ម៉ាថាយ 25:1-13
ម៉ាថាយ 25:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ដូច្នេះ ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្រី្តព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ខ្លួន ចេញទៅទទួលកូនកំលោះ។ ក្នុងចំណោមពួកនាង មានប្រាំនាក់ល្ងង់ ហើយប្រាំនាក់មានគំនិត ដ្បិតពេលស្ត្រីល្ងង់យកចង្កៀងទៅ ពួកនាងមិនបានយកប្រេងទៅជាប់ជាមួយទេ តែស្ត្រីមានគំនិតវិញ ពួកនាងបានយកចង្កៀង មានទាំងប្រេងដាក់ក្នុងដបទៅជាមួយ។ ពេលកូនកំលោះក្រមកដល់ ពួកនាងទាំងនោះក៏ងោកងុយ ហើយដេកលក់ទៅ។ លុះដល់កណ្តាលអធ្រាត្រ មានគេស្រែកឡើងថា "មើល៍ កូនកំលោះមកហើយ! ចូរចេញទៅទទួលលោក!" ស្រី្តព្រហ្មចារីទាំងនោះក៏ភ្ញាក់ឡើង ហើយរៀបចំចង្កៀងរបស់ខ្លួន។ ស្ត្រីល្ងង់និយាយទៅស្ត្រីមានគំនិតថា "សូមចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងរបស់យើងចង់រលត់ហើយ" តែស្ត្រីមានគំនិតឆ្លើយថា "ទេ ប្រាកដជាមិនគ្រប់គ្រាន់សម្រាប់យើង និងសម្រាប់ពួកនាងទេ ចូរពួកនាងទៅរកផ្ទះលក់ប្រេង ហើយទិញសម្រាប់ខ្លួនឯងវិញទៅ"។ កាលពួកនាងទាំងនោះកំពុងទៅទិញប្រេង កូនកំលោះក៏មកដល់ ហើយពួកនាងដែលបានត្រៀមខ្លួនជាស្រេច ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេបិទទ្វារជិត។ ក្រោយមក នាងព្រហ្មចារីឯទៀតក៏មកដល់ដែរ ហើយស្រែកថា "លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារឲ្យយើងខ្ញុំចូលផង!" តែលោកឆ្លើយថា "ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់ពួកនាងទេ"។ ដូច្នេះ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថ្ងៃណា ឬពេលណា [ដែលកូនមនុស្សមកដល់] ឡើយ»។
ម៉ាថាយ 25:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបានទៅនឹងស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាងមានប្រាំនាក់ជាស្ត្រីឥតគំនិត ប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ។ ស្ត្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទាំងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។ លុះដល់ពាក់កណ្ដាលអធ្រាត្រមានគេស្រែកឡើងថា “ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!”។ ស្ត្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ ស្ត្រីឥតគំនិតនិយាយទៅកាន់ស្ត្រីឈ្លាសវៃថា “សុំចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ”។ ស្ត្រីឈ្លាសវៃឆ្លើយទៅវិញថា “ទេមិនបានទេ! បើយើងចែកឲ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។ នៅពេលស្ត្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថា: “លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារឲ្យយើងខ្ញុំចូលផង!”។ ស្វាមីឆ្លើយទៅវិញថា: “ខ្ញុំសុំប្រាប់ឲ្យនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!”។ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្ស*នឹងមកដល់ថ្ងៃណា ពេលណាឡើយ»។
ម៉ាថាយ 25:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួន ចេញទៅទទួលប្ដីថ្មោងថ្មី ក្នុងពួកនាងទាំងនោះ មាន៥នាក់មានគំនិត ហើយ៥នាក់ល្ងង់ នាងល្ងង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនឹងប្រេងដាក់ក្នុងដបទៅជាមួយផង តែដោយព្រោះប្ដីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ លុះដល់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរសំរែកថា នែ ប្ដីមកហើយ ចូរចេញទៅទទួលចុះ ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ តែកំពុងដែលនាងទាំងនោះទៅទិញ ប្ដីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ ឯនាងព្រហ្មចារីឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ។