ម៉ាថាយ 25:24-30

ម៉ាថាយ 25:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​មួយ​ពាន់ ក៏​ចូល​មក​ដែរ ហើយ​ជម្រាប​ថា "លោក​ម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ ដូច្នេះ ខ្ញុំ​ខ្លាច ហើយ​យក​ប្រាក់​របស់​លោក​ទៅ​កប់​ទុក​ក្នុង​ដី មើល៍ សូម​លោក​យក​ប្រាក់​របស់​លោក​វិញ​ចុះ"។ ប៉ុន្តែ ចៅហ្វាយ​របស់​គាត់​ឆ្លើយ​ថា "អ្នក​បម្រើ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ នោះ​អ្នក​គួរ​តែ​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ ហើយ​ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​បាន​ទទួល​ប្រាក់​របស់​ខ្ញុំ ទាំង​ដើម​ទាំង​ការ។ ដូច្នេះ ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ហើយ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​មួយ​ម៉ឺន​វិញ។ ដ្បិត​នឹង​ឲ្យ​កាន់​តែ​ច្រើន​ដល់​អស់​អ្នក​ដែល​មាន ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​យក សូម្បី​តែ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ចំណែក​ឯ​អ្នក​បម្រើ​ឥត​ប្រយោជន៍​នេះ ចូរ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ"»។

ចែក​រំលែក
អាន ម៉ាថាយ 25

ម៉ាថាយ 25:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាប​ថា: “លោក​ម្ចាស់! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌តែង​ណាស់។ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។ ខ្ញុំ​ប្របាទ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​ឲ្យ ទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ប្របាទ​ភ័យ​ខ្លាច​ពេក។ ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់​របស់​លោក​វិញ​ចុះ”។ ម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថា: “នែ អ្នក​បម្រើ​អា‌ក្រក់ ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។ គួរ​តែ​អ្នក​យក​ប្រាក់​ខ្ញុំ​ទៅ​ចង​ការ កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ទទួល​ប្រាក់​ទាំង​ដើម ទាំង​ការ!។ ចូរ​យក​ប្រាក់​ពី​អ្នក​នេះ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​នោះ​ទៅ ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរ‌ហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ចំណែក​ឯ​អ្នក​បម្រើ​ឥត​បាន​ការ​នេះ ចូរ​យក​គាត់​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។

ចែក​រំលែក
អាន ម៉ាថាយ 25

ម៉ាថាយ 25:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ ដូច្នេះ ខ្ញុំ​នឹក​ខ្លាច ក៏​ទៅ​កប់​ប្រាក់​១​ពាន់​នេះ​ទុក​ក្នុង​ដី ហ៏ ខ្ញុំ​សូម​ប្រគល់​របស់​លោក​ជូន​លោក​វិញ ចៅហ្វាយ​ក៏​ឆ្លើយ​តប​ថា បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ បើ​ឯង​ដឹង​ថា អញ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ នោះ​គួរ​តែ​ឯង​បាន​យក​ប្រាក់​ទៅ ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ​ចុះ លុះ​ដល់​អញ​មក​វិញ នោះ​នឹង​បាន​ប្រាក់​អញ ទាំង​ដើម ទាំង​ការ​ផង ដូច្នេះ ចូរ​ដក​ប្រាក់​១​ពាន់​នោះ​ពី​វា​ចេញ ឲ្យ​ដល់​អ្នក​ដែល​មាន​១​ម៉ឺន​វិញ ដ្បិត​នឹង​ឲ្យ​ដល់​អស់​អ្នក​ដែល​មាន ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ហូត​យក ទាំង​របស់​អ្វី​ដែល​អ្នក​នោះ​មាន​ផង ឯ​បាវ​ឥត​ប្រយោជន៍​នោះ ចូរ​បោះ​វា​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

ចែក​រំលែក
អាន ម៉ាថាយ 25