ម៉ាថាយ 25:14-20
ម៉ាថាយ 25:14-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ដ្បិតដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលហៀបនឹងចេញដំណើរ បានហៅពួកអ្នកបម្រើរបស់ខ្លួនមកប្រគល់ទ្រព្យសម្បត្តិទុកនឹងគេ។ គាត់ឲ្យទៅម្នាក់ប្រាំពាន់ ម្នាក់ទៀតពីរពាន់ ហើយម្នាក់ទៀតមួយពាន់ គឺឲ្យម្នាក់ៗតាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចគាត់ក៏ចេញទៅ។ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំពាន់ទៀត។ អ្នកដែលបានទទួលពីរពាន់ក៏ដូច្នោះដែរ គឺចំណេញបានពីរពាន់ទៀត។ ប៉ុន្តែ អ្នកដែលបានទទួលមួយពាន់ គាត់ចេញទៅ ហើយជីកដីកប់ប្រាក់ចៅហ្វាយរបស់ខ្លួនទុក។ លុះអស់រយៈពេលជាយូរក្រោយមក ចៅហ្វាយរបស់អ្នកបម្រើទាំងនោះត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយពួកគេ។ ពេលនោះ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាំពាន់ទៀតចូលមក ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញប្រាំពាន់ទៀត"។
ម៉ាថាយ 25:14-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឲ្យ។ គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។ អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។ រីឯអ្នកដែលទទួលប្រាក់មួយណែនបានចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។ លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ ដោយពោលថា: “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត”។
ម៉ាថាយ 25:14-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតដំណើរនេះបែបដូចជាមនុស្សម្នាក់ ដែលរៀបនឹងចេញពីស្រុកទៅ គាត់ហៅពួកបាវមកប្រគល់របស់ទ្រព្យខ្លួនទុកនឹងគេ បានឲ្យប្រាក់ទៅម្នាក់៥ពាន់ ម្នាក់ទៀត២ពាន់ ហើយអ្នកទីបី១ពាន់ គឺឲ្យគ្រប់គ្នាតាមដំរិះគេរៀងខ្លួន រួចក៏ចេញទៅ នោះអ្នកដែលទទួល៥ពាន់ ក៏យកប្រាក់ទៅជួញបានចំណេញបាន៥ពាន់ទៀត ហើយអ្នកដែលទទួល២ពាន់ គាត់ធ្វើដូច្នោះដែរ ក៏បានចំណេញ២ពាន់ទៀត តែឯអ្នកដែលទទួលតែ១ពាន់ វាទៅជីកដីកប់ប្រាក់របស់ចៅហ្វាយវិញ យូរក្រោយមក ចៅហ្វាយរបស់បាវទាំងនោះត្រឡប់មកវិញ គិតបញ្ជីនឹងគេ ចំណែកអ្នកដែលបានទទួល៥ពាន់ ក៏យក៥ពាន់ទៀតមកជំរាបចៅហ្វាយថា លោកចៅហ្វាយ លោកបានប្រគល់ប្រាក់៥ពាន់មកខ្ញុំ មើល ខ្ញុំបានចំណេញ៥ពាន់ទៀត