ម៉ាថាយ 23:1-4
ម៉ាថាយ 23:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់មហាជន និងពួកសិស្សរបស់ព្រះអង្គថា៖ «ពួកអាចារ្យ និងពួកផារិស៊ី គេអង្គុយនៅកន្លែងរបស់លោកម៉ូសេ ដូច្នេះ ចូរប្រព្រឹត្ត ហើយកាន់តាមអ្វីៗដែលគេបង្រៀនអ្នករាល់គ្នាចុះ ប៉ុន្តែ កុំត្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រព្រឹត្តតាមសេចក្ដីដែលគេបង្រៀននោះទេ។ គេចងបន្ទុកយ៉ាងធ្ងន់ ដែលពិបាកនឹងទទួល ហើយដាក់លើស្មាមនុស្ស តែខ្លួនគេមិនទាំងព្រមលើកម្រាមដៃជួយសម្រាលបន្ទុកនោះផង។
ម៉ាថាយ 23:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងពួកសិស្ស*ថា៖ «ពួកអាចារ្យ* និងពួកផារីស៊ី* មានភារកិច្ចបង្រៀនគម្ពីរវិន័យរបស់លោកម៉ូសេ*។ អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្ដាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្ដីដែលគេបង្រៀននោះទេ។ អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្តិចបន្តួចក៏មិនជួយផង។
ម៉ាថាយ 23:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ព្រះយេស៊ូវទ្រង់មានបន្ទូលនឹងហ្វូងមនុស្ស ហើយនឹងពួកសិស្សទ្រង់ថា ពួកអាចារ្យ នឹងពួកផារិស៊ី គេបានតាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ ដូច្នេះ គ្រប់ទាំងសេចក្ដីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ ហើយប្រព្រឹត្តតាមចុះ ប៉ុន្តែកុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ ពីព្រោះគេចងបន្ទុកយ៉ាងធ្ងន់ ដាក់លើស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំងយកម្រាមដៃឆ្កឹះបន្ទុកនោះផង