ម៉ាថាយ 25:1-10

ម៉ាថាយ 25:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ដូច្នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្រី្ត​ព្រហ្មចារី​ដប់​នាក់ ដែល​យក​ចង្កៀង​របស់​ខ្លួន ចេញ​ទៅ​ទទួល​កូន​កំលោះ។ ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​ល្ងង់ ហើយ​ប្រាំ​នាក់​មាន​គំនិត ដ្បិត​ពេល​ស្ត្រី​ល្ងង់​យក​ចង្កៀង​ទៅ ពួក​នាង​មិន​បាន​យក​ប្រេង​ទៅ​ជាប់​ជា​មួយ​ទេ តែ​ស្ត្រី​មាន​គំនិត​វិញ ពួក​នាង​បាន​យក​ចង្កៀង មាន​ទាំង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ។ ពេល​កូន​កំលោះ​ក្រ​មក​ដល់ ពួក​នាង​ទាំង​នោះ​ក៏​ងោក‌ងុយ ហើយ​ដេក​លក់​ទៅ។ លុះ​ដល់​កណ្តាល​អធ្រាត្រ មាន​គេ​ស្រែក​ឡើង​ថា "មើល៍ កូន​កំលោះ​មក​ហើយ! ចូរ​ចេញ​ទៅ​ទទួល​លោក!" ស្រី្ត​ព្រហ្មចារី​ទាំង​នោះ​ក៏​ភ្ញាក់​ឡើង ហើយ​រៀបចំ​ចង្កៀង​របស់​ខ្លួន។ ស្ត្រី​ល្ងង់​និយាយ​ទៅ​ស្ត្រី​មាន​គំនិត​ថា "សូម​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​របស់​យើង​ចង់​រលត់​ហើយ" តែ​ស្ត្រី​មាន​គំនិត​ឆ្លើយ​ថា "ទេ ប្រាកដ​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​យើង និង​សម្រាប់​ពួក​នាង​ទេ ចូរ​ពួក​នាង​ទៅ​រក​ផ្ទះ​លក់​ប្រេង ហើយ​ទិញ​សម្រាប់​ខ្លួន​ឯង​វិញ​ទៅ"។ កាល​ពួក​នាង​ទាំង​នោះ​កំពុង​ទៅ​ទិញ​ប្រេង កូន​កំលោះ​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​ពិធី​មង្គលការ​ជា​មួយ​កូន​កំលោះ រួច​គេ​បិទ​ទ្វារ​ជិត។

ចែក​រំលែក
អាន ម៉ាថាយ 25

ម៉ាថាយ 25:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​ទៅ​នឹង​ស្ត្រី​ក្រមុំ​ដប់​នាក់ ដែល​យក​ចង្កៀង​ចេញ​ទៅ​ទទួល​ស្វាមី។ ក្នុង​ចំណោម​ពួក​នាង​មាន​ប្រាំ​នាក់​ជា​ស្ត្រី​ឥត​គំនិត ប្រាំ​នាក់​ទៀត​ជា​ស្ត្រី​ឈ្លាស​វៃ។ ស្ត្រី​ឥត​គំនិត​យក​ចង្កៀង​ទៅ តែ​មិន​យក​ប្រេង​ទៅ​បង្ការ​ជា​មួយ​ទេ។ រីឯ​ស្ត្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅ មាន​ទាំង​ប្រេង​បង្ការ​ផង។ ដោយ​ស្វាមី​ក្រ​មក​ដល់ នាង​ទាំង​ដប់​នាក់​ងោក‌ងុយ​ពេក ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ។ លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​មាន​គេ​ស្រែក​ឡើង​ថា “ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!”។ ស្ត្រី​ក្រមុំ​ទាំង​នោះ​ក៏​ក្រោក​ឡើង​រៀបចំ​អុជ​ចង្កៀង។ ស្ត្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ត្រី​ឈ្លាស​វៃ​ថា “សុំ​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ”។ ស្ត្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា “ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឲ្យ​ពួក​នាង ក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង សម្រាប់​ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។ នៅ​ពេល​ស្ត្រី​ឥត​គំនិត​ទាំង​ប្រាំ​ចេញ​ទៅ​រក​ទិញ​ប្រេង​ផុត​ទៅ ស្រាប់​តែ​ស្វាមី​មក​ដល់ ឯ​ស្ត្រី​ប្រាំ​នាក់​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច នាំ​គ្នា​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​លោក ហើយ​គេ​បិទ​ទ្វារ​ជិត។

ចែក​រំលែក
អាន ម៉ាថាយ 25

ម៉ាថាយ 25:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ នគរ​ស្ថាន‌សួគ៌​នឹង​បាន​ដូច​ជា​ស្រី​ព្រហ្មចារី​១០​នាក់ ដែល​យក​ចង្កៀង​រៀង​ខ្លួន ចេញ​ទៅ​ទទួល​ប្ដី​ថ្មោង‌ថ្មី ក្នុង​ពួក​នាង​ទាំង​នោះ មាន​៥​នាក់​មាន​គំនិត ហើយ​៥​នាក់​ល្ងង់ នាង​ល្ងង់​ទាំង​នោះ គេ​យក​តែ​ចង្កៀង​ទៅ តែ​មិន​បាន​យក​ប្រេង​ជាប់​នឹង​ខ្លួន​ផង​ទេ ឯ​ពួក​នាង​មាន​គំនិត​វិញ គេ​បាន​យក​ទាំង​ចង្កៀង ហើយ​នឹង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ​ផង តែ​ដោយ​ព្រោះ​ប្ដី​ក្រ​មក​ពេក បាន​ជា​នាង​ទាំង​នោះ​ងោក‌ងុយ ហើយ​ដេក​លក់​ទៅ លុះ​ដល់​កណ្តាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សំរែក​ថា នែ ប្ដី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ ស្រី​ព្រហ្មចារី​ទាំង‌ឡាយ​ក៏​ភ្ញាក់​ឡើង រៀបចំ​ចង្កៀង​រៀង​រាល់​ខ្លួន ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សំរាប់​ខ្លួន​វិញ​ទៅ តែ​កំពុង​ដែល​នាង​ទាំង​នោះ​ទៅ​ទិញ ប្ដី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បំរុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​គ្នា រួច​គេ​បិទ​ទ្វារ

ចែក​រំលែក
អាន ម៉ាថាយ 25