ម៉ាថាយ 25:1-5
ម៉ាថាយ 25:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ដូច្នេះ ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្រី្តព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ខ្លួន ចេញទៅទទួលកូនកំលោះ។ ក្នុងចំណោមពួកនាង មានប្រាំនាក់ល្ងង់ ហើយប្រាំនាក់មានគំនិត ដ្បិតពេលស្ត្រីល្ងង់យកចង្កៀងទៅ ពួកនាងមិនបានយកប្រេងទៅជាប់ជាមួយទេ តែស្ត្រីមានគំនិតវិញ ពួកនាងបានយកចង្កៀង មានទាំងប្រេងដាក់ក្នុងដបទៅជាមួយ។ ពេលកូនកំលោះក្រមកដល់ ពួកនាងទាំងនោះក៏ងោកងុយ ហើយដេកលក់ទៅ។
ម៉ាថាយ 25:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបានទៅនឹងស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាងមានប្រាំនាក់ជាស្ត្រីឥតគំនិត ប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ។ ស្ត្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទាំងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។
ម៉ាថាយ 25:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួន ចេញទៅទទួលប្ដីថ្មោងថ្មី ក្នុងពួកនាងទាំងនោះ មាន៥នាក់មានគំនិត ហើយ៥នាក់ល្ងង់ នាងល្ងង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនឹងប្រេងដាក់ក្នុងដបទៅជាមួយផង តែដោយព្រោះប្ដីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ