ម៉ាថាយ 23:27-39
ម៉ាថាយ 23:27-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបស ខាងក្រៅមើលឃើញស្អាត តែខាងក្នុងពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់បែបយ៉ាង។ អ្នករាល់គ្នាក៏ដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតចំពោះមនុស្ស តែខាងក្នុងអ្នករាល់គ្នាពេញដោយសេចក្តីពុតត្បុត និងសេចក្តីទុច្ចរិត។ វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសង់ផ្នូររបស់ពួកហោរា ហើយតុបតែងផ្នូររបស់ពួកមនុស្សសុចរិត ដោយពោលថា "ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរសរបស់យើង នោះយើងមិនបានរួមគំនិតជាមួយពួកគាត់ ដើម្បីកម្ចាយឈាមពួកហោរាទេ"។ ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងថា អ្នករាល់គ្នាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ហោរាទាំងនោះ។ ដូច្នេះ ចូរបំពេញរង្វាល់បុព្វបុរសរបស់អ្នករាល់គ្នាចុះ។ ឱពួកសត្វពស់ ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការកាត់ទោស ឲ្យធ្លាក់នរកដូចម្តេចបាន? ដោយហេតុនេះ ខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ និងពួកអាចារ្យ ឲ្យមករកអ្នករាល់គ្នាហើយក្នុងចំណោមអ្នកទាំងនោះ ខ្លះត្រូវអ្នករាល់គ្នាសម្លាប់ ហើយឆ្កាង ខ្លះត្រូវអ្នករាល់គ្នាវាយនឹងរំពាត់នៅក្នុងសាលាប្រជុំ ព្រមទាំងដេញតាមព្យាបាទគេ ពីក្រុងមួយទៅក្រុងមួយ ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅលើផែនដី ធ្លាក់មកលើអ្នករាល់គ្នា តាំងពីឈាមរបស់លោកអេបិល ជាមនុស្សសុចរិត រហូតដល់លោកសាការី ជាកូនលោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះទីបរិសុទ្ធ និងអាសនា។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើទាំងអស់នោះនឹងធ្លាក់មកលើមនុស្សជំនាន់នេះវិញ»។ «ឱយេរូសាឡិម យេរូសាឡិមជាក្រុងដែលសម្លាប់ពួកហោរា ហើយយកថ្មគប់ពួកអ្នកដែលព្រះបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់អ្នកមក ដូចមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប តែអ្នកមិនព្រមទេ! មើល៍! ផ្ទះរបស់អ្នករាល់គ្នាត្រូវទុកចោល ឲ្យនៅស្ងាត់ជ្រងំ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត រហូតទាល់តែអ្នករាល់គ្នានិយាយថា "សូមព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ "»។
ម៉ាថាយ 23:27-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។ អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្តែងឫកពារខាងក្រៅឲ្យមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត ដោយពោលថា: “ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស* នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកព្យាការីឡើយ”។ អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាឲ្យបានសម្រេចទៅ! នែ ពួកពស់ពូជពស់វែកអើយ! ធ្វើម្ដេចឲ្យអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរកបាន? ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និងអាចារ្យឲ្យមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និងវាយធ្វើបាបខ្លះក្នុងសាលាប្រជុំ* ព្រមទាំងតាមបៀតបៀនគេពីក្រុងមួយទៅក្រុងមួយផង។ ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ* និងអាសនៈ*។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។ «អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី* និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ ហេតុនេះ ផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ពីពេលនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថា: “សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងនាមព្រះអម្ចាស់!” »។
ម៉ាថាយ 23:27-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច នឹងសេចក្ដីស្មោកគ្រោកគ្រប់មុខវិញ អ្នករាល់គ្នាក៏បែបដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្ដីកំពុត នឹងសេចក្ដីទទឹងច្បាប់ទទេ វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាធ្វើម៉ុងពួកហោរា ហើយតាក់តែងផ្នូររបស់ពួកមនុស្សសុចរិត ដោយថា បើយើងបានរស់នៅក្នុងជំនាន់ពួកឰយុកោយើង នោះយើងមិនបានចូលដៃនឹងគាត់ ដើម្បីកំចាយឈាមពួកហោរាទេ ដូច្នេះ អ្នករាល់គ្នាធ្វើជាបន្ទាល់ទាស់នឹងខ្លួនថា អ្នករាល់គ្នាជាកូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះ ឯអ្នករាល់គ្នា ចូរបំពេញរង្វាល់របស់ពួកឰយុកោនៃអ្នករាល់គ្នាចុះ ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន ដោយហេតុនោះបានជាខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ នឹងពួកអាចារ្យ ឲ្យមកឯអ្នករាល់គ្នាៗនឹងសំឡាប់ ហើយឆ្កាងខ្លះ ក៏វាយខ្លះនឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ហើយធ្វើទុក្ខបៀតបៀនគេ ពីក្រុង១ទៅដល់ក្រុង១ ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅផែនដី បានធ្លាក់មកលើអ្នករាល់គ្នាវិញ តាំងពីឈាមរបស់អេបិល ជាអ្នកសុចរិត ដរាបដល់សាការី ជាកូនបារ៉ាគា ដែលអ្នករាល់គ្នាបានសំឡាប់នៅកណ្តាលព្រះវិហារ ហើយនឹងអាសនា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើទាំងនោះនឹងធ្លាក់មកលើមនុស្សដំណនេះវិញ។ ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ ឯងដែលសំឡាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ដរាបដល់កាលណាអ្នករាល់គ្នានិយាយថា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ។