ម៉ាថាយ 25:1-45
ម៉ាថាយ 25:1-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ដូច្នេះ ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្រី្តព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ខ្លួន ចេញទៅទទួលកូនកំលោះ។ ក្នុងចំណោមពួកនាង មានប្រាំនាក់ល្ងង់ ហើយប្រាំនាក់មានគំនិត ដ្បិតពេលស្ត្រីល្ងង់យកចង្កៀងទៅ ពួកនាងមិនបានយកប្រេងទៅជាប់ជាមួយទេ តែស្ត្រីមានគំនិតវិញ ពួកនាងបានយកចង្កៀង មានទាំងប្រេងដាក់ក្នុងដបទៅជាមួយ។ ពេលកូនកំលោះក្រមកដល់ ពួកនាងទាំងនោះក៏ងោកងុយ ហើយដេកលក់ទៅ។ លុះដល់កណ្តាលអធ្រាត្រ មានគេស្រែកឡើងថា "មើល៍ កូនកំលោះមកហើយ! ចូរចេញទៅទទួលលោក!" ស្រី្តព្រហ្មចារីទាំងនោះក៏ភ្ញាក់ឡើង ហើយរៀបចំចង្កៀងរបស់ខ្លួន។ ស្ត្រីល្ងង់និយាយទៅស្ត្រីមានគំនិតថា "សូមចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងរបស់យើងចង់រលត់ហើយ" តែស្ត្រីមានគំនិតឆ្លើយថា "ទេ ប្រាកដជាមិនគ្រប់គ្រាន់សម្រាប់យើង និងសម្រាប់ពួកនាងទេ ចូរពួកនាងទៅរកផ្ទះលក់ប្រេង ហើយទិញសម្រាប់ខ្លួនឯងវិញទៅ"។ កាលពួកនាងទាំងនោះកំពុងទៅទិញប្រេង កូនកំលោះក៏មកដល់ ហើយពួកនាងដែលបានត្រៀមខ្លួនជាស្រេច ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេបិទទ្វារជិត។ ក្រោយមក នាងព្រហ្មចារីឯទៀតក៏មកដល់ដែរ ហើយស្រែកថា "លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារឲ្យយើងខ្ញុំចូលផង!" តែលោកឆ្លើយថា "ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់ពួកនាងទេ"។ ដូច្នេះ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថ្ងៃណា ឬពេលណា [ដែលកូនមនុស្សមកដល់] ឡើយ»។ «ដ្បិតដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលហៀបនឹងចេញដំណើរ បានហៅពួកអ្នកបម្រើរបស់ខ្លួនមកប្រគល់ទ្រព្យសម្បត្តិទុកនឹងគេ។ គាត់ឲ្យទៅម្នាក់ប្រាំពាន់ ម្នាក់ទៀតពីរពាន់ ហើយម្នាក់ទៀតមួយពាន់ គឺឲ្យម្នាក់ៗតាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចគាត់ក៏ចេញទៅ។ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំពាន់ទៀត។ អ្នកដែលបានទទួលពីរពាន់ក៏ដូច្នោះដែរ គឺចំណេញបានពីរពាន់ទៀត។ ប៉ុន្តែ អ្នកដែលបានទទួលមួយពាន់ គាត់ចេញទៅ ហើយជីកដីកប់ប្រាក់ចៅហ្វាយរបស់ខ្លួនទុក។ លុះអស់រយៈពេលជាយូរក្រោយមក ចៅហ្វាយរបស់អ្នកបម្រើទាំងនោះត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយពួកគេ។ ពេលនោះ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាំពាន់ទៀតចូលមក ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញប្រាំពាន់ទៀត"។ ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ អ្នកដែលបានទទួលពីរពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញពីរពាន់ទៀត"។ ចៅហ្វាយរបស់គាត់ ពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ បន្ទាប់មក អ្នកដែលបានទទួលមួយពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ ដូច្នេះ ខ្ញុំខ្លាច ហើយយកប្រាក់របស់លោកទៅកប់ទុកក្នុងដី មើល៍ សូមលោកយកប្រាក់របស់លោកវិញចុះ"។ ប៉ុន្តែ ចៅហ្វាយរបស់គាត់ឆ្លើយថា "អ្នកបម្រើអាក្រក់ ហើយខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ នោះអ្នកគួរតែយកប្រាក់របស់ខ្ញុំទៅផ្ញើទុកនឹងអ្នកចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងបានទទួលប្រាក់របស់ខ្ញុំ ទាំងដើមទាំងការ។ ដូច្នេះ ចូរយកប្រាក់ពីអ្នកនេះ ហើយប្រគល់ឲ្យអ្នកដែលមានមួយម៉ឺនវិញ។ ដ្បិតនឹងឲ្យកាន់តែច្រើនដល់អស់អ្នកដែលមាន ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន នោះនឹងត្រូវដកយក សូម្បីតែអ្វីៗដែលអ្នកនោះមានផង។ ចំណែកឯអ្នកបម្រើឥតប្រយោជន៍នេះ ចូរយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ"»។ «ពេលកូនមនុស្សមកក្នុងសិរីល្អរបស់លោក ហើយអស់ទាំងទេវតាក៏មកជាមួយ នោះលោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿងរបស់លោក។ គ្រប់ទាំងសាសន៍នឹងត្រូវបានប្រមូលផ្ដុំគ្នានៅមុខលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ លោកនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង។ ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងស្តាំថា "អស់អ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលព្រះរាជ្យ ដែលបានរៀបចំទុកជាមត៌កសម្រាប់អ្នករាល់គ្នាតាំងពីកំណើតពិភពលោកមក ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់យើង កាលយើងឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់គុក អ្នករាល់គ្នាក៏បានមកសួរសុខទុក្ខយើងដែរ"។ ពេលនោះ ពួកមនុស្សសុចរិតនឹងទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ហើយថ្វាយអាហារព្រះអង្គសោយពីអង្កាល់ ឬឃើញព្រះអង្គស្រេក ហើយថ្វាយទឹកព្រះអង្គសោយពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គជាអ្នកដទៃ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅអាក្រាត ហើយថ្វាយសម្លៀកបំពាក់ព្រះអង្គពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?" ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។ បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ! ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាមិនបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាមិនបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាមិនបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាមិនបានឲ្យសម្លៀកបំពាក់ដល់យើង ក៏ឈឺ ហើយជាប់គុក អ្នករាល់គ្នាមិនបានមកសួរសុខទុក្ខយើងសោះ"។ ពេលនោះ គេក៏ទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ឬស្រេក ជាអ្នកដទៃ ឬនៅអាក្រាត ឈឺ ឬជាប់គុក ហើយមិនបានទៅបម្រើព្រះអង្គពីអង្កាល់?" ព្រះអង្គនឹងមានព្រះបន្ទូលទៅគេថា "ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាមិនបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមអ្នកទាំងនេះ នោះអ្នករាល់គ្នាក៏មិនបានធ្វើដល់យើងដែរ"។
ម៉ាថាយ 25:1-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបានទៅនឹងស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាងមានប្រាំនាក់ជាស្ត្រីឥតគំនិត ប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ។ ស្ត្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទាំងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។ លុះដល់ពាក់កណ្ដាលអធ្រាត្រមានគេស្រែកឡើងថា “ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!”។ ស្ត្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ ស្ត្រីឥតគំនិតនិយាយទៅកាន់ស្ត្រីឈ្លាសវៃថា “សុំចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ”។ ស្ត្រីឈ្លាសវៃឆ្លើយទៅវិញថា “ទេមិនបានទេ! បើយើងចែកឲ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។ នៅពេលស្ត្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថា: “លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារឲ្យយើងខ្ញុំចូលផង!”។ ស្វាមីឆ្លើយទៅវិញថា: “ខ្ញុំសុំប្រាប់ឲ្យនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!”។ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្ស*នឹងមកដល់ថ្ងៃណា ពេលណាឡើយ»។ «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឲ្យ។ គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។ អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។ រីឯអ្នកដែលទទួលប្រាក់មួយណែនបានចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។ លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ ដោយពោលថា: “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត”។ ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ អ្នកទទួលប្រាក់ពីរណែន ក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយជម្រាបថា: “លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានពីរណែនទៀត”។ ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ បន្ទាប់មក អ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជម្រាបថា: “លោកម្ចាស់! ខ្ញុំប្របាទដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។ ខ្ញុំប្របាទបានយកប្រាក់ដែលលោកប្រគល់ឲ្យ ទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះ”។ ម្ចាស់ក៏ពោលទៅអ្នកនោះថា: “នែ អ្នកបម្រើអាក្រក់ ខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។ គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ទាំងដើម ទាំងការ!។ ចូរយកប្រាក់ពីអ្នកនេះប្រគល់ឲ្យអ្នកដែលមានដប់ណែននោះទៅ ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបរិបូណ៌ហូរហៀរថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។ ចំណែកឯអ្នកបម្រើឥតបានការនេះ ចូរយកគាត់ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ!”»។ «នៅពេលបុត្រមនុស្សយាងមកជាមួយពួកទេវតា* ប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។ ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ គឺឲ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលព្រះអង្គបានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងឲ្យស្នាក់អាស្រ័យ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកឲ្យយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ”។ ពួកអ្នកសុចរិតទូលព្រះអង្គវិញថា: “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់? តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គឲ្យស្នាក់អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់? តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?”។ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ”។ បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថា: “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសមារ*សាតាំង និងបរិវាររបស់វានោះទៅ! ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានឲ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានឲ្យទឹកយើងពិសាដែរ កាលយើងជាជនបរទេស អ្នករាល់គ្នាពុំបានទទួលយើងឲ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឲ្យយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។ ពួកនោះនាំគ្នាទូលព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយព្រះអង្គសោះពីអង្កាល់?”។ ព្រះអង្គមានព្រះបន្ទូលទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្តចំពោះយើងដែរ”។
ម៉ាថាយ 25:1-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួន ចេញទៅទទួលប្ដីថ្មោងថ្មី ក្នុងពួកនាងទាំងនោះ មាន៥នាក់មានគំនិត ហើយ៥នាក់ល្ងង់ នាងល្ងង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនឹងប្រេងដាក់ក្នុងដបទៅជាមួយផង តែដោយព្រោះប្ដីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ លុះដល់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរសំរែកថា នែ ប្ដីមកហើយ ចូរចេញទៅទទួលចុះ ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ តែកំពុងដែលនាងទាំងនោះទៅទិញ ប្ដីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ ឯនាងព្រហ្មចារីឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ។ ដ្បិតដំណើរនេះបែបដូចជាមនុស្សម្នាក់ ដែលរៀបនឹងចេញពីស្រុកទៅ គាត់ហៅពួកបាវមកប្រគល់របស់ទ្រព្យខ្លួនទុកនឹងគេ បានឲ្យប្រាក់ទៅម្នាក់៥ពាន់ ម្នាក់ទៀត២ពាន់ ហើយអ្នកទីបី១ពាន់ គឺឲ្យគ្រប់គ្នាតាមដំរិះគេរៀងខ្លួន រួចក៏ចេញទៅ នោះអ្នកដែលទទួល៥ពាន់ ក៏យកប្រាក់ទៅជួញបានចំណេញបាន៥ពាន់ទៀត ហើយអ្នកដែលទទួល២ពាន់ គាត់ធ្វើដូច្នោះដែរ ក៏បានចំណេញ២ពាន់ទៀត តែឯអ្នកដែលទទួលតែ១ពាន់ វាទៅជីកដីកប់ប្រាក់របស់ចៅហ្វាយវិញ យូរក្រោយមក ចៅហ្វាយរបស់បាវទាំងនោះត្រឡប់មកវិញ គិតបញ្ជីនឹងគេ ចំណែកអ្នកដែលបានទទួល៥ពាន់ ក៏យក៥ពាន់ទៀតមកជំរាបចៅហ្វាយថា លោកចៅហ្វាយ លោកបានប្រគល់ប្រាក់៥ពាន់មកខ្ញុំ មើល ខ្ញុំបានចំណេញ៥ពាន់ទៀត ចៅហ្វាយនិយាយថា ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ កាលអ្នកដែលទទួល២ពាន់បានមកដល់ នោះក៏ជំរាបថា លោកចៅហ្វាយ លោកបានប្រគល់២ពាន់មកខ្ញុំ មើល ខ្ញុំបានចំណេញ២ពាន់ទៀត ចៅហ្វាយនិយាយថា ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ ឯអ្នកដែលបានទទួល១ពាន់ វាក៏ចូលមកជំរាបចៅហ្វាយថា លោកចៅហ្វាយ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់ លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ ដូច្នេះ ខ្ញុំនឹកខ្លាច ក៏ទៅកប់ប្រាក់១ពាន់នេះទុកក្នុងដី ហ៏ ខ្ញុំសូមប្រគល់របស់លោកជូនលោកវិញ ចៅហ្វាយក៏ឆ្លើយតបថា បាវអាក្រក់ ហើយខ្ជិលច្រអូសអើយ បើឯងដឹងថា អញច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ នោះគួរតែឯងបានយកប្រាក់ទៅ ផ្ញើទុកនឹងអ្នកចងការចុះ លុះដល់អញមកវិញ នោះនឹងបានប្រាក់អញ ទាំងដើម ទាំងការផង ដូច្នេះ ចូរដកប្រាក់១ពាន់នោះពីវាចេញ ឲ្យដល់អ្នកដែលមាន១ម៉ឺនវិញ ដ្បិតនឹងឲ្យដល់អស់អ្នកដែលមាន ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះនឹងត្រូវហូតយក ទាំងរបស់អ្វីដែលអ្នកនោះមានផង ឯបាវឥតប្រយោជន៍នោះ ចូរបោះវាចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។ តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នាមកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ រួចនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង នោះលោកដ៏ជាស្តេច នឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្តាំថា ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ រួចទ្រង់នឹងមានបន្ទូលទៅពួកខាងឆ្វេងទៀតថា ពួកអ្នករាល់គ្នាដែលត្រូវបណ្តាសាអើយ ចូរថយពីអញចេញ ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសំរាប់អារក្ស ហើយនឹងពួកទេវតារបស់វាវិញ ពីព្រោះអញបានឃ្លាន តែឯងរាល់គ្នាមិនបានឲ្យបរិភោគទេ អញបានស្រេក តែឯងរាល់គ្នាមិនបានឲ្យផឹកទេ អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបានមកសួរសោះ រួចគេនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ឃ្លាន ឬស្រេក ឬជាអ្នកដទៃ ឬនៅអាក្រាត ឬឈឺ ឬជាប់គុក ហើយមិនបានទៅជួយទ្រង់នោះពីកាលណា នោះទ្រង់នឹងមានបន្ទូលតបថា អញប្រាប់ឯងរាល់គ្នាជាប្រាកដថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញដែរ