព្រះ‌វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ! ចូរ​មក​ទទួល​ព្រះរាជ្យ ដែល​បាន​រៀបចំ​ទុក​ជា​មត៌ក​សម្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត​ពិភព​លោក​មក ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិ‌ភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ផឹក កាល​យើង​ជា​អ្នក​ដទៃ អ្នក​រាល់​គ្នា​បាន​ទទួល​យើង កាល​យើង​នៅ​អាក្រាត អ្នក​រាល់​គ្នា​បាន​ឲ្យ​សម្លៀក‌បំពាក់​យើង កាល​យើង​ឈឺ អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​កាល​យើង​ជាប់​គុក អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរ​សុខ​ទុក្ខ​យើង​ដែរ"។ ពេល​នោះ ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ព្រះ‌អង្គ​ថា "ព្រះ‌អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ហើយ​ថ្វាយ​អាហារ​ព្រះ‌អង្គ​សោយ​ពី​អង្កាល់ ឬ​ឃើញ​ព្រះ‌អង្គ​ស្រេក ហើយ​ថ្វាយ​ទឹក​ព្រះ‌អង្គ​សោយ​ពី​អង្កាល់? តើ​យើង​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ​ជា​អ្នក​ដទៃ ហើយ​ទទួល​ព្រះ‌អង្គ​ពី​អង្កាល់ ឬ​ឃើញ​ព្រះ‌អង្គ​នៅ​អាក្រាត ហើយ​ថ្វាយ​សម្លៀក‌បំពាក់​ព្រះ‌អង្គ​ពី​អង្កាល់? តើ​យើង​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ​ឈឺ ឬ​ជាប់​គុក ហើយ​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌អង្គ​ពី​អង្កាល់?" ព្រះ‌មហាក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា "យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ចំណោម​ពួក​បង‌ប្អូន​របស់​យើង​នេះ នោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដល់​យើង​ហើយ"។ បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ឆ្វេង​ថា "ពួក​ត្រូវ​បណ្តាសា​អើយ! ចូរ​ថយ​ចេញ​ពី​យើង ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សម្រាប់​អារក្ស និង​ពួក​ទេវតា​របស់​វា​នោះ​ទៅ!

ចែក​រំលែក
អាន ម៉ាថាយ 25

ម៉ាថាយ 25:31-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«នៅ​ពេល​បុត្រ​មនុស្ស​យាង​មក​ជា​មួយ​ពួក​ទេវតា* ប្រកប​ដោយ​សិរី‌រុងរឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុងរឿង។ ពេល​នោះ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ គឺ​ឲ្យ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។ ពេល​នោះ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ថា “អស់​អ្នក​ដែល​ព្រះ‌បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​ព្រះ‌រាជ្យ​ដែល​ព្រះអង្គ​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​យើង កាល​យើង​មាន​ជំងឺ អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​កាល​យើង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរ​យើង​ដែរ”។ ពួក​អ្នក​សុចរិត​ទូល​ព្រះអង្គ​វិញ​ថា: “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះអង្គ​សោយ ឬ​ឃើញ​ព្រះអង្គ​ស្រេក ហើយ​យក​ទឹក​មក​ថ្វាយ​ព្រះអង្គ​សោយ​ពី​អង្កាល់? តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះអង្គ​ឲ្យ​ស្នាក់​អាស្រ័យ ឬ​ឃើញ​ព្រះអង្គ​គ្មាន​សម្លៀក‌បំពាក់ ហើយ​យក​សម្លៀក‌បំពាក់​មក​ថ្វាយ​ព្រះអង្គ​ពី​អង្កាល់? តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ព្រះអង្គ​ពី​អង្កាល់?”។ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បងប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។ បន្ទាប់​មក ព្រះអង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថា: “ពួក​ត្រូវ​បណ្ដា‌សា​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ជា​ភ្លើង​បម្រុង​ទុក​សម្រាប់​ផ្ដន្ទា‌ទោស​មារ*​សាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ!

ចែក​រំលែក
អាន ម៉ាថាយ 25

ម៉ាថាយ 25:31-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី‌ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា​មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុងរឿង​ឧត្តម​របស់​លោក រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះវរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក ពី​ព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង យើង​នៅ​អាក្រាត ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀក‌ពាក់​ឲ្យ​យើង យើង​បាន​ឈឺ ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើង នោះ​ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា ឬ​ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាល​ណា តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ​ជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាល​ណា នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ រួច​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​ពួក​ខាង​ឆ្វេង​ទៀត​ថា ពួក​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្តាសា​អើយ ចូរ​ថយ​ពី​អញ​ចេញ ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សំរាប់​អារក្ស ហើយ​នឹង​ពួក​ទេវតា​របស់​វា​វិញ

ចែក​រំលែក
អាន ម៉ាថាយ 25